![]() |
អ្នកភូមិនៅរងចាំការជួយអន្តរាគមន៍នៅខាងមុខផ្ទះលោកនាយករដ្ឋមន្រ្តី ដោយកាន់រូបថតលោកនិងភរិយារបស់លោក ដោយសង្ឃឹមថាការធ្វើបែបនេះនឹងឆាប់ទទួលបានជំនួយ |
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានប្រជាជនប្រមាណជា ៤០ នាក់ មកពី ឃុំស្រែចារ ឃុំពីរធ្នូ និងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បាននាំគ្នាមកស្វែងរកជំនួយពីលោកនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសានេះ លើបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយនឹងក្រុមហ៊ុនដែលបានអះអាងថា បានទទួលសិទ្ធិក្នុងការកាន់កាប់ដីតាមរយៈសម្បទាន។
យោងតាមសម្តីរបស់ប្រជាពលរដ្ឋដែលមានវត្តមាននៅទីនោះបានឲ្យដឹងថា ពួកគាត់មកខាងមុខផ្ទះរបស់លោកនាយករដ្ឋមន្រ្តីថ្ងៃនេះ គឺតំណាងឲ្យប្រជាពលរដ្ឋប្រមាណ ៧៤គ្រួសារ នៅក្នុងឃុំ ពីរធ្នូ និងឃុំឃ្សឹម ដែលរងផលប៉ះពាល់ពីសំណាក់ក្រុមហ៊ុន សុវណ្ណវទ្ធី និងសំណាងអង្គរ ព្រមទាំង១១០ គ្រួសារក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដែលរងផលប៉ះពាល់ពីសំណាក់ក្រុមហ៊ុន ស៊ី អាយ វី។
ពួកគាត់បានបន្តទៀតថា ក្រុមហ៊ុនដូចបានរៀបរាប់ឈ្មោះខាងលើ បានធ្វើការហាមឃាត់ប្រជាជន មិនឲ្យធ្វើការដាំដុះលើដីរបស់ពួកគាត់ ដែលធ្លាប់តែដាំដុះបង្កបង្កើនផលជាយូរមកហើយ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនបានដាក់កំលាំងប៉េអឹម ជាច្រើនដើម្បីគំរាមកំហែងមិនឲ្យពួកគាត់ធ្វើការដាំដុះលើដី របស់ពួកគាត់ដែលត្រូវបានរឹបអូសដោយក្រុមហ៊ុន។
ពួកគាត់បានបញ្ជាក់ថា កងកំលាំងប៉េអឹមទាំងនោះ បញ្ជាដោយលោក ចិន ហុងស្រ៊ី ខុទ្ទកាល័យខេត្ត។
បន្ទាប់ពីមានការជួបជុំរបស់ប្រជាជននៅខាងមុខផ្ទះលោកនាយរដ្ឋមន្រ្តីប្រមាណជា ១០នាទី គេឃើញមានមន្រ្តីនរគបាល បានមកអញ្ជើញអ្នកភូមិទាំងនោះឲ្យទៅរងចាំចំណាត់ការពីតំណាងខុទ្ទកាល័យនាយករដ្ឋមន្រ្តី នៅខាងមុខវត្តបុទុមវត្តី ក្រោមដើមពោធិមួយដើមវិញ ដោយបញ្ជាក់ថា បើពួកអ្នកភូមិនៅរងចាំខាងមុខផ្ទះរបស់សម្តេច នោះនឹងពុំមានដំណោះស្រាយឡើយ។
បន្ទាប់ពីអ្នកភូមិទាំងនោះបានសំរេចចិត្តទៅខាងមុខវត្តបុទុមវត្តី តំណាងខុទ្ទកាល័យនាយករដ្ឋមន្រ្តីក៏បានមកជួបដូចសន្យា ហើយបានណែនាំអ្នកភូមិទាំងនោះឲ្យធ្វើជាលិខិតស្នើសុំអន្តរាគមន៍ ពីសម្តេចនាយករដ្ឋមន្រ្តី។
នៅវេលាម៉ោងប្រហែល ២រសៀល លោកអភិបាលស្រុកស្នួលក៏បានមកដល់ហើយក៏បានព្យាយាម បញ្ចុះបញ្ចូលអ្នកភូមិទាំងនោះឲ្យត្រលប់ទៅកាន់លំនៅឋានវិញ ហើយសន្យាថានឹងដោះស្រាយបញ្ហានោះ នៅថ្ងៃទី២៨ ខែមេសា ដោយអញ្ជើញទាំងតំណាងក្រុមហ៊ុន ឲ្យចូលរួមផងដែរ។ ប៉ុន្តែលោកអភិបាលស្រុក ក៏បានបញ្ជាក់ផងដែរថា លោកមិនធានាថានឹងអាចដោះស្រាយជូនប្រជាជនតាមសំណូមពរបានមួយរយភាគរយទេ។
គួរបញ្ជាក់ផងដែរថា ប្រជាជនដែលរងគ្រោះហាក់ដូចជាគ្មានជំនឿលើពាក្យសន្យារបស់លោកអភិបាលស្រុកឡើយ ព្រោះបន្ទាប់ពីលោកអភិបានស្រុកបានអញ្ជើញពួកគាត់ឲ្យត្រឡប់ទៅវិញ ពុំមានអ្នកភូមិណាម្នាក់ចង់ត្រឡប់ទៅវិញតាមការស្នើសុំនោះឡើយ។
ពួកអ្នកភូមិបាននិយាយថា ពួកគាត់មកកាន់ផ្ទះរបស់សម្តេចនាយករដ្ឋមន្រ្តី គឺដោយសារតែវាជាជំរើសចុងក្រោយរបស់ពួកគាត់ បន្ទាប់ពីការព្យាយាមស្វះស្វែងរកដំណោះស្រាយនៅថ្នាក់ ភូមិ ឃុំ ស្រុក និងខេត្តមិនបានសំរេចមក៕៚
No comments:
Post a Comment