![]() |
ក្បួនដង្ហែរមកដល់រង្វង់មូលសម្តេចសង្ឃរាជ ជួន ណាត |
រាជធានីភ្នំពេញ៖ ក្នុងឱកាសរំលឹកខួបលើកទី១២៥ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១១ នេះ កម្មករ កម្មការិនី ប្រមាណជា៣០០០នាក់ មកពីគ្រប់វិស័យបាន មកជួបជុំគ្នានិងធ្វើការដង្ហែរក្បួន ពីសួនច្បារខាងកើត ក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិ ឆ្ពោះទៅកាន់មុខរដ្ឋភាជាតិ ដើម្បីអបអរសាទរ ទិវាពលកម្មអន្តរជាតិផង និងដើម្បីដាក់សំណើរជូនរដ្ឋសភាជាតិ រាជរដ្ឋាភិបាល និងដាក់ញាតិជូនក្រសួងយុត្តិធម៌។
យោងតាមសម្តីលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានឲ្យដឹងថាសហភាពការងារកម្ពុជា ដែលមានឈ្មោះហៅកាត់ថា CLC ជាអង្គការវិជ្ជាជីវៈឯករាជ្យ មានសមាជិកប្រមាណ៦០០០០ (ប្រាំមួយម៉ឺន) នាក់ មកពីសហព័ន្ធសហជីព និងសមាគមចំនួន ៧ បានពិនិត្យឃើញថា ប្រមាណ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ ស្ថានភាពសិទ្ធិការងារកាន់តែអាក្រក់ទៅៗ ឧទាហរណ៍ដូចជាការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពដាក់គុក ប្តឹងថ្នាក់ដឹកនាំសហជីពទៅតុលាការ បញ្ឈប់ថ្នាក់ដឹកនាំសហជីព ការប្រើកិច្ចសន្យាខ្លី ការរើសអើងការបង្កើតសហគមន៍-សមាគម កសិករ គ្រូបង្រៀន និងមន្ត្រីរាជការ
ការឡើងថ្លៃនៃទំនិញគ្រប់យ៉ាង (រួមមានប្រសាំង) ជាមួយនឹងការផាកពិន័យពីសំណាក់មន្រ្តីនរគបាលចរាចរណ៍មួយចំនួន ទៅលើអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងឡានតាក់ស៊ី លើសពីសៀវភៅបន្ទុកជាដើម។
លោក អាត់ ធន់ បានបន្តទៀតថា កម្មករសំណង់ និងកម្មករក្នុងវិស័យសេវាកម្ម ដូចជាតាមភោជនីដ្ឋាននានាជាដើម ក៏មិនបានទទួលការការពារ លក្ខខណ្ឌការងារល្អ ការងារមានសន្តិសុខ និងការកំណត់ប្រាក់ឈ្នួលអប្បរមានៅឡើយទេ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល បាននឹងកំពុងរៀបចំបង្កើតច្បាប់សហជីព និងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលជាហេតុនាំឲ្យមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ពីសំណាក់សកម្មជនការពារសិទ្ធិមនុស្សនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា សហព័ន្ធសហជីព និងសមាគម ដែលជាសមាជិករបស់ សហភាពការងារកម្ពុជា រួមមាន៖ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(C-CAWDU) សហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍និងសេវាកម្មកម្ពុជា(CTSWF) សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា(CICA) សមាគមកសិករ(FAPD) សហព័ន្ធសហជីពចំណីអាហារនឹងសេវាកម្មកម្ពុជា(CFSWF) និងសហព័ន្ធសហជីពវិស័យសំណង់នឹងព្រៃឈើ(BWTUC)។
លោក អាត់ ធន់ ក៏បានលើកឡើងទៀតថា ទិវាពលកម្មអន្តរជាតិ លើកទី១២៥ ឆ្នាំនេះ សហភាពការងារកម្ពុជាដើរលើបរិបទថ្មីមួយគឺ កម្មករនិងសហជីព ទាមទារឲ្យមានការយកចិត្តទុកដាក់ និងការងារផលប្រយោជន៍របស់ពួកគាត់ ព្រមទាំងធ្វើកំណែទំរង់សេដ្ឋកិច្ចជួនមនុស្សជាតិ។ ដូច្នេះហើយយើងបានដាក់សំណើរទៅកាន់រដ្ឋសភាជាតិ រដ្ឋាភិបាល និងញាតិទៅកាន់ក្រសួងយុតិធម៌ ចំនួន១០ចំនុចដូចខាងក្រោម៖
- រាជរដ្ឋាភិបាលត្រូវ បញ្ឈប់រាល់ការប៉ុនប៉ងបង្កើតច្បាប់ ដែលរឹតត្បិតសេរីភាពសហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
- រាជរដ្ឋាភិបាលត្រូវ កំណត់ប្រាក់ឈ្នួលរស់នៅសមរម្យសម្រាប់គ្រប់វិស័យ ជាពិសេសវិស័យសេវាកម្មនិងសំណង់
- រាជរដ្ឋាភិបាលត្រូវដាក់ចេញនូវការសម្រេចមួយឲ្យក្រុមហ៊ុនទាំងអស់បញ្ឈប់ការប្រើប្រាស់កិច្ចសន្យាខ្លី និងម៉ៅការបន្តខុសច្បាប់
- សូមរាជរដ្ឋាភិបាល និងនិយោជក បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែងចាប់ខ្លួនសកម្មជនសហជីព និងសិទ្ធិមនុស្ស
- សូមឲ្យមានការដោះលែងលោក សួស សន្ថា ប្រធានសហជីព ឲ្យមានសេរីភាពឡើងវិញ ព្រោះវាជាការចោទប្រកាន់ដ៏អយុត្តិធម៌
- រាជរដ្ឋាភិបាលត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាពចំពោះក្រុមហ៊ុនចំនួន១៣ ឲ្យទទួលយកកម្មករចំនួន១៤០នាក់ ដែលត្រូវបានបញ្ឈប់ដោយសារតែការចូលរួមកូដកម្មទាមទារប្រាក់ឈ្មួលការពីថ្ងៃទី ១៣ ដល់ ១៦ ខែកញ្ញា ឆ្នាំ២០១០ ចូលធ្វើការវិញ។
- រាជរដ្ឋាភិបាលត្រូវបង្កើតតុលាការការងារ ដើម្បីធានាដល់យុតិ្តធម៌ការងារនៅក្នុងសង្គមឲ្យបានឆាប់
- រាជរដ្ឋាភិបាលត្រូវគ្រប់គ្រង និងពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ និងប្រព័ន្ធសន្តិសុខសង្គមសំរាប់កម្មករគ្រប់វិស័យ ជាពិសេស វិស័យសំណង់ សេវាកម្ម និងអ្នកប្រមូលសំរាម
- រាជរដ្ឋាភិបាលត្រូវរៀបចំ បញ្ចុះតំលៃប្រេងសាំងមកត្រឹម ៣០០០រៀល ក្នុងមួយលីត្រ និងតំលៃទំនិញទីផ្សារដែលជាតម្រូវការចាំបាច់របស់ប្រជាជន
- រាជរដ្ឋាភិបាលត្រូវពិនិត្យឡើងវិញចំពោះមន្រ្តីរបស់ខ្លួនជាពិសេសមន្ត្រីប៉ូលីសចរាចរណ៍ដែល ធ្វើការផាកពិន័យបង្ខំឲ្យបង់ប្រាក់លើសពីច្បាប់កំណត់
លោក អាត់ ធន់ បានបញ្ជាក់ឲ្យដឹងថា សហភាពការងារកម្ពុជា បានធ្វើលិខិតអញ្ជើញ អ្នកតំណាងរាស្រ្តចំនួនបីរូបរួមមាន ឯកឧត្តម ជាម យៀប តំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម កឹម សុខា តំណាងរាស្រ្តគណបក្ស សិទ្ធិមនុស្ស និងឯកឧត្តម គង់ គាំ តំណាងរាស្រ្តគណបក្ស សមរង្ស៊ី ប៉ុន្តែជាក់ស្តែង មានតែអ្នកតំណាងរាស្រ្តមកពីគណបក្ស សមរង្ស៊ី ប៉ុណ្ណោះដែលមានវត្តមាន។
![]() |
ក្បួនដែង្ហបានមកជួបជុំគ្នានៅខាងមុខ រដ្ឋភាពដើម្បីសម្តែងនូវទុក្ខសោករបស់កម្មករ កម្មការិនី |
បន្ទាប់ពីការថ្លែងសុន្ទរកថា របស់តំណាងសហភាព សហព័ន្ធ សមាគម អង្គការក្រៅរដ្ឋាភិបាល និងអ្នកតំណាងរាស្រ្តរួចមក តំណាងសហភាពដែលមានលោក អាត់ ធន់ ព្រមទាំងតំណាងសហព័ន្ធ និងសមាគម ក៏បានយកសំណើរទៅដាក់ជូន រដ្ឋសភាជាតិ និងយកញាតិទៅក្រសួងយុត្តិធម៌ ប៉ុន្តែមានតែសំណើរទៅរដ្ឋសភាជាតិប៉ុណ្ណោះត្រូវបានទទួលយក ដោយឡែកញាតិដែលបញ្ជូនទៅក្រសួងយុត្តិធម៌មានការយឺតយាវពេក ជាហេតុធ្វើខកខានជួបជាមួយនឹងអ្នកទទួលពាក្យ។
លោក អាត់ ធន់ តំណាងសហភាពការងារកម្ពុជា បានមានប្រសាសន៍ថា លោកនឹងព្យាយាមជាថ្មីម្តងទៀតនៅថ្ងៃអង្គារ៍ សប្តាហ៍ក្រោយ តែទោះជាយ៉ាងណាលោកមានការសប្បាយរីករាយជាខ្លាំង និងថ្លែងអំណរគុណចំពោះ ការគាំទ្រពីសំណាក់អាជ្ញាធរ អង្គការក្រៅរដ្ឋាភិបាល និងជាពិសេសអ្នកតំណាងរាស្រ្ត ដល់សកម្មភាពរបស់កម្មករ កម្មការិនីក្នុងឱកាសទិវាពលកម្មអន្តរជាតិលើកទី១២៥នេះ។
តំណាងសហភាពកម្ពុជា លោក អាត់ ធន់ សង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលនឹងព្យាយាមដោះស្រាយសំណើរទាំង១០ខាងលើ និងនៅតែបន្តសហការណ៍និងគាំទ្រសកម្មភាពរបស់ សហភាព គ្រប់ពេលវេលា៕