Wednesday, June 20, 2012

សុបិនអ្នកក្រ


          ឃើញរូបដូនចាស់គេងលើដី                              កាយស្គមរីងរៃគ្មានវិញ្ញាណ
          ដាក់ខ្លួនប្រែប្រាណស្រែកឧទាន                         នែវើយអ្នកមានទាំងអស់គ្នា។ 
​         សព្វថ្ងៃផែនដីប្រែប្រួលខ្លាំង                               រញ្ជួយប្រណាំងព្យុះព្យោមា
          រលកយក្សកំណាចស្លាប់ប្រជា                            រាំងជន់ឥតធាកើតហូរហែរ។
          ដូនចាស់បើកភ្នែកដោយកំហឹង                          យើងប្រាប់ឲ្យដឹងបើមិនកែរ
          នោះលោកអ្នកមាននៅស្រុកខ្មែរ                         មិនផុតពីតែបណ្តាសារ៍។
          ខ្មោចព្រាយបីសាចជាម្ចាស់ព្រៃ                          នាំកូនប្រុសស្រីចាកព្រឹក្សា
          ខឹងផងជេផងដល់អ្នកណា                                ឲ្យគេកាប់ឆ្ការលំនៅខ្លួន។
          ដូនចាស់អង្គុយស្រែកបន្ត                                  អាណិតអ្នកក្រធា្លប់ពឹងពួន
          អាស្រ័យផលព្រៃមិនរុកគួន                               រក្សាថែរថួនទុកជាផ្ទះ។
          ឱលោកអ្នកមានឃ្លានមិនចប់                             ប៉ុន្មានទើបស្កប់ចាល់ក្រពះ
          ដូនចាស់ដូចខ្ញុំសែនកម្មក្រាស់                            ផែនដីមិនឈ្នះចិត្តលោភលន់។      
          បើអភិវឌ្ឍបំផ្លាញព្រៃ                                        គួគិតលកលៃទុកជាមុន
          កុំយកធម្មជាតិជាដើមទុន                                  កាប់ព្រៃលក់មុនដីលក់ក្រោយ។
          លូចគេងចំណេញលើធម្មជាតិ                            គេងឥតរបៀបគៀបអ្នកខ្សោយ
          ទោះមនុស្សម៉ឺនាក់ឃ្លានក៏ដោយ                         អញមិនខ្វល់ឡើយឡូយតែអញ៕

និពន្ធដោយ៖ កវីសហគមន៍

Tuesday, June 5, 2012

សហគមន៍បឹងកក់ដាក់ញ្ញាតិថ្វាយព្រះមហាក្សត្រឲ្យជួយដោះលែងតំណាងទាំង១៥នាក់

សហគមន៍បឹងកក់ដាក់ញ្ញាតិថ្វាយព្រះមហាក្សត្រឲ្យជួយដោះលែងតំណាងទាំង១៥នាក់
អ្នក​ភូមិ​បឹង​កក់​ និង​កូនៗរបស់តំណាង​ដែល​ជាប់​គុក​ព្រៃស​ ប្រមាណជា ១០០នាក់ជាង បាន​នាំ​គ្នា​មក​មុខ​ព្រះ​បរមរាជវាំង​ សុំ​អង្វរ​ក​ដល់​​ព្រះ​មហា​ក្សត្រ​ជួយ​ដោះ​លែង​ម្តាយ​ពួក​គេ ដែលជា​​តំណាង​​អ្នកភូមិ​បឹងកក់​ទាំង ១៥នាក់ នៅព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១២។

គោល​បំណង​ពួក​​គាត់​គឺ​​ដើម្បី​​ដាក់​​ញ្ញាតិ​​ថ្វាយព្រះបាទ នរោត្តម​ សីហមុន្នី​ ប៉ុន្តែ​មិន​មាន​តំណាង​ពី​​ព្រះបរមរាជវាំងចេញ​​មក​ជួប​ទេ។

Friday, June 1, 2012


សេចក្តីប្រកាសរួម
ត្រូវតែបញ្ឈប់វប្បធម៌និងទណ្ឌភាពនិងអំពើហឹង្សា

រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែឩសភា ឆ្នាំ២០១២- យើងខ្ញុំជាអង្គការសង្គមស៊ីវីល ជាតិ និង​ អន្តរជាតិ ដែលមាន ឈ្មោះនៅក្នុងសេចក្តីថ្លែងការណ៍នេះ សូមថ្កោលទោសចំពោះការប្រើកម្លាំងប្រដាប់អាវុធ និងការកើនឡើងនូវ អំពើហឹង្សា ប្រឆាំងនឹងប្រជាពលរដ្ឋដែលទាមទារ ការពារសិទ្ធិរបស់ពួកគាត់ លើសិទ្ធិដីធ្លី សិទ្ធិធនធានធម្មជាតិ សិទ្ធិការងារ។ (សូមទាញយករូបភាពខាងក្រោមសំរាប់ព័ត៌មានបន្ថែម)


Tuesday, May 29, 2012

សេចក្តីថ្លែងការណ៍រួមរបស់បណ្តាញសហគមន៍កម្ពុជា


សេចក្តីថ្លែងការណ៍រួមរបស់បណ្តាញសហគមន៍កម្ពុជា
ទាមទារឲ្យដោះលែងអ្នកភូមិបឹងកក់ និងបញ្ឈប់ការតាមចាប់ខ្លួ​ន អ្នកការពារសិទ្ធិមនុស្ស និងលំនៅដ្ឋាន ព្រមទាំងថ្កោលទោសចំពោះអំពើរំលោភ​សិទិ្ធមនុស្ស យ៉ាងធ្ងន់ធ្ងរ ដែលបានប្រព្រឹត្តិដោយមន្រ្តី និងភ្នាក់ងាររាជរដ្ឋាភិបាលកម្ពុជា
-----------

            យើងខ្ញុំជាបណ្តាញសហគមន៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា រួមមានបណ្តាញកសាង សន្តិភាព សហគមន៍ បណ្តាញឱរ៉ាល់ បណ្តាញសហគមន៍ព្រឡង់ បណ្តាញស្ករអំពៅ បណ្តាញនេសាទ បណ្តាញ សហគមន៍ ភ្នំដងរ៉ែក បណ្តាញជនសកម្មជនជាតិដើមភាគតិចអាយរ៉ាម បណ្តាញភ្នំគុក សូមអំពាវនាវដល់ រដ្ឋាភិបាលដោះលែងសហគមន៍បឹងកក់ និងបញ្ឈប់ការ តាមចាប់ខ្លួន គំរាមកំហែង​អ្នកការពារ​សិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ និងលំនៅដ្ឋាន និងថ្កោលទោសចំពោះអំពើរំលោភ​សិទិ្ធមនុស្ស យ៉ាងធ្ងន់ធ្ងរ ដែលបាន ប្រព្រឹត្តិដោយមន្រ្តី និង​ភ្នាក់ងាររាជរដ្ឋាភិបាលកម្ពុជា ​ដែលបាន​បណ្តេញប្រជាពលរដ្ឋ ចេញពីលំនៅដ្ឋាន ប្រើអំពើហិង្សាបង្រ្កាបបាតុកម្មដោយសន្តិវិធី​ បាញ់​ប្រហារជីវិត​​មនុស្ស​យ៉ាងអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋ ចំនួនរងរបួស ខ្លះត្រូវបានចាប់ខ្លួន​ដាក់​ពន្ធនាគារ ដោយ​ពុំមានការស៊ើប​អង្កេតឲបានត្រឹមត្រូវ​ ព្រមទាំង ស្វែងរកចាប់ខ្លួនបន្ត​លើតំណាង​សហគមន៍​ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និងរឹបអូស​យកដីធ្លីប្រជាពលរដ្ឋ ដោយមិនបានផ្តល់​នូវសំណងសមរម្យ។​
យើងខ្ញុំជាបណ្តាញសហគមន៍សង្កេតឃើញថា ការរំលោភសិទិ្ធមនុស្ស​ដូចរៀបរាប់​ខាង​លើនេះ​ រាជរដ្ឋាភិបាលខកខានមិនបានស៊ើបអង្តេតឲបានត្រឹមត្រូវ យុត្តិធម៌​ និងផ្តល់ការ​ដោះស្រាយ​ជូនប្រជា​ពលរដ្ឋឲ្យបានពេញលេញទេ។ យើងខ្ញុំមានការព្រួយបារម្ភ​ជុំវិញ​បញ្ហាទំនាស់ដីធ្លី​ ការបំផ្លាញធនធាន​ធម្មជាតិនានា ដោយរាជរដ្ឋាភិបាល​បានប្រើប្រាស់កំលាំងប្រដាប់អាវុធ ដើម្បីការពារប្រយោជន៍​របស់​ក្រុមហ៊ុនជាជាងការពារប្រជាពលរដ្ឋ ហើយកងកំលាំងប្រដាប់អាវុធ​ទាំងអស់នោះមិនបានអនុវត្ត​និតិ​វិធីច្បាប់នោះទេ ចំណែកស្ថាប័នតុលាការបានចោទប្រកាន់ និង​សំរេចផ្តន្ទាទោស ដាក់គុកប្រជាពលរដ្ឋ ដោយមិនបានឈរលើមូលដ្ឋានច្បាប់ និងភាពឯករាជរបស់ខ្លួនទេ​ ជាក់ស្តែងត្រឹមពាក់កណ្តាលឆ្នាំ២០១២​មានករណីខាងលើបានកើតមានជាច្រើនដូចជា៖

១-កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញបានសំរេចឃុំខ្លួន​យ៉ាង​ប្រញាប់ប្រញាល់ ទៅលើតំណាងសហគមន៍បឹងកក់​ ចំនួន ​១៥ នាក់ ដោយសារតែពួកគាត់​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន ដើម្បីតវ៉ាទាមទារដីធ្លី​ ដែលត្រូវបានរឹបអូសយក​ដោយក្រុមហ៊ុន Shukaku Inc​ ហើយ​ចោទ​ប្រកាន់ពួកគាត់ពី​បទ ​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​អចលនវត្ថុ​របស់​នីតិបុគ្គល​សាធារណៈ និង​បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់​ទោស។
២-ការបាញ់សំលាប់ទៅលើកុមារី ហេង ចន្ថា អាយុ១៤ ឆ្នាំ ដោយកងកំលាំងប្រដាប់អាវុធ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២​ ក្នុងពេល​បណ្តេញប្រជាពលរដ្ឋចេញ​ពីផ្ទះ​សំបែង នៅស្រុក​ឆ្លូង ខេត្តក្រចេះ។ ទង្វើនេះគឺជាការសំលាប់មនុស្សក្រៅច្បាប់។ ករណីនេះផងដែរប្រជាបលរដ្ឋចំនួន ៨​ នាក់​ ត្រូវបានចាប់ឃុំខ្លួន ហើយមនុស្ស​ ៥ នាក់ផ្សេងទៀត​កំពុងតាមស្វែងរកចាប់ខ្លួន។​
៣-លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងបរិដ្ឋាន ត្រូវបានបាញ់​សំលាប់​ក្រៅច្បាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ក្នុងសកម្មភាពដែលកងកំលាំង ប្រដាប់អាវុធ​ទប់ស្កាត់មិនឲលោកចូលយកពត៏មាន នៅកន្លែងកាប់ឈើមួយកន្លែង នៅចំណុច វាលបី​ ភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌល​សីម៉ា ខេត្តកោះកុង​ ។​ ករណីនេះ មិនបានធ្វើការស៊ើបអង្កេត​អំពីអំពើបាញ់​ប្រហារដែលប្រព្រឹត្តិឡើងដោយឃាតករឲបាន ច្បាស់លាស់ទេ។
៤-កម្មការិនី​ចំនួន​ ៣ នាក់​ទទួលរងការបាញ់ប្រហារពីមន្រ្តីរាជរដ្ឋាភិបាល បណ្តាលឲ្យ រងរបួស​ក្នុង​សកម្មភាពបាញ់បង្ក្រាបបាតុកម្មដោយសន្តិវិធីរបស់កម្មករ ក្នុងការទាមទារឲ្យមានការ ដោះស្រាយ​ ​ការ​រំលោភ​​សិទ្ធិ​ការងារ នៅក្រុងបាវិត កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។ ករណីនេះជា​អំពើហិង្សា​ដោយ​ចេតនា តែតុលាការមិនបានស៊ើប​បអង្កេត​ករណី​នេះឲ្យបានហ្មតចត់ និងត្រឹមត្រូវទេ បែជាចោទ​ប្រកាន់ជន​ប្រព្រឹត្តថា​បង្កហេតុដោយអចេតនា​ទៅវិញ។
៥-កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០១២ កងកំលាំងប្រដាប់អាវុធបានបាញ់ប្រហារប្រង្ក្រាបទៅ​លើក្រុម​ប្រជាពលរដ្ឋដែលបានធ្វើបាតុកម្មទាមទារឲ្យមានការដោះស្រាយវិវាទដីធ្លីនៅស្រុក​ស្នួល ​ខេត្តក្រចេះ ​ជាមួយនឹងក្រុមហ៊ុន TTY Co, LTD បណ្តាលឲប្រជាពលរដ្ឋ​ ចំនួន ៤​ នាក់ រងរបួស​ជាទំងន់។​ នេះបង្ហាញ​ឲឃើញអំពីវប្បធម៏បង្ក្រាបដោយហឹង្សារបស់កងកំលាំងប្រដាប់​អាវុធ​មកលើ​បាតុកម្មដោយ​សន្តិវិធី​ក្នុង​ប្រទេសកម្ពុជា។
យើងខ្ញុំយល់ឃើញថាសកម្មភាពខាងលើនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់​ដំណើរការ គោរពសិទ្ធិមនុស្ស និតិរដ្ឋ មិនធ្វើឲ្យប៉ះពាលពាល់មុខមាត់ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន។
យើងខ្ញុំបណ្តាញសហគមន៍ សូមអំពាវនាវ និងទាមទារដល់រាជរដ្ឋាភិបាលកម្ពុជា មេត្តាៈ
  1. បញ្ឈប់ការ​ប្រើ​អំពើហិង្សាក្នុងការបង្ក្រាបបាតុកម្មតវ៉ាដោយសន្តិវិធី និងធ្វើការស៊ើបអង្កេតករណី​បាញ់​ប្រហារ​អ្នកការពារដីធ្លី នធនធានធម្មជាតិ លំនៅដ្ឋានរបស់ខ្លួន ។
  2. ដោះលែងជាបន្ទាន់​ចំពោះអ្នកភូមិ​បឹងកក់​ ចំនួន ១៥ នាក់​​ និងអ្នកដែលត្រូវបាន​ចាប់​ឃុំ​ខ្លួន​ដទៃផ្សេងទៀត ដែលគ្រាន់​តែ​ការពារដីធ្លី ធនធានធម្មជាតិ លំនៅដ្ឋាន និងតាមទារល័ក្ខ​ខណ្ឌ​ការងារ​សមស្របរបស់ខ្លួន ។​
  3. សូមបញ្ឈប់​ការតាម​ស្វែងរក ចាប់ខ្លួនតំណាង​ប្រជា​​ពល​រដ្ឋ​ដែលពាក់​ព័ន្ធ​​នឹងបញ្ហាដីធ្លី អ្នក​ការពារសិទ្ធិមនុស្ស អ្នកការពារធនធានធម្មជាតិ និងជំរុញ​ឲ្យមានការចាប់ខ្លួនជន​ល្មើស​​ដែលបាន​បាញ់ប្រហារ​ និងបាញ់​សំលាប់​ប្រជាពលរដ្ឋ មកធ្វើការ​ផ្តន្ទាទោសតាមច្បាប់​ ។
​​​          ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២
សំរាប់ព័ត៌មានបន្ថែមសូមទាក់ទងៈ
១-លោកសេង​​ សុខហេង តំណាងបណ្តាញកសាងសន្តិភាពសហគមន៍ CPN    ​​   
     ទូរស័ព្ទលេខៈ០៩២៣២៤៦៦៨
២-លោក ផល វណ្ណៈ តំណាងបណ្តាញស្ករអំពៅ ខេត្តកំពង់ស្ពឺ            ទូរស័ព្ទលេខៈ ០៩២៤២៧២២៤
៣​-លោក ស៊ឹម សៀន បណ្តាញព្រៃឡង់                                 ទូរស័ព្ទលេខៈ​ ០៩២ ៣៥៦៥៧៥

Tuesday, April 24, 2012

ព្រុះ​កំបុត​ត្បូង វាយ​លុកឃុំ​អញ្ចាញ​រូង

ផ្ទះ​មួយខ្នង​ក្នុង​ចំណោម​ផ្ទះ​៩ខ្នង​ក្នុង​ភូមិ​អណ្តូងរវាងដែល​រងការខូច​ខាត​ទាំង​ស្រុង
 ឃុំអញ្ចាញរូង ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង៖ រហូត​មកដល់​ពេល​នេះ យោង​តាម​របាយ​ដែល​ផ្តល់​ដោយ​លោក គឹម សេង តំណាង​សហគមន៍​ឃុំ​អញ្ចាញ​រូង​ និង​ជា​ប្រធាន​មជ្ឈមណ្ឌល សិក្សា​និង​អភិវឌ្ឍន៍​សហគមន៍ បាន​ឲ្យ​ដឹង​ថា ចំនួន​ផ្ទះ​ប្រជាពល​រដ្ឋ ដែល​រងគ្រោះ​ដោយ​សារ​ខ្យល់​ព្យុះ​កំបុត​ត្បូង បាន​កើន​ឡើង​ដល់​៥០ខ្នង​ផ្ទះ ក្នុង​នោះ ភូមិ អណ្តូង​រវាង​មាន​ ៣៥ខ្នង ផ្ទះដួល​ដល់​ដី​ចំនួន​ ៩​ខ្នង និង​របួស មនុស្ស ៤​នាក់​។ ភូមិព្រៃ​ព្រាល​មាន​៩​ខ្នង ដួល​ដល់​ដី៤ខ្នង និង​របួស​មនុស្ស ម្នាក់។ ភូមិ​អញ្ចាញ​រូង មាន​៦ខ្នង គ្មាន​មនុស្ស​របួស។

លោក​បាន​បន្ត​ទៀត​ថា​ ក្រៅ​ពី​ខូច​ខាត​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ នៅ​មាន​អាគារ​រដ្ឋបាល វត្ត​ សាលារៀន និង​ងាប់​សត្វ​ចិញ្ចឹម​មួយចំនួន​ទៀត​ផង​ដែរ។

ប្រជា​ពល​រដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​ព្យុះ​ទាំង​នោះ​ក៏​ត្រូវ​បាន​ ក្រុម​អង្គការ​ World Vison ប្រចាំ​នៅ​ខេត្ត​កំពង់​ឆ្នាំង ព្រមទាំង​កកាបាទ​ក្រហមកម្ពុជា បាន​ជួយ​ឧ​បត្ថម្ភជាស្បៀងអាហារ​និង​តង់​សំរាប់​ដោះស្រាយ​បញ្ហា​បណ្តោះ​អាសន្ន។

គួរ​រំលឹក​ផង​ដែរ​ថា ខ្យល់​ព្យុះ​នេះ​បាន​បោក​បង់​ទៅ​លើ​ភូមិ​ទាំង​បី​ក្នុង​ឃុំអញ្ចាញ​រូង ស្រុក​បរិបូណ៌ ខេត្ត​កំពង់​ឆ្នាំង​ ចំនួន​ពីរ​ដង​ផ្ទួនៗ កាល​ពី​រសៀល​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១២ វេលា​ម៉ោង​ប្រមាណ​ជា ៥​និង​២៥​នាទី។


Sunday, April 22, 2012

សហគមន៍រងទុក្ខព្រោះការអភិវឌ្ឍន៍ខុសទំនង


ទិដ្ឋភាព​សហគមន៍​ផ្លូវ​លេខ ៣៤៧ មើល​ពី​ក្នុង
ដោយ ពៅ បញ្ញា ថ្ងៃទី 20 ខែ មេសា ឆ្នាំ 2012
ការអភិវឌ្ឍន៍គឺជាមធ្យោបាយមួយក្នុងការដឹកនាំប្រកបដោយវិជ្ជាជីវៈ ជួយសង្គមជាតិ និងសេដ្ឋកិច្ច ជាតិ ឲមានការរីកចំរើន ខណៈពេលដែលប្រជាពលរដ្ឋមានជីវភាពសម្បូររុងរឿង។ ថ្វីបើការអភិវឌ្ឍន៍ ផ្តល់ គុណសម្បត្តិច្រើនអនេក តែវាក៏រមែងផ្តល់គុណវិបត្តិដែលមិនអាចជៀសផុតបានដែរ ។ ហើយ គុណ វិបត្តិទាំងនោះវានឹងកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ប្រសិនបើការអភិវឌ្ឍន៍គ្មានតម្លាភាព​ ជា ពិសេស​ សំរាប់ប្រជាពលរដ្ឋក្រីក្រ ។
សព្វថ្ងៃនេះ នៅក្នុងទីក្រុងភ្នំពេញ មានប្រជារាស្រ្តស្លូតត្រង់រាប់ម៉ឺននាក់ ត្រូវបានបណ្តេញចេញពីផ្ទះ សម្បែងដែលធ្លាប់រស់នៅបានសុខសាន្ត ឥឡូវក្លាយជាទុក្ខសោក ព្រោះតែការរំលោភបំពានចង់បាន ដីធ្លីពីសំណាក់អាជ្ញាធរ ពួកអ្នកមានអំណាច និងក្រុមហ៊ុនឯកជន​។ ប្រជាពលរដ្ឋដែលធ្លាប់តែរស់នៅ ក្នុងជីវភាពសាមញ្ញ នឹកស្មានអីពេលនេះ បែរនាំគ្នាចងក្រងបង្កើតសហគមន៍ដែលមានឈ្មោះរៀងៗ ខ្លួនទៅតាមស្ថានភាពដែលខ្លួនជួបប្រទះ រឺមជ្ឈដ្ឋានដែលខ្លួនធ្លាប់រស់នៅកន្លងមក ដោយសារតែ មានជម្លោះ និងការបំពានចង់បានដី​ ផ្ទះរបស់ពួកគាត់ពីសំណាក់អ្នកដទៃ ។
តួយ៉ាងដូចជា សហគមន៍មួយដែលមានឈ្មាះថា៖ ‌សហគមន៍ផ្លូវលេខ 347 ក៏កំពុងប្រឈមមុខ នឹង ការបណ្តេញចេញជាច្រើនលើកច្រើនសារមកហើយដែរ​។ វាមានទីតាំងស្ថិតនៅ ផ្លូវលេខ347 ភូមិ3 សង្កាត់បឹងកក់ទី1 ខណ្ឌទួល គោក រាជធានីភ្នំពេញ។ សហគមន៍នេះត្រូវបានបង្កើតឡើង នៅឆ្នាំ​ 2007 ដោយតំណាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋខ្លួនឯង ក្នុងគោលបំនងដើម្បីធ្វើការតវ៉ា និងទាមទារ លំនៅឋានស្របច្បាប់​ ជៀសផុតពីការបង្ខំឲចាកចេញពីសំណាក់អាជ្ញាធរមូលដ្ឋាន។​
បើតាមសំដីលោកស្រី ឯក ម៉ាលីនណា តំណាងសហគមន៍ផ្លូវ 347 បានថ្លែងឲដឹងថា កាលដើម ឡើយ ប្រជាពលរដ្ឋភាគច្រើនបានមកតាំងទីលំនៅ នៅទីនោះតាំងពីឆ្នាំ​​1990មកម្ល៉េះ ហើយមានអ្នក ខ្លះទៀត មករស់នៅយូរជាងនេះក៏មានដែរ ដោយគ្រួសារនីមួយៗមានមុខរបរផ្សេងៗពីគ្នាដើម្បី ចិញ្ចឹមជីវិត ដូច ជា កម្មកររោងចក្រកាត់ដេរ ធ្វើសំណង់ រត់ម៉ូតូឌុប រើសអេតចាយ លក់បាយសម្ល លក់អីវ៉ាន់ចាប់ហួយ កាត់សក់ អ៊ុតសក់ រីឯមួយចំនួនទៀតជាមន្ត្រីរាជការជាដើម។​ ក្រោយមក អាជ្ញាធរបានផ្តល់ដំណឹងថា សាលារាជធានីភ្នំពេញតំរូវឲធ្វើផ្លូវ 347 ក្នុងទំហំប្រមាណពី 30 ទៅ 40 ម៉ែត្រ ។
លោក​ស្រី​បាន​បន្ត​ទៀត​ថា នៅថ្ងៃទី 17 ដល់ 19 ខែ សីហា ឆ្នាំ 2007 អាជ្ញាធរមូលដ្ឋានរួមមាន ប្រធានភូមិ 3 ចៅសង្កាត់ បឹងកក់ទី1 អភិបាលរងខណ្ឌទួលគោក ព្រមទាំងមន្រ្តីខណ្ឌមួយចំនួនទៀត ចុះមកធ្វើការថតរូប និងយកក្រដាស មកឲផ្តិតមេដៃ ដោយគ្រាន់តែប្រាប់ប្រជាពលរដ្ឋនៅទីនោះថា​ ចុះមកធ្វើស្ថិតិ គ្រួសារប្រជាពលរដ្ឋដែល រស់នៅផ្លូវ 347។ បើយើងក្រឡេកមើលសកម្មភាព​របស់អជ្ញាធរវិញ ពួកគាត់ពិតជាខិតខំធ្វើការងារណាស់ បើទោះបីជាត្រូវនឹងថ្ងៃសៅរិ៍​ និងថ្ងៃអាទិត្យ ជាថ្ងៃ ឈប់សំរាក ក៏ដោយ ធ្វើយ៉ាងណាឲតែរួចរាល់ ដើម្បីប្រមូលស្នាមមេដៃប្រជាពលរដ្ឋ​ផ្លូវ347​ទាំងអស់ និងថតរូបឲបានគ្រប់ៗគ្នា ។
លោក​ស្រី​បានគូស​បញ្ជាក់ថា មានអាជ្ញាធរមួយចំនួន ដើរសុំផ្ទះ និងមាត់ទ្វារបន្ទប់ប្រជាពលរដ្ឋ ដើម្បីឲកូនក្មួយខ្លួនឯងបានថតរូបធ្វើ ស្ថិតិដូចគេឯងដែរ បើទោះបីជាមិនមានផ្ទះរស់នៅទីនោះក៏​ដោយ។ ជាក់ស្តែង លោកប្រធានភូមិ3 ឈ្មោះ គឹម​ សាបុល បានទៅសុំផ្ទះលោកស្រីផ្ទាល់​ដើម្បីឲក្មួយស្រីគាត់បានថតរូប តែត្រូវលោកស្រី បដិសេធ បន្ទាប់មកក៏ទៅសុំលោកស្រី ឌុំ សុភាព នៅតែត្រូវគេបដិសេធ គាត់ចេះតែបន្តសុំម្តងអ្នកនេះ ម្តងអ្នកនោះ រហូតក្មួយស្រីគាត់បានថតរូបធ្វើ​ស្ថិតិដូចប្រជាពលរដ្ឋដែលមានទីលំនៅជាក់ស្តែងដែរ ។
លោក​ស្រី​បាន​បន្តថា ប្រជាពលរដ្ឋខ្លះធ្វើការបញ្ចុះបញ្ចូលជាមួយអាជ្ញាធរ ដោយសុំមួយខ្នងផ្ទះ​របស់ខ្លួន ទទួលបានពីរទៅបី គ្រួសារ ហើយមានអាជ្ញាធរខ្លួនឯងក៏សំរួលជាមួយប្រជាពលរដ្ឋផងដែរ ដោយឲដំបូលផ្ទះខ្លះបានថត ពីរទៅបីឈ្មោះ រីឯអ្នកខ្លះទៀតឲតែមួយគ្រួសារប៉ុណ្ណោះទេ ។
ក្រុមគ្រួសារលោកស្រី ឯក ម៉ាលីនណា បានស្នើរសុំឲបាន4គ្រួសារ ព្រោះក្មួយស្រីរបស់គាត់បានរស់​ នៅជាមួយគាត់អស់ពេលជាច្រើនឆ្នាំមកហើយ ម្យ៉ាងមានប័ណ្ណបំបែកគ្រួសារត្រឹមត្រូវក្រោយពេល​មានស្វាមី​ តែត្រូវអភិបាលរងខណ្ឌទួលគោកឈ្មោះ ហោ ម៉ាលីន បដិសេធ។ រំលងបានប្រហែល​មួយសប្តាហ៍ក្រោយពេលចុះស្រង់ស្ថិតិគ្រួសាររួច អាជ្ញាធរបានអញ្ជើញក្រុមគ្រួសារលោកស្រី ម៉ាលីនណា ទៅធ្វើការសម្របសម្រួលនៅសាលាសង្កាត់បឹងកក់ទី1 ដោយព្រមតាមសំណើរផ្តល់​ឈ្មោះ 4គ្រួសារ និង បានយកក្រដាសកិច្ចសន្យាមកឲផ្តិតមេដៃ ។
លោកស្រីបានបញ្ជាក់ប្រាប់ថា៖ កិច្ចសន្យាដែលមានស្នាមមេដៃប្រជាពលរដ្ឋផ្លូវ 347 ទាំងអស់គ្នា ដែល អាជ្ញាធរបានអះអាងបញ្ជាក់ថាជាគំរោងអភិវឌ្ឍន៍ផ្លូវរបស់សាលារាជធានីភ្នំពេញនោះ តែតាម​អត្ថន័យពិត បែរទៅជាប្រជាពលរដ្ឋដាក់ពាក្យស្នើរសុំអភិបាលរាជធានីភ្នំពេញ ដោយឆ្លងតាមរយៈ​ប្រធានភូមិ3 ចៅសង្កាត់បឹងកក់ទី1 និងអភិបាលខណ្ឌទួលគោក​ ស្នើរសុំដោយស្ម័គ្រចិត្តរុះ​រើផ្ទះសម្បែងទៅនៅតំបន់ ថ្មីដោយគ្មានលក្ខខណ្ឌទៅវិញ ។
សហគមន៍​ផ្លូវ​លេខ​៣៤៧ មើល​ពីលើ
 ពេលអានខ្លឹមសារក្នុងកិច្ចសន្យាចប់សព្វគ្រប់ហើយ លោកស្រី ម៉ាលីនណា ព្រមទាំងក្មួយៗចាប់កាន់ ក្រដាស់កិច្ចសន្យានោះជាប់ ដើរចេញពីសាលាសង្កាត់បឹងកក់ទី1 ដោយទឹកមុខមាំ និងមិននិយាយអ្វី ទាំងអស់ សំដៅឆ្ពោះមកផ្ទះតែមួយមុខគត់ ។
ប្រជាពលរដ្ឋខ្លួនឯងក៏បានឮដំណឹងថាចាញ់បោកអាជ្ញាធរ ពួកគាត់ភាគច្រើនបានត្រឹមខឹងសំបារ ប៉ុន្តែ នៅខ្លាចអាជ្ញាធរ មានតែប្រជាពលរដ្ឋចំនួនប្រាំបួនខ្នងផ្ទះប៉ុណ្ណោះហ៊ានចេញមុខធ្វើលិខិត​ប្តឹងបដិសេធ សម្នើរទាំងនោះ បញ្ជូនទៅអង្គការសង្គមស៊ីវិល អភិបាលរាជធានីភ្នំពេញ អភិបាល​ខណ្ឌទួលគោក និងប្រធានភូមិ3 ។
មិនបានមួយខែផង លិខិតអញ្ជើញប្រជាពលរដ្ឋក៏បានមកដល់ ដោយឲប្រជាពលរដ្ឋដែលបានដាក់ ពាក្យបណ្តឹងទាំងនោះចូលប្រជុំនៅសាលាខណ្ឌទួលគោក ដើម្បីរកដំណោះស្រាយ នៅថ្ងៃទី 23 ខែ តុលា ឆ្នាំ 2007 ។
សន្យាគឺគ្រាន់តែជាសន្យា ប្រជាពលរដ្ឋរស់នៅដោយស្ងាត់ស្ងៀមបានបន្តិចប៉ុណ្ណោះ ការគំរាម​កំហែងថ្មី មួយទៀតកើតឡើង​ ។ លោកស្រី ហ៊ឹម ភ័ណ្ឌ តំណាងសហគមន៍ផ្លូវ347 បានបញ្ជាក់ប្រាប់ថា «មាន អេស្កាវាទ័រមួយគ្រឿងរបស់ក្រុមហ៊ុន DAVID Construction បំណង​មកឈូសកម្ទេចផ្ទះសម្បែងពួក យើងទាំងអស់គ្នា កាលពីថ្ងៃទី21 ខែ វិច្ឆិកា ឆ្នាំ​ 2007 ហើយអះអាងយ៉ាងមុតមាំថាជាបញ្ជារថ្នាក់លើ »។
ប្រជាពលរដ្ឋមិនគិតពីអ្វីទាំងអស់ សូម្បីតែជីវិតរបស់ពួកគាត់ ព្រោះតែចិត្តចង់ការពារជម្រក បានរត់មក យ៉ាងប្រញាយឈរសំកាំងពីមុខអេស្កាវាទ័រ មិនព្រមឲឈូសដាច់ខាត។ ភ្លាមៗនោះ ពួកគាត់បាន ទំនាក់ទំនងទៅអង្គការសង្គមស៊ីវិលឲជួយអន្តរាគមន៍ និងសួរនាំទៅប្រធានភូមិ ចៅសង្កាត់ អភិបាល រងខណ្ឌ​  និងនាយការិយាល័យសង្គមកិច្ច លោក​ ឯក យឿន ម្នាក់ឆ្លើយ​ថាអត់ដឹងរឿង  ម្នាក់ឆ្លើយដាក់ ទៅម្នាក់ទៀតយករួចខ្លួន ទីបញ្ចប់ពួកគេផ្តល់ចម្លើយមកប្រជាពល​រដ្ឋវិញថា “ វាជាការភ័ណ្ឌច្រឡំ ” ។
ដោយក្តីបារម្ភពីសុខទុក្ខ និងសុវត្ថិភាព បានជុំរុញឲប្រជាពលរដ្ឋមានចិត្តតស៊ូកាន់តែខ្លាំង ដើរទៅមុខ ជាជំហានៗ។ ពួកគាត់បានធ្វើលិខិត ប្តឹងបន្តទៅប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា រដ្ឋសភា ជាតិ និងទីស្តីការគណរដ្ឋមន្ត្រី (នៅថ្ងៃ 26 ខែ ធ្នូ ឆ្នាំ 2007) ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច (ចុះថ្ងៃទី 17 មករា 2008) ព្រមទាំងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី (ចុះថ្ងៃទី 18 ខែ មករា​ ឆ្នាំ​ 2008) ។
រហូតមកដល់ថ្ងៃទី 08​ ខែ មិនា ឆ្នាំ 2008 ជាទិវាសិទ្ធិនារីអន្តរជាតិ អេស្កាវាទ័រមួយគ្រឿង​ទៀតបានមក ទម្លាក់ខ្លួនចុះមុខផ្ទះតំណាងសហគមន៍ 347 គឺលោកស្រី ម៉ាលីនណា តែម្តង ដោយធ្វើការបាញ់ថ្នាំមុខ ផ្ទះ និងសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋផ្លូវ347​ ភាគខាងលិចទាំងអស់ ហើយបញ្ជាក់ប្រាប់ថា “ ថ្នាក់លើ ពួកគេតំរូវឲមកឈូសផ្លូវ ដូច្នេះសូមឲបងប្អូនរុះសំយ៉ាបមុខផ្ទះ​ចេញ​ បើមិនដូច្នោះទេ ពួកគេនឹងប្រើ គ្រឿងចក្រឈូសកម្ទេចតែម្តង​​ ” ។
លោកស្រី ចាន់ សោភ័ណ្ឌ ក៏ជាតំណាងមួយរូបដែរនោះ បានលើកឡើងថា « ដីនេះស្ថិតក្នុងភាព ដី មានទំនាស់រវាងប្រជាជន និងអាជ្ញាធរ ដរាបណានៅពុំទាន់មានដំណោះស្រាយទេ​ បើទោះបីជា សំយ៉ាបមុខផ្ទះក៏ដោយ ក៏គ្មានអ្នកណាមួយមានសិទ្ធិមកឈូសបានដាច់ខាត​ » ។
ពិតណាស់សហគមន៍នេះមានទំហំតូចមែន មានចំនួនត្រឹមតែ​ប្រាំបួនខ្នងផ្ទះ ស្មើនឹង14គ្រួសារ ប៉ុន្តែ កម្លាំងសាមគ្គីភាពរបស់ស្រ្តីចិត្តខ្លាំងជាតំណាង បានធ្វើការជំនះតស៊ូគ្រប់សព្វបែបយ៉ាងដោយ​សន្តិវិធី និងទាមទារទៅតាមផ្លូវច្បាប់ ក៏បានធ្វើឲអាជ្ញាធរមូលដ្ឋានផ្អាកការគំរាមកំហែងរបស់ខ្លួន ងាកមករកផ្លូវចរចារជាបន្តបន្ទាប់ទៅវិញ។ តាំងពីពេលនោះមក ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏បន្តរស់នៅក្រោម ដំបូលផ្ទះរៀងៗខ្លួន ទោះក្នុងកាលៈទេសៈណាក៏ដោយ ពុំចាំបាច់ឈឺក្បាល​វិលមុខ រុះផ្ទះខ្លួនឯង ហើយ ដើរជួលផ្ទះគេស្នាក់នៅនោះដែរ ។
នៅថ្ងៃទី 30​ ខែ មិថុនា ឆ្នាំ 2010 សាលាខណ្ឌទួលគោក បានផ្ញើរលិខិតអញ្ជើញប្រជាពលរដ្ឋ​ទាំងអស់ ដែលមានផ្ទះនៅផ្លូវលេខ 347 និងអ្នកដែលមានតូបលក់ដូរនៅផ្លូវ 528 ទៅប្រជុំនៅសាលា​សង្កាត់បឹងកក់ទី1 ដើម្បីពិភាក្សាលើបញ្ហា កម្ចីប្រាក់រដ្ឋទិញផ្ទះ។ មន្រ្តីខណ្ឌមួយរូបបានមាន​ប្រសាសន៍ក្នុងអង្គ ប្រជុំថា « សុំឲបងប្អូនប្រជាពលរដ្ឋ ជ្រើសរើសអ្នកដែលបងប្អូនគិតថាអាចទុកចិត្ត​បាន ចងក្រងជាប្រាំគ្រួសារ ដើម្បីស្នើរសុំខ្ចីប្រាក់គោលនយោបាយ ទៅទិញផ្ទះដែលខ្លួនឯងពេញចិត្ត​ »។​ បញ្ហានេះត្រូវបាន ប្រជាពលរដ្ឋទាំងអស់គ្នា បដិសេធចោលមិនទទួលយកឡើយ ។
លុះមកដល់ថ្ងៃ 08-09 ខែ កុម្ភៈ​ ឆ្នាំ 2010 លោកប្រធានភូមិ3 ឈ្មោះ គឹម សាបុល ចុះដើរស្រង់ស្ថិតិតែម្នាក់ឯង ជាថ្មីម្តងទៀត ដោយអះអាងថា « ជាការធ្វើជំរឿនស្ថិតិគ្រួសារ​នៅទូទាំង​ប្រទេសតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា »។ ពេលនោះប្រជាពលរដ្ឋមួយចំនួនធំ បានផ្តិតមេដៃលើស្ថិតិ គ្រួសារទាំងនោះតាមសម្តីរបស់លោកប្រធានភូមិ ដោយពុំបានគិតពិចារណា​ឲបានវែងឆ្ងាយអ្វីឡើយ។ ទើបនៅថ្ងៃទី10 ខែឆ្នាំដដែល ប្រជាពលរដ្ឋដឹងថាជាការឆបោក ព្រោះប្រធានភូមិរូបនេះចុះធ្វើស្ថិតិ ចំពោះតែគ្រួសារណាដែលបានប្តឹងទាមទារលំនៅឋានកន្លងមក និយាយរួមគឺប្រជាពលរដ្ឋសហគមន៍ 347 ភាគខាងលិចប៉ុណ្ណោះ  រីឯក្រុមគ្រួសារដទៃ រឺសូម្បីតែ​ប្រជាពលរដ្ឋរស់នៅផ្លូវ 347 ដូចគ្នា ភាគខាង កើតផ្លូវ ក៏ពុំមានធ្វើស្ថិតិនោះដែរ។​ ប្រជាពលរដ្ឋ​ខ្លួនឯងដឹងថាចាញ់បោកប្រធានភូមិ ព្រោះវាជាឧបាយកលមួយថ្មី ដែលក្រុមអាជ្ញាធរបាននាំគ្នា​រៀបចំ ដើម្បីប៉ុនប៉ងចុះបញ្ជីរគ្រួសារនីមួយៗក្នុងទីតាំងសំណង់ បណ្តោះអាសន្ន ជំនួសមុខឲការរឹង​ទទឹងមិនព្រមចាកចេញតាមការចាត់តាំងរបស់អាជ្ញាធរមូលដ្ឋាន មួយលើកជាពីរលើក។​ ហេតុ​ដូច្នោះហើយ ទើបក្រុមគ្រួសារដែលកើតទុក្ខមិនសុខចិត្តចាកចេញ ទាំងនោះ សម្រេចចិត្តនាំគ្នាទៅ​ដកហូតក្រដាស់ស្ថិតិគ្រួសារដែលមានស្នាមមេដៃពួកគាត់ ពីផ្ទះប្រធាន ភូមិត្រឡប់មកវិញ នៅម៉ោង​ប្រមាណជា 7 និង 45 នាទីយប់ ។
មួយឆ្នាំក្រោយមកទៀត ទំនងជាពិបាកក្នុងការបណ្តេញពួកសកម្មជនតស៊ូមួយក្តាប់តូច ក្រុមអាជ្ញាធរ​ក៏ សម្រេចចិត្តបង្ខំប្រជាពលរដ្ឋដែលមានដំបូលខ្នងផ្ទះផ្លូវ 347​ ភាគខាងកើត ជាក្រុមគ្រួសារខ្លាចរអា សមត្ថកិច្ចអាជ្ញាធរ មិនហ៊ានប្តឹងតវ៉ាជំទាស់កន្លងមក ឲចាកចេញព្រមគ្នាជាមួយគ្រួសារដែលមានតូប លក់ដូរនៅផ្លូវ 528 (ផ្លូវកែង347) ដោយបានកំណត់រយៈពេលរុះរើចំនួនមួយខែបីថ្ងៃ គិតចាប់ពីថ្ងៃទី 28 ខែ មិនា រហូតដល់ថ្ងៃទី​ 30 មេសា ឆ្នាំ 2011។ អាជ្ញាធរបានផ្តល់សំណងឲប្រជាពលរដ្ឋជាង​100គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានត្រឹមទឹកប្រាក់ បីលានរៀល និងដីទំហំ 6​ ម៉ែត្រ គុណ 12 ម៉ែត្រ ស្ថិតនៅភូមិ តាគោ ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។ វាគឺជាទីតាំងដែលគ្មាន​ហេដ្ឋារចនា សម្ព័ន្ធត្រឹមត្រូវអ្វីបន្តិចសោះ ព្រោះគ្មាន ទឹកស្អាត គ្មានអគ្គិសនីប្រើប្រាស់បានសមរម្យ គ្មានមន្ទីរពេទ្យ សាលារៀន ផ្សារជាដើម ដែលជាហេតុធ្វើឲពួកគាត់កាន់តែធ្លាក់ទៅក្នុងភាពក្រីក្រ​ជាងស្ថានភាពពីមុន ដោយសារបាត់បង់មុខរបរចិញ្ចឹមជីវិត បាត់បង់ការងារ កូនចៅបាត់បង់ការ​សិក្សា ធ្លាក់ខ្លួនឈឺ នេះបើ តាមការឲដឹងពីប្រជាពលរដ្ឋដែលបាន​ចាកចេញហើយ ទៅនៅផ្ទាល់នៅ​ទីតាំងខាងលើនោះ ។
លោកស្រី ហ៊ឹម ភ័ណ្ឌ តំណាងសហគមន៍មួយនេះ បានអះអាងថា៖ ដីដែលប្រជាពលរដ្ឋ​បានចាកចេញ ហើយនោះ (ផ្លូវ 347 ភាគខាតកើត) នៅពុំទាន់មានការអភិវឌ្ឍន៍ផ្លូវអ្វីទាំងអស់ ប៉ុន្តែក្រុមហ៊ុនព័ទ្ធរបង ជុំវិញ ហើយកំពុងធ្វើការសាងសង់វីឡាដ៏ធំមួយ ។​
បើទោះបីមានការបណ្តេញចេញអស់មួយផ្នែកធំហើយក្តី ក៏នៅតែពុំមែនជាឧបសគ្គសំរាប់សហគមន៍ ផ្លូវលេខ 347 ដែលនៅសេសសល់នោះដែរ ពួកគាត់ទាំងអស់គ្នាបានធ្វើលិខិតប្តឹងបន្តទៅ​ក្រសួងមហា ផ្ទៃ ចំនួនពីរលើក (លើកទី1៖ ចុះថ្ងៃទី 01 មេសា 2011 និងលើកទី2៖ ចុះថ្ងៃទី 28 ធ្នូ 2011) និងដាក់ ពាក្យស្នើរសុំអន្តរាគមន៍បន្ថែមតាមអង្គការសង្គមស៊ីវិលដូចជា ក្រុមការងារពិសេស​សិទ្ធិលំនៅឋាន (HRTF) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (​CCHR) វេទិការអង្គការមិនមែនរដ្ឋាភិបាល​ស្តីពីកម្ពុជា (NGO Forum) អង្គការ លីកាដូ (LICADHO) អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV) សមាគម អាដហុក (ADHOC) សមាគម ធាងត្នោត (Teang Thnaut) សហគមន៍អឺរ៉ុប (EU) ការិយាល័យនៃឧត្តមស្នងការ អង្គការសហប្រជាជាតិ​ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា (OHCHR) ព្រមទាំងបណ្តាស្ថាន ទូតបរទេសនានាជាច្រើនផ្សេងទៀតនៅ ដើមឆ្នាំ 2012នេះដូចជា ស្ថានទូត អាមេរិក អង់គ្លេស បារាំង កាណាដា អាឡឺម៉ង់ អូស្រ្តាលី និងជប៉ុន។ មួយវិញទៀត សហគមន៍ផ្លូវលេខ 347 ក៏បានដាក់ញត្តិ ស្នើរសុំអន្តរាគមន៍ដោះស្រាយបញ្ហាទំនាស់ដីធ្លី និងការបណ្តេញចេញ ពីគណបក្សធំៗចំនួនបីផងដែរ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី 07 ខែ មិនា ឆ្នាំ 2012 ដោយសហគមន៍នេះ នឹងធានាអះអាងបោះឆ្នោតជូនក្នុងអណត្តិទី5 ឆ្នាំ 2013​ ខាងមុខ នេះ ប្រសិនបើ គណបក្សណាមួយចេញមុខដោះស្រាយឲសហគមន៍ពួកគាត់សម្រេចជោគជ័យទាន់ ពេលវេលា ។
មកដល់ពេលនេះហើយ បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋសហគមន៍ផ្លូវលេខ347 ជាមួយនិង​អាជ្ញាធរមូលដ្ឋាន ដែលបានអូសបន្លាយតាំងពីឆ្នាំ 2007 មកនោះ នៅពុំទាន់បានដោះស្រាយ​នៅឡើយទេ ព្រោះតែមិនមានដំណោះស្រាយណាមួយដែលស្រប​ តាមការស្នើរសុំរបស់ប្រជាពល​រដ្ឋ។ 

លោកស្រី ឯក ម៉ាលីនណា ជាស្រ្តីតំណាងឲសហគមន៍នេះ បាននិយាយឲដឹថា « ពួកយើងខ្ញុំ​ទាំងអស់គ្នា មិនជំទាស់ទេ ប្រសិនបើប្រមុខរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ​តំរូវឲមាន​ការអភិវឌ្ឍន៍ផ្លូវ 347 ប្រាកដមែននោះ ប៉ុន្តែដោយហេតុថា វាប៉ះពាល់ដល់ផ្ទះសម្បែងពួកយើងខ្ញុំ ដូច្នេះយើងខ្ញុំសូមស្នើរសុំ​៖ ទីមួយ សុំជាថវិការដែលមានតម្លៃស្មើទៅនឹងទីផ្សារ ហើយទីពីរ ប្រសិនបើការអភិវឌ្ឍន៍នៅសល់ដី យើងខ្ញុំទាំងអស់គ្នា សុំធ្វើការសាងសង់លំនៅដ្ឋានដោយខ្លួន​ឯងនៅទីតាំងដើម ហើយស្នើរសុំឲជួយ សំរួលចេញជាសោហ៊ុយលើការខូចខាតតាមការជាក់ស្តែង » ។
លោក វិត ដារិទ្ធ ចៅសង្កាត់បឹងកក់ទី1​ បានមានប្រសាសន៍ឲដឹងថា៖​ ចំពោះ​អ្នក​ដែលនៅ​សេស​សល់​មិន​ទាន់​ចេញ​នោះ មិន​ទាន់​មាន​គោលការណ៍​ដេញ​នៅ​ឡើយ​ទេ អ្វីដែលពួកគាត់រស់នៅ​ជាលក្ខណៈ បណ្តោះអាសន្ននៅលើផ្លូវហ្នឹង គាត់នៅជាបណ្តោះអាសន្នសិនទៅ​ ប៉ុន្តែ​ក៏​ពុំ​មាន​សិទ្ធិ​ធ្វើ​លិខិត​កម្មសិទ្ធិ​ដី ផ្ទះ នៅ​តំបន់​នោះ​ដែរ ។
ប៉ុន្តែដោយឡែក លោកស្រី ឯក ម៉ាលីនណា តំណាងសហគមន៍ផ្លូវ 347 បានបញ្ជាក់បន្ថែមថា៖ ពួក គាត់ទាំងអស់គ្នា​ នឹងធ្វើការស្វែងរកអន្តរាគមន៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានដឹកនាំកំពូលអាស៊ាន ឆ្នាំ 2012 ព្រមទាំង​គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់​ ទាមទាររហូតដល់អាជ្ញាធរ ព្រមផ្តល់សិទ្ធិឲសហគមន៍ផ្លូវ 347​ ពួកគាត់ ចំនួន 14គ្រួសារ រួមមាន 09ខ្នងផ្ទះ ទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ៕

Friday, March 30, 2012

តើផ្តល់សម្បទានដីឲ្យគេអភិវ​​​​​​ឌ្ឍន៍ ឬ ផ្តល់ព្រៃឈើឲ្យគេកាប់បំផ្លាញ់ ?
                គំ​នរ​ឈើ​ទាំង​​នេះ​ ត្រូវ​បាន​​ប្រ​ជាពល​រដ្ឋ​ប្រ​ទះ​ឃើញ​​នៅ​​ឯ​​​ទី​​​​ធ្លា​នៃ​ស្នាក់​ការ​ក្រុម​ហ៊ុន​ដែល តាំង​នៅ​កណ្តាល​ព្រៃឡង់ កាល​​ពី​រ​ថ្ងៃ​​ពុធ​ម្សិល​មិញ​។ ចំ​ណែក​​​រូប​តូច​​ខាង​​ក្រោម​ជា​​​ម៉ា​ស៊ីន​អារ​ឈើ ធុន​​​ធំ ដែល​​បាន​ប្រើ​ប្រាស់​សម្រាប់​អារ​ឈើ​ដែល​ប្រ​ជា​ពល​រដ្ឋ​​ប្រទះ​ឃើញ​នៅ​ឯ​ស្នាក់​ការ​ក្រុម​ហ៊ុន នោះ​​ផង​ដែរ​។ ការ​រក​ឃើញ​នេះ បន្ទាប់​ពី​អ្នក​ភូមិ​ចំនួន​៤​ខេត្ត ខំ​ត​ស៊ូ​រុក​ល្បាត​បង្រ្កាប​ឈើ​នៅ​ក្នុង​តំ បន់​ព្រៃ​ឡង់​អស់​រយៈ​ពេល​៥​​ថ្ងៃនោះ​បាន​រក​​ឃើញ​ ក្រុម​​ហ៊ុន​​ដី​​សម្ប​​​ទាន​​ដែល​​​ទទួល​​​​​​បាន​​​​​អា​​​ជ្ញា​​​​​​ប័ណ្ណ​
ស្រប​​​ច្បាប់​​​ពី​​​រដ្ឋា​​​​ភិបាល​ គឺ​​​ក្រុម​​ហ៊ុន​​​​ដែល​​​បាន​​​ដំ​​​ឡើង​​​ម៉ា​​​ស៊ីន​​​អារ​​​ឈើ​​​ធុន​​​ធំ​​​ជា​​​ច្រើន​​​គ្រឿង​​​ដើម្បី​​​កាប់​​ឈើ​ និង​​​អារ​​​ច្រៀក​​​​ឈើ​ យ៉ាង​​​ច្រើន​​​សម្បើម​​ ដើម្បី​​​ដឹក​​​​ចេញ​​​យក​​ទៅ​​​លក់​​​នៅ​​ប្រទេស​​​វៀត​​ណាម​។
               នៅ​មុន​ពេល​ដែល​អ្នក​ភូមិ ចូល​ទៅ​​ដល់​ក្រុម​​ហ៊ុន សេង សា​រ៉ា​វុធ​ដែល​ត្រូវបានគេ​ប្រាប់​ថា ជា​​ផ្នែក​មួយ​នៃ​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​ CRCK​​របស់​វៀត​ណាម​ដែល​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ដី​សម្ប​ទាន ពី​រដ្ឋា​ភិបាល ការ​​​ប្រ​ឈម​មុខ​ដាក់​គ្នា​មួយ បាន​កើត​ឡើង​ប្រ​មាណ​ជា​២០ នាទី រវាង​ក្រុម​អ្នក​ភូមិ និង សមត្ថ​កិច្ច​ដែល​កាង​ការ​ពារ​ក្រុម​ហ៊ុន នៅ​ពេល​ដែល​សមត្ថ​កិច្ច​បាន​រុញ​ច្រាន​ម៉ូតូ​​អ្នក​ភូមិ ដែល​​ព្យា យាម​ បើក​សំរុក​ចូល​ទៅ​​ក្នុង​បរិ​​វេន​ដី​របស់​ក្រុម​ហ៊ុន​​ សេង សា​រ៉ា​វុធ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​មាន​រិទ្ធ ក្នុង​ស្រុក​សណ្តាន់​។
                ប៉ុនែ្ត​ការ​ប្រ​ឈម​មុខ​ដាក់​គ្នា​នេះ​ បាន​ធូរ​ស្រាល​ទៅ​វិញ ​នៅ​ពេល​ដែល​អភិ​​បាល​រង​ខេត្ត និង​អភិ​បាល​ស្រុក បាន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ មើល​អាជ្ញា​ប័ណ្ណ​របស់​ក្រុម​ហ៊ុន និង​បាន​អនុញ្ញាត​ឲ្យ អ្នក​ភូមិ​ចូល​មើល​ទៅ​ខាង​ក្នុង​ក្រុមហ៊ុន ជា​មួយ​ការ​សន្យា​ថា​នឹង​មិន​ប្រើ​អំ​ពើ​ហិង្សា​ នៅ​ខាង​ក្នុង​ប​រិ វេន​ក្រុម​ហ៊ុន​ឡើយ​។
                ការ​ដើរ​ចូល​ទៅ​ក្នុង​ក្រុម​ហ៊ុន​នេះ ធ្វើ​ឡើង​នៅ​ពេល​​អ្នកភូមិ​ បាន​បង្រ្កាប​ការ​កាប់​ឈើ​ខុស ច្បាប់​បាន​ប្រមាណ​ ៣៦៤ ម៉ែត្រ​គូប​ហើយ​ដុត​បំ​ផ្លាញ់​ចោល នៅ​ក្នុង​ព្រៃ​​ឡង់​ ក្នុង​អំ​ឡុង​ការ​ដើរ ល្បាត​រយៈ​ពេល​ ៥​ ថ្ងៃ​។
                លោក ឈុំ ឈិន តំ​ណាង​អ្នក​ភូមិ​បាន​និយាយ​​ថា អ្នក​ភូមិ​គ្រាន់​តែ​ចង់​ឃើញ​អាជ្ញា​ប័ណ្ណ ក្រុម​ហ៊ុន និង ពិ​​និត្យ​​មើល​ថា មាន​អ្វី​ខ្លះ នៅ​ខាង​ក្នុង​ក្រុម​ហ៊ុន​នេះ និង​ចង់​ដឹង​ពី​មូល​​ហេតុ ដែល​ប៉ូ​លិស និង​កង​រាជ​អាវុធ​ហត្ថ មិន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ចូល​ទៅ​ខាង​ក្នុង​។ អ្នកភូមិមិនមែនទៅដុតបំផ្លាញក្រុមហ៊ុនទេ។ លោកបានចោទសួរថា៖ << ហេតុអ្វីបានជាទាហាន ប៉ូលិសកងរាជអាវុធហត្ថ ការពារក្រុមហ៊ុន ? ប្រាកដជាមានអ្វីខុសច្បាប់នៅខាងក្នុងដែលពួកគេ មិនចង់ឲ្យឃើញ>>។ លោកបន្តថា ក្រុមហ៊ុន មានសិទ្ធិអភិវឌ្ឍន៍នៅតំបន់នេះ ប៉ុនែ្តក្រុមហ៊ុន ក៏មាន កាតព្វកិច្ច ត្រូវប្រាប់អ្នកភូមិឲ្យដឹងដែរថា តើគម្រោងអភិវឌ្ឍន៍របស់ពួកគេ មានអ្វីខ្លះ វាប៉ះពាល់ដល់ ការរស់នៅចិញ្ចឹមជីវិតរបស់អ្នកភូមតំបន់នេះ ឬអត?នៅពេលដែលអ្នកភូមិចូលទៅដល់ ក្រុម ហ៊ុនសេង សារ៉ាវុន ពួកគាត់មានការភ្ញាក់ផ្អើងងហងលយ៉ាងខ្លាំងដោយឃើញគំនរឈើហ៊ុប និងគំនរឈើ អារយ៉ាងច្រើនសម្បើមជាមួយម៉ាស៊ីនរ៉ែអារឈើធុនធំ យ៉ាងហោចណាស់ចំនួន៣គ្រឿន សម្រាបអា រច្រៀកឈើទាំងនោះ កុងតឹន័រជាច្រើនសម្រាបដឹកជញ្ជូនឈើចេញ។ លោកឈុំយិន បានបញ្ចាក់ ថា៖<<ខ្ញុំមានការខកចិត្តនៅពេលដែលខ្ញុំបានឃើញដើមឈើ​យកជ័រ​ច្រើនត្រូវបានគេកាប់គរទុក និងអារច្រៀក នៅក្នុងក្រុមហ៊ុន>> ។ 
                    ក្រុមអ្នកភូមិ បាននិយាយថា នៅក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ដើមឈើច្បោះ ធំៗ របស់ពួកគាត់ ដែលមានទំហំ ខ្លះរហូតដល់២ឱប​ មានកម្ពស់ពី​ ២០ ទៅ ៣០​ ម៉ែត្រ ប្រមាណ ៦០០ ដើម ដែលពួកគាត់ធ្លាប់តែដងជ័រ យកទៅលក់ ដើម្បីជួយទ្រទ្រង់ជីវភាពដែលក្រីក្រនោះ ត្រូវ
បានគេកាប់ស្ទើរគ្មាន់សល់។
                      លោក មិញ នី វ័យ ៤៨ ឆ្នាំ ជាអ្នកភូមិមកពីភូមិ មកពី​ខេត្ត​ព្រះ​វិហារ បាន​និយាយ​ថា លោក សូម​ស្នើ​ឲ្យ​រដ្ឋា​ភិ​បាល បញ្ឈប់​ការ​ផ្តល់​អា​ជ្ញា​ប័ណ្ណ​ឲ្យ​ក្រុម​ហ៊ុន​នេះ នៅ​ពេល​ដែល​ពួក​គេ ​មក អភិវឌ្ឍន៍ ដោយអារដើមច្បោះជ័ររបស់អ្នកភូមិ ជារៀងរាល់ថ្ងៃ។  លោក   បានបញ្ជាក់បន្ថែមទៀតថា ៖ << ខ្ញុំ មិនដែលគិតថា ក្រុមហ៊ុនអារឈើសេង សារ៉ាវុធ បំផ្លាញ់ដើមឈើធំៗដល់ម្លឹងទេ។ ខ្ញុំមាន រភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលខ្ញុំបានឃើញដើមច្បោះជ័រយ៉ាងច្រើនសម្បើម នៅក្នុងក្រុម​ហ៊ុននេះ>>។ លោកបាន និយាយថា មន្រ្តីខេត្តកំពង់​ បានប្រាប់ថា ក្រុមហ៊ុន សេង សារ៉ាវុធ មាន​អាជ្ញាប័ណ្ណធ្វើគ្រឿងសង្ហារឹម នៅក្នុងព្រៃនេះ ប៉ុន្តែលោក មិនឃើញមានកៅអី ឬតុ នៅខាងក្នុងក្រុម ហ៊ុននេះទាល់តែសោះ។ លោក  ឃើញមានតែឈើដែលគេកាប់សម្រាប់នាំចេញទៅបរទេស តែ ប៉ុណ្ណោះ ។
                      លោក មិញ​ នី បានបន្តថា៖ <<ប្រសិន បើរដ្ឋាភិបាល មិនបញ្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុន នេះទេ មួយឆ្នាំក្រោយ ដើមច្បោះជ័រ នៅព្រៃឡង់ នឹងត្រូវបំផ្លាញ់ឍទាំងស្រុងដោយក្រុមហ៊ុន សេង
សារ៉ាវុធ  ក្រុមហ៊ុន CRCK និងក្រុមអ្នកកាប់ឈើខុសច្បាប់ផ្សេងទៀត>>។
                     លោក សុខ ភ្លុក វ័យ ២៧ ឆ្នាំ បានថ្លែងថា ឥឡូវនេះ អ្នកភូមិអាចរកឃើញកាន់តែច្បា- ស់នឹងភ្នែករបស់ពួកគេថា នរណាបំផ្លាញ់ដើមច្បោះជ័រ និងដើមឈើផ្សេងៗទៀតនៅព្រៃឡង់ ព្រោះ
ឈើគ្រប់ប្រភេទមាននៅខាងក្នុងក្រុមហ៊ុនអារឈើនេះ។ លោក បានថ្លែងបន្តទៀតថា៖ <<ខ្ញុំអាណិ- តដើមឈើរបស់ខ្ញុំខ្លាំងណាស់ ដោយសារតែក្រុមហ៊ុន មានអាជ្ញាប័ណ្ណនេះហើយបានកាប់បំផ្លាញ​ដើមឈើទាំងអស់ដោយស្របច្បាប់ ដើម្បីនាំចេញទៅលក់នៅបរទេស>>។