Thursday, September 6, 2012

សំណើសុំការគាំទ្រឥណទានទិញដីសំរាប់ សាងសង់លំនៅដ្ឋាន




ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

យើងខ្ញុំជាប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ ជា ផេង អភិវឌ្ឍន៍ ចំនួន ៦៨ គ្រួសារ
សូមគោរពចូលមក
លោក-លោកស្រី អគ្គនាយកនៃអង្គការមិនមែនរដ្ឋាភិបាល
តាមរយៈ លោកមេភូមិឬស្សី
-       លោកចៅសង្កាត់ស្ទឹងមានជ័យ
កម្មវត្ថុៈ សំណើសុំការគាំទ្រឥណទានទិញដីសំរាប់ សាងសង់លំនៅដ្ឋានចំនួន ៥៨.០០០ ដុល្លា​(ប្រាំម៉ឺនប្រាំបីពាន់ដុល្លា) សំរាប់ចែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន ៦៨ គ្រួលារ។

តបតាមកម្មវិធីខាងលើ យើងខ្ញុំមានកិត្តិយស សូមជំរាបជូន លោក-លោកស្រី អគ្គនាយកនៃអង្គការមិនមែន​រដ្ឋាភិបាល មេត្តាជ្រាបថា​ បច្ចុប្បន្ននេះសហគមន៍យើងខ្ញុំ មានប្រជាពលរដ្ឋចំនួន ៦៨ គ្រួលារ កំពុងរស់​នៅលើដីជួល ដោយជួលដីឯងជន​ ពីឈ្មោះ មោង សម្បត្តិ ដែលមានទីតាំងស្ថិតនៅក្រុម ១៧ ភូមិឬស្សី​ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។​ បច្ចុប្បន្នដោយម្ចាស់ដីឯកជនឈ្មោះ មោង សម្បត្តិ គេឈប់ជួលឲ្យ​សហគមន៍ យើងខ្ញុំស្នាក់នៅតទៅទៀតហើយ

ដោយហេតុនេះសហគមន៍យើងខ្ញុំ បានសម្រេចរួមគ្នាយកប្រាក់សន្សំ​ដែលសហគមន៍យើងខ្ញុំបាន​ចងក្រងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១១ ហើយ​សន្សំប្រាក់បាន ៤.៧៦០$ ដើម្បីទិញដីដែលមានទីតាំងនៅភូមិ​តាភេម សង្កាត់ កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលមានចំងាយ ១៩ គម ពីវត្តភ្នំ ទំហំ ៦.៧៨៤m2 (ប្រាំមួយ​ពាន់​ប្រាំពីររយ​ប៉ែត​សិប​បួនម៉ែត្រក្រឡា) មានតំលៃ ៦១.០៥៦$ (ប្រាំមួយម៉ឺន មួយ​ពាន់​ហា​សិបប្រាំមួយដុល្លា) ដូច្នេះនៅខ្វះថវិកា ៥៦.២៩៦$ (ប្រាំម៉ឺនប្រាំ​មួយ​ពាន់ពីររយកៅសិបប្រាំមួយដុល្លា) ទៀតទើបអាចទិញដីនេះបាន។

អាស្រ័យដូចបានជំរាបជូនខាងលើ សូម លោក-លោកស្រី អគ្គនាយកនៃអង្គការមិនមែនរដ្ឋាភិបាល មេត្តា​ជួយផ្តល់ ឥណទានទិញដីសហគមន៍ចំនួន ៥៦.២៩៦$ (ប្រាំម៉ឺនប្រាំមួយពាន់ ពីររយកៅសិបប្រាំមួយ​ដុល្លា) ដើម្បីយើងខ្ញុំ ទទួលបានដីសាងសង់ផ្ទះ ស្នាក់នៅសមរម្យ និង អភិវឌ្ឍន៍សហគមន៍ទៅថ្ងៃអនាគត ដោយក្តីអនុគ្រោះ។

យើង​ខ្ញុំ​សូម​ធានា​អះអាង​ថា​នឹង​ធ្វើ​ការ​ទូទាត់​សង​វិញ​ឲ្យ​បាន​ទៀង​ទាត់​ទៅតាម​គោលការ​ណ៍ដែល​បាន​កំណត់។
            ដោយក្តីគោរព​ដ៏ខ្ពង់ខ្ពស់ពីយើង​ខ្ញុំ​ទាំង​អស់​គ្នា។

                    ស្នាម​មេដៃ​មេភូមិឬស្សី                                      ថៃ្ងទី...........ខែ...........ឆ្នាំ ២០១២
                                                                                                                          ស្នាមមេដៃគណៈកម្មការសហគមន៍



        អ៊ុយ មន                  ជា ផេង​     ​         វង្ស យូហាន                      អ៊ីន សុភាព

                                                                                          លេខៈ............................
                                                                                      បានឃើញ និងទទួល​ស្គាល់​
                                                                                 ថាប្រជាពលរដ្ឋខាង​លើ​ពិតជារស់នៅលើ
                                                                                       ដីជួល​នៅភូមិ​ឬស្សីពិត​មែន។
                                                                                        ថ្ងៃទី.......ខែ.........ឆ្នាំ​ ២០១២
                                                                                                  ចៅសង្កាត់







Wednesday, September 5, 2012

អាជ្ញាធរ​ឃុំ​នៅ​ខេត្ត​ក្រចេះ​រំសាយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង



ដោយ ទេព សុរ៉ាវី
2012-09-03
នៅ​ឯ​ខេត្ត​ក្រចេះ អាជ្ញាធរ​ឃុំ​ឃ្សឹម ក្នុង​ស្រុក​ស្នួល សម្រេច​រំសាយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង បន្ទាប់​ពី​សហគមន៍​នេះ​បង្កើត​ឡើង​បាន​រយៈពេល​១០​ឆ្នាំ​មក​ហើយ។
ការ​ប្រកាស​រំសាយ​នោះ ត្រូវ​បាន​ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​រិះគន់​ថា ជា​ការ​បិទ​មាត់​ប្រជា​សហគមន៍​មិន​ឲ្យ​មានសិទ្ធិ​តវ៉ា និង​ការពារ​ព្រៃ​ឈើ។
ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង លោក ហួន ជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា ពួក​គាត់​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ចឹង មាន​ជីវិត​ឡើង​វិញ បន្ទាប់​ពី​អាជ្ញាធរ​ឃុំ​បាន​ប្រកាស​លុប​ចោល​សហគមន៍​នេះ ដោយ​គ្មាន​មូលហេតុ​ច្បាស់​លាស់។
លោក ហួន ជា ឲ្យ​ដឹង​ថា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ចឹង បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០២ ដោយ​អាជ្ញាធរ​ឃុំ​ឃ្សឹម ជា​អ្នក​បង្កើត​ឡើង និង​បាន​ជ្រើស​រើស​លោក​ធ្វើ​ជា​ប្រធាន​សហគមន៍។ សហគមន៍​នេះ​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​៦.០៣៨​ហិកតារ និង​មាន​ជនជាតិ​ដើម​ភាគ​តិច​ព្នង ១៥៥​គ្រួសារ កំពុង​រស់នៅ។
លោក​បន្ត​ថា អាជ្ញាធរ​បាន​ប្រកាស​លុប​សហគមន៍​នេះ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា កន្លង​ទៅ នៅ​ពេល​ដែល​សហគមន៍​បាន​រាយការណ៍​ពី​ឈ្មោះ​ជន​៣នាក់ ដែល​កំពុង​កាប់​ទន្ទ្រាន​ដី​ក្នុង​សហគមន៍។ លោក​បន្ត​ថា ការ​រំសាយ​សហគមន៍​នោះ ទំនង​ជា​អាជ្ញាធរ​ឃុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ ព្រៃ​ឈើ ទើប​សម្រេច​លុប​ចោល​សហគមន៍​ចេញ ដើម្បី​បិទ​មាត់​មិន​ឲ្យ​សហគមន៍​មាន​សំឡេង​តវ៉ា​រឿង​ការ​ចូល​ទៅ​កាប់​ឈើ​ខុស ច្បាប់​ក្នុង​សហគមន៍​ទៀត៖ «គាត់​បិទ​សហគមន៍​ខ្ញុំ​មែន ប្រជាពលរដ្ឋ​អត់​មាន​សិទ្ធិ​តវ៉ា ច្បាស់​ជា​អស់​ដីធ្លី​របស់​ជនជាតិ។ បើ​ឥឡូវ​អានាធិបតេយ្យ អ្នក​បំផ្លាញ​ព្រៃ​ឈើ អ្នក​កាប់​ឈើ​រុករាន​យក​ដី»
លោក ហួន ជា បញ្ជាក់​ថា ក្រោយ​ពី​អាជ្ញាធរ​ឃុំ​ប្រកាស​រំសាយ​សហគមន៍​នេះ​បាន​មួយ​ថ្ងៃ មាន​ឈ្មួញ​មួយ​ចំនួន និង​ប្រជាពលរដ្ឋ​ចំណូល​ថ្មី​ខ្លះ បាន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​យ៉ាង​ច្រើន​កុះករ។ លុះ​ពេល​សហគមន៍​ចូល​ទៅ​ទប់ស្កាត់ ពួក​គេ​ទាំង​នោះ​អះអាង​ថា ព្រៃ និង​ដី​តំបន់​នោះ ជា​កម្មសិទ្ធិ​របស់​ពួក​គេ។ លោក​បន្ត​ថា សហគមន៍​មិន​មាន​អំណាច​ដូច​មុន ដើម្បី​អាច​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​បាន​ទេ ដោយ​គ្មាន​ការ​គាំទ្រ​ពី​អាជ្ញាធរ។
ស្រដៀង​គ្នា​នេះ​ដែរ លោក សន យ៉ាន ប្រធាន​សហគមន៍​ព្រៃ​ឈើ និង​ដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ឲ្យ​ដឹង​ថា សហគមន៍​នេះ​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ ក្នុង​តំបន់​រក្សា​ប្រពៃណី ទំនៀម​ទម្លាប់​ជនជាតិ​ដើម​ភាគ​តិច។ លោក​បាន​ប្រដូច​ការ​រំសាយ​សហគមន៍​នោះ ទៅ​នឹង​ការ​ខ្ទប់​មាត់​របស់​អាជ្ញាធរ​មិន​ឲ្យ​អ្នក​ភូមិ​ស្រែក​តវ៉ា រឿង​ទំនាស់​ដីធ្លី និង​បទល្មើស​ព្រៃ​ឈើ៖ «គេ​រំសាយ​ហ្នឹង​បាន​ន័យ​ថា គេ​ទប់​មាត់​យើង​មិន​ឲ្យ​យើង​និយាយ​ស្រែក​តវ៉ា​រឿង​ដីធ្លី​ត​ទៅ​ទៀត»
ជុំវិញ​ការ​រំសាយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នោះ ជំទប់​ទី១​ឃុំ​ឃ្សឹម លោក ឌី សុខាន់ ពន្យល់​ថា សហគមន៍​នេះ​កន្លង​មក រដ្ឋបាល​ព្រៃ​ឈើ​មិន​ទាន់​បាន​ទទួល​ស្គាល់​ជា​សហគមន៍​ស្រប​ច្បាប់​នៅ​ឡើយ។ សហគមន៍​នេះ​មិន​ទាន់​មាន​សមាជិក និង​គណៈកម្មការ​ច្បាស់​លាស់ ទើប​អាជ្ញាធរ​ឃុំ​សម្រេច​រំសាយ តែ​ពួក​គេ​នៅ​តែ​អាច​ការពារ​តំបន់​ព្រៃ​នោះ​បាន​ដដែល៖ «ជ្រើស​រើស​មែន ប៉ុន្តែ​កន្លង​មក​ដូច​អង្គការ​អេ.អេស.ភី (ASP) គាត់​គាំទ្រ ប៉ុន្តែ​ដល់​ដាច់​រយៈ​ទៅ ដល់​ដាច់​ទៅ សមាជិក​អត់​បាន​ធ្វើ គ្រាន់​តែ​ព្រាង​ទេ។ ប៉ុន្តែឥឡូវ បើ​សិន​ជា​សមាជិក​សហគមន៍​យើង​វា​គ្មាន​ទេ យើង​គ្រាន់​តែ​ជួយ​ការពារ​ហ្នឹង វា​ល្អ​ហើយ»
ជនជាតិ​ដើម​ភាគ​តិច ត្រូវ​បាន​គាំពារ​ដោយ​ច្បាប់​ភូមិបាល។ មាត្រា​២៣ នៃ​ច្បាប់​នេះ បញ្ជាក់​ថា ក្នុង​ពេល​រង់ចាំ​ការ​កំណត់​ខាង​ផ្លូវ​ច្បាប់​នូវ​លក្ខន្តិកៈ​របស់​សហគមន៍ ក្រុម ឬ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ដែល​មាន​ជាក់ស្តែង​មក​ទល់​បច្ចុប្បន្ន​នេះ នឹង​បន្ត​គ្រប់គ្រង​សហគមន៍ និង​អចលនវត្ថុ​របស់​ខ្លួន​តាម​ប្រពៃណី ហើយ​ត្រូវ​អនុវត្ត​តាម​បញ្ញត្តិ​នៃ​ច្បាប់។
ប្រធាន​អង្គការ​អភិវឌ្ឍ​សហគមន៍ លោក យក់ ធារី ឲ្យ​ដឹង​ថា ជនជាតិ​ដើម​ភាគ​តិច​ងាយ​នឹងរង​គ្រោះ​ដីធ្លី ព្រៃ​អារក្ស ចម្ការ​វិល​ជុំ និង​វប្បធម៌​ប្រពៃណី​របស់​ខ្លួន។ លោក​ថា អាជ្ញាធរ​គួរ​តែ​គាំទ្រ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច ចង​ក្រង​គ្នា​ជា​សហគមន៍ ដើម្បី​អាច​ឲ្យ​ពួក​គេ​រក្សា​ដី​ព្រៃ និង​ប្រពៃណី​របស់​ខ្លួន​ឲ្យ​បាន​គង់វង្ស៕

Sunday, August 5, 2012

ខ្ញុំសូមអំពាវនាវដល់សប្បរសជនទាំងឡាយមេត្ដាជួយឧបត្ថមជាបច្ច័យដល់ជនរងគ្រោះ​​​​ ​ចំនួន3នាក់ម៉ែកូនគឺម្ដាយមួយកូនស្រីពីរនាក់។បណ្ដាលឲ្យបាក់ជើងទាំងបីនាក់ ឥឡូវនេះ
នៅសំរាកមន្ទីពេទ្យកំពត។អ្នករងគ្រោះនោះមានឈ្មោះលឹម​ថូជាម្ដាយ
កំពង់ជួបប្រទះមហាវេទនាជាទីបំផុត។ដូចនេះប្រសិនមានសប្បរសជនណាបានជើញ។
សូមជួយដោយក្ដីអាណិតអាសូរផងចុះ។សូមជួយអ្នករងគ្រោះផ្ទាល់ឈ្មោះលឹមថូ
ទូរសព្ទ័លេខ ,0121873596

Thursday, July 26, 2012

ពិភពធម្មជាតិ បទពំនោល


1,គន់មើលស​​ម្រស់ធម្មជាតិ សែន​ល្អស្រស់ស្អាត គួឲ្យចាប់ចិត្តទស្សនា។
2,មើលទៅភ្នំបៃតងថ្លា           ពេញដោយរុក្ខា         ដុះណែនជាច្រើនតាន់តាប់។
3,ថ្ងៃត្រង់យើងអង្គុយស្ដាប់ំ   តូចយំសាសាប់      ហៅសែនស្រណោះកន្លង។
4,រៃច្រៀងទ្រហ៊ឹងអ៊ឹងកង      បក្សីឆ្លើយឆ្លង         រួមដោយវាយោបោកបក់។
5,ជើង​ភ្នំវាលស្មៅខ្ចីល្ហក់        ទន់ដូចជាសក់         ព្រៀបព្រុំពណ៍ខៀវស្រង៉ាត់។
6,ក្រលេកមើលទៅសមុទ្រ    លំហរធំផុត              គន់មើលដាច់កន្ទុភ្នែក។
7,ធម្មជាតិដ៏ល្អចម្លែក             រលកបោកបែក        ដូចផ្កាត្រែងសសម្ពោង។
8,ខ្ញុំស្រឡាញ់ពេញបេះដូង    ហើយសូមបួងសួង   ប្រាថ្នាកើតជាមួយអ្នក










Wednesday, July 25, 2012

សិក្ខាសាលា ពិនិត្យឆ្លុះបញ្ចាំងផែនការសកម្មភាពប្រចាំឆ្នាំ របស់គំរោង «លើស្ទួយសំលេងជនជាតិដើមភាគតិច»


មន្រ្តី​កម្មវិធី របស់​អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍​ប្រចាំខេត្ត​រតនគីរី ឡើង​ធ្វើ​កិច្ច​ស្វាគមន៍​
 
បានលុង៖ សហគមន៍​ជនជាតិដើម​ភាគ​តិច​ចំនួន ៤៥ នាក់​(ស្រី ១៣) មកពី ៤ ភាសាគឺ ទំពួន គ្រឹង ចារ៉ាយ កាចក់និង​ពូនង បានមកជួប​ជុំគ្នា នៅការិយាល័យ អង្គការ​គាំទ្រសហគមន៍ជនជាតិដើម​ភាគតិច​ ប្រចាំខេត្ត​រតនគីរី ដើម្បី​រៀប​ចំជាសិក្ខាសាលា ស្តីពីការ​ពិនិត្យ​ឆ្លុះ​បញ្ចាំង​ផែន​ការ​សកម្មភាពប្រចាំឆ្នាំ​របស់​គំរោ​ង «​លើស្ទួយ​សំលេង​ជនជាតិដើម​ភាគតិច» ហៅកាត់​ថា ភី.អាយ​.វី ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី Misereor តាមរយៈ​អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍។

សិក្ខាសាលា​មានរយៈ​ពេល​ពីរ​ថ្ងៃ គឺ​ចាប់ពីថ្ងៃទី២៥ ដល់ ២៦ ខែ​កក្កដា ឆ្នាំ២០១២ នៅ​ក្រុង​បានឡុង ខេត្តរតនគីរី ក្នុង​គោល​បំណងពិនិត្យ​ឡើង​វិញ​នូវសកម្មភាព​ដែល​បាន​អនុវត្តន៍ និង​សកម្មភាព​ដែល​ពុំបាន​អនុវត្តន៍។ 

ក្រុម​ជនជាតិ​ទំពួន​ធ្វើ​ផែន​ការ​សកម្មភាព​បន្ត​សំរាប់​៥​ខែ​ បន្ទាប់​ដើម្បី​បង្ហាញដល់​ក្រុម​ធំ

សហគមន៍​ដែល​ចូល​រួម​មកពី ៥ស្រុកគឺ ស្រុក​អូជុំ ស្រុក​អូយ៉ាដាវ ស្រុក​បរកែវ និង​ស្រុក​បាន​លុង ក្នុង​ខេត្ត​រតន​គីរី និង​ស្រុក​ពេជ្រាដាក្នុង​ខេត្ត​មណ្ឌល​គីរី។ ក្នុង​ចំណោម​សហគមន៍ទាំងនោះ រួមមាន​ប្រជាជន​ និង​អាជ្ញាធរដែនដីផងដែរ (មេភូមិ និង​ក្រុម​ប្រឹក្សា​ឃុំ)។

តាម​រយៈ​សិក្ខាសាលានេះ​ផង​ដែរ ក្រុម​ ភី.អាយ.វី នឹង​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​ផងដែរ​នូវបញ្ហា​ប្រឈម​កន្លងមក​ដែល​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​មិនអាច​សម្រេច​តាម​ផែន​ការ​ ហើយ​បង្ហាញ​លិទ្ធផល​នេះ​ទៅកាន់ អង្គការ​ដៃគូគាំទ្រដើម្បី​ចូល​រួម​ធ្វើ​ការ​ស្វែងរក​ដំណោះ​ស្រាយ។

ផែនការ​បន្ទាប់​ដែលនៅសេស​សល់​ក៏ត្រូវ​បាន​បង្ហាញ​ដល់​អង្គការ​ដៃគូរ ព្រមទាំងអង្គការ​ក្នុង​តំបន់​ មួយចំនួនទៀត​ដើម្បី​ជួយ​បំពេញ​ត្រូវ​ការ​របស់​សហគមន៍​ ឈានដល់​សម្រេច​ផែនការ​តាម​ការ​គ្រោង​ទុក។

Tuesday, July 24, 2012

សម្បត្ដិធម្មជាតិកម្ពុជា

1.ព្រឹកព្រៃរៃយុំខ្ញុំស្រណោះ  ​នាព្រៃរបស់និង​ព្រៃស្រោង
    ដំរីប្រើសក្ដាន់ត្មាន់ទន្សោង  ស៊ិក្នុងវាលស្មោងស្មៅខៀវខ្ចី  ។
 2.ឯនាយព្រៃភ្នំធំច្រើនខ្នង      បាងជ្រោះជ្រលងហួសគណនីយ
     មច្ឆាម្រឹគ្គានាបក្សី         ​​​​​      នៅលើផែនដិកម្ពុជា        ។
3.សមុទ្រជលសៃត្រីសម្បូរ  ​​   ស្ទឹងបឹងព្រែកអូរច្រើនអស្ចារ្យ​​
​​​    មានទាំងដីស្រែដីចំការ        ក្រោមដីផងណារ៉ែច្រើនមុខ   ។
4, ឥឡូវស្រុកខ្មែរប្រែក្រឡះ    សង្គមប្ដូរផ្លាស់ទ្រព័រងទុក្ខ
     និងត្រូវវិនាសថ្ងៃខាងមុខ    ធ្វើម្ដេចទេសស្រុកអភិវឌ្ឍ       ។

Sunday, July 22, 2012

ស្នេហ៍ក្នុងព្រៃព្រឹក្សា

ស្នេហ៍ក្នុងព្រៃព្រឹក្សា
  1. អូនអើយអូនមើលសព្វធម្មជាតិ    ច្រូងច្រាងព្រោងព្រាតបៃតងស្រស់
         រុក្ខជាតិតូចធំមានទាបមានខ្ពស់    បង្ហាញសម្រស់គួឲ្យទស្សនា
    2.   ឯនាយជើងភ្នំស្មៅលាស់ខៀវខ្ចី    បក្សាបក្សីម្រឹគ្គីម្រឹគ្គា    ។
         រកស៊ីតាមហ្វូងបណ្ដើរគូវា               បីដូចពុំងារហើយនិងរូបបង     ។
   3.  ឯឆ្ងាយសមុទ្រោផុតកន្ទុយភ្នែក     រលកបោកបែកមើលសសម្ពោង
        រំពេឆែលឆាបមច្ឆាទាំងហ្វូង           ស្រែកយំរំពងឰដ៏អាកាស           ។
  4.   ល្អណាស់ធម្មជាតិនៅស្រុកខ្មែរ     មានចំការស្រែព្រៃឈើល្អល្អះ
        ទន្លេសមុទ្រត្រីសំបូរណាស់          រីធាតុអាកាសក៏ល្អទៀតផង          ។
   5.  យើងសំណាងណាស់ជាកម្ពុជា     ដែលមានវាសនាដូចអូននិងបង 
         រួមគ្នាដាំឈើហើយប្រាថ្នាផ្សង      ឲ្យអូននិងបងជួបគ្នាគ្រប់ជាតិ      ។
   6.   ស្ដា​យណាស់ឥឡូវវាខុសពីមុន      ត្រូវពួកនាយទុនយកយន្ដាឈូសឆាយ
          បំផ្លាញព្រៃឈើវិនាសអន្ដរាយ        តើអូនសោកស្ដាយដូចរួបបងទេ ? ។
 

Tuesday, July 17, 2012

សង្គម​ស៊ីវិល​បួងសួង​សុំ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ

ទំព័រខាងមុខ » ពត៌មានខ្មែរ, សេដ្ឋកិច្ចនយោបាយ
            សម្តែងមតិ
ដោយ វិជ័យ អានន្ទ និង ម៉ៅ សុធានី
2012-07-17
​វិទ្យុ​អាស៊ីសេរី
តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ ជួប​ជុំ​គ្នា​នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ ដើម្បី​បួង​សួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​នាយក​វិទ្យុ​សំបុក​ឃ្មុំ។
តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ បួងសួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២។
តំណាង ​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ បួងសួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២។
RFA/Vichey Anandh
តំណាង និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​ចំនួន​ប្រមាណ ២០០​នាក់​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទី​១៧ កក្កដា ដើម្បី​បួង​សួង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​អស់​ក្នុង​លោក​ជួយ​បន្ទន់​ចិត្ត​ ចៅក្រម​ឲ្យ​មាន​ការ​អាណិត​អាសូរ​ដល់​លោក ម៉ម សូណង់ដូ ហើយ​ព្រម​ដោះ​លែង​គាត់​ឲ្យ​រួច​ពី​ការ​ឃុំ​ខ្លួន។
សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​មក​ពី​ខេត្ត​កំពង់ចាម លោក ប៉ោ ហន មាន​ប្រសាសន៍​ថា លោក​មិន​ជឿ​ថា តុលាការ​អាច​រក​យុត្តិធម៌​ជូន​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ទៀត​ឡើយ ហេតុ​នេះ​អ្វី​ដែល​លោក​អាច​ធ្វើ​បាន​នៅ​ពេល​នេះ គ្មាន​អ្វី​ក្រៅ​ពី​ការ​បន់ស្រន់ និង​បួង​សួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​សុំ​ឲ្យ​ជួយ​បន្ទន់​ចិត្ត​ តុលាការ​ឲ្យ​ពិចារណា​ឡើង​វិញ ហើយ​ដោះ​លែង​លោក​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ។
លោក ប៉ោ ហន៖ «យើង​ខ្ញុំ​មក​បួង​សួង​វត្ថុ​ស័ក្ដិសិទ្ធិ​ខ្លាំង​ពូកែ សុំ​ឲ្យ​លោក​ជួយ​ធ្វើ​ម៉េច​ឲ្យ​បន្ទន់​ចិត្ត​អ្នក​ដឹក​នាំ​ណា​មួយ​ដែល​ឃោរឃៅ សាហាវ​ព្រៃ​ផ្សៃ​ចំពោះ​លោក​ប្រធាន សុំ​ឲ្យ​ដោះលែង​លោក​ប្រធាន»
ម្យ៉ាង​ទៀត​លោក​សុំ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​លោក មម៉ សូណង់ដូ។
សមាជិក​ម្នាក់​ទៀត​មក​ពី​ខេត្ត​កណ្ដាល លោក គ្រោង យ៉ុង លើក​ឡើង​ថា ការ​ចូល​រួម​របស់​លោក​ក្នុង​ពិធី​បួង​សួង​ឱកាស​នេះ ដោយសារ​លោក​ឃើញ​ទង្វើ​ល្អៗ​ជា​ច្រើន​របស់​លោក ម៉ម សូណង់ដូ ដូចជា​ការ​ខំ​ប្រឹង​បង្ហាត់បង្ហាញ​លទ្ធិប្រជាធិបតេយ្យ និង​ការ​ជួយ​រំដោះ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ខ្វះខាត​ការ​ តស៊ូ​ដើម្បី​ស្វែង​រក​សេរីភាព និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ដើម។
លោក គ្រោង យ៉ុង៖ «គាត់​មិន​ធ្វើ​អបគមន៍​អី​នោះ​ទេ គាត់​ចង់​ថា ជួយ​ប្រជាពលរដ្ឋ។ តុលាការ​គាត់​ខុស ព្រោះ​ខ្ញុំ​ឃើញ​គាត់​ល្អ​បាន​ខ្ញុំ​ហ៊ាន​មក​ត​ទល់ និង​បួងសួង​នៅ​ព្រៃស ព្រោះ​ថា ស្រលាញ់​គាត់​កាន់​យុត្តិធម៌ ត្រឹមត្រូវ»
លោក ម៉ម សូណង់ដូ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​ចៅក្រម​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក ចុក ងួន។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៦ កក្កដា លោក​ត្រូវ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី សែម ស័ក្ដកូឡា សម្រេច​ឃុំ​ខ្លួន​ផ្អែក​លើ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​សាលា​ដំបូង​ ខេត្ត​ក្រចេះ តាម​រយៈ​ការ​ផ្ទេរ​យុត្តាធិការ​ពី​សាលា​ដំបូង​ខេត្ត​ក្រចេះ មក​តុលាការ​រាជធានី​ភ្នំពេញ។
ទាក់ទិន​នឹង​ការ​សម្រេច​ឃុំ​ខ្លួន​នេះ អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​មិន​ទទួល ​ស្គាល់​ចំពោះ​ដីកា​សម្រេច​ឃុំ​ខ្លួន​នេះ និង​បាន​រិះគន់​ថា តុលាការ​មិន​ឯករាជ្យ។
ជាមួយ​គ្នា​នេះ​ដែរ នៅ​បន្ទាប់​ពី​មាន​ការ​សម្រេច​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​១៧ កក្កដា បង្ហាញ​ថា កម្ពុជា​កំពុង​តែ​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។
សេចក្ដី​ថ្លែងការណ៍​នោះ​សរសេរ​ថា នៅ​រយៈ​កាល​បី​ខែ​កន្លង​ទៅ​នេះ មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ករណី រួម​មាន ការ​បាញ់​សំលាប់​សកម្មជន​ការពារ​បរិស្ថាន លោក ឈុត វុទ្ធី នៅ​ខេត្ត​កោះកុង ការ​បាញ់​សំលាប់​ក្មេង​ស្រី ហេង ចន្ថា នា​ខេត្ត​ក្រចេះ ក្នុង​យុទ្ធនាការ​ចុះ​បង្ក្រាប​ក្រុម ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​អះអាង​ថា ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ ការ​គំរាម​ចាប់​ផ្សឹក​ព្រះសង្ឃ លួន សាវ៉ាត ក្នុង​ករណី​ទាមទារ​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ ការ​កាត់​ទោស​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ក្នុង​ករណី​ដក​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង និង​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​តុលាការ​ចោទ​ថា ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍​នា​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
សេចក្ដី​ថ្លែងការណ៍​នោះ​សរសេរ​រិះគន់​ថា ប្រទេស​សមាជិក និង​ប្រទេស​មួយ​ចំនួន​មិន​មែន​សមាជិក​អាស៊ាន ដែល​បាន​មក​ប្រជុំ​អាស៊ាន មិន​យក​ចិត្ត​ទុក​ដាក់ និង​បាន​មើល​រំលង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​មិន​មែន​ជា​សមាជិក​អាស៊ាន​ទាំង​នោះ មិន​បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា ដាក់​បញ្ចូល​បញ្ហា​សិទ្ធិ​មនុស្ស​ទៅ​ក្នុង​របៀបវារៈ​ក្នុង​វេទិកា​ប្រជុំ​ អាស៊ាន។
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​កក្កដា សហព័ន្ធ​អន្តរជាតិ​សំរាប់​ការពារ​សិទ្ធិ​មនុស្ស (FIDH) និង​អង្គការ​ពិភពលោក​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម (OMCT) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ សំដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​ទោស​ធ្ងន់ធ្ងរ​ ដល់​លោក ម៉ម សូណង់ដូ ពី​សំណាក់​តុលាការ​ក្រុង​ភ្នំពេញ។
អ្នកស្រី ឌេប៊ី ស្តូហាដ (Debbie Stothard) អគ្គ​នាយក​រង​នៃ​សហព័ន្ធ​អន្តរជាតិ​សំរាប់​ការពារ​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​លើ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ ហើយ​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​គំរាមកំហែង​ដល់​អ្នក​ដែល​ហ៊ាន​រិះគន់​លោក ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​ទង្វើ​ទាំង​នោះ គឺ​ផ្ទុយ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​កម្ពុជា ប្រឆាំង​នឹង​ច្បាប់​ប្រទេស​ខ្លួន និង​ច្បាប់​អន្តរជាតិ។
អង្គការ​អន្តរជាតិ​ពីរ​នេះ​ក៏​បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក ម៉ម សូណង់ដូ ជា​បន្ទាន់ ដោយ​ពុំ​មាន​លក្ខខណ្ឌ និង​ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​នោះ៕