Friday, August 19, 2011

ក្រុម​សហគមន៍​ព្រៃ​ឡង់​ បន្ត​ចែក​ខិត្ត​ប័ណ្ណផ្សព្វ​ផ្សាយ​ពី ព្រៃឡង់​ ទៅដល់ អង្គការ​សហប្រជាជាតិ និង​បណ្តាស្ថាន​ទូត នានា

សហគមន៍​ព្រៃ​ឡង់​មួយ​ក្រុម​ក្នុង​ចំណោម​ក្រុម​សហគមន៍​ដ៏ទៃ ទៅដាក់​ខិត្ត​ប័ណ្ណ​ជូន​ស្ថាន​ទូត​ជប៉ុន

នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែសីហា ឆ្នាំ២០១១ ក្រុម​សហគមន៍​ព្រៃ​ឡង់​ បានបន្ត​ចែក​ខិត្ត​ប័ណ្ណផ្សព្វ​ផ្សាយ​ពី ព្រៃឡង់​ ទៅដល់ អង្គការ​សហប្រជាជាតិ និង​បណ្តាស្ថាន​ទូត នានាក្នុងរាជធានី​ភ្នំ​ពេញ។

តាម​ប្រ​សាស​ប្រ​លោក​ ថៃ​ ប៊ុន​លាង សហគមន៍ព្រៃ​ឡង់ ខេត្ត​ក្រចេះ បានឲ្យ​ដឹង​ថា៖ ខិត្តប័ណ្ណ និង​ព័ត៌មាន​លំអិត​ស្តីពី​ ព្រៃ​ឡង់ នឹង​ត្រូវ​ចែក​ដល់​ដៃ​របស់ អង្គការ​សហប្រ​ជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​ព្រះរាជជាណាចក្រ​កម្ពុជា បណ្តាស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​រួមមាន ស្ថាន​ទូត​ជប៉ុន ស្ថាន​ទូត​ស៊ុយ​អែត ស្ថាន​ទូត​អាមេរិច ស្ថានទូត​ចិន ស្ថាន​ទូត​បារាំង ស្ថាន​ទូត​អង់គ្លេស ស្ថានទូត​អាលឺម៉ង់ ស្ថានទូត​កូរ៉េ(ខាង​ត្បូង) ស្ថានទូត​វៀត​ណាម ស្ថានទូត​អូស្រ្តាលី និងស្ថានទូត​ឥណ្ឌូនេស៊ី ព្រមទាំង​ សហគមន៍អឺរុប ធនាគារ​អភិវឌ្ឍន៍​អាស៊ី និងធនាគារពិ​ភព​លោក។

យោង​តាម​របាយ​ការ​ណ៍​បូក​សរុប​​ របស់​ក្រុម​សហគមន៍​ព្រៃឡង់ មានតែ​ស្ថាន​ទូត​វៀត​ណាម​មួយ​គត់​ដែល​មិន​ហ៊ាន​ទទួល​យក​។ យើង​មិន​អាច​ដឹង​ពី​មួល​ហេតុ​ដែល​គេ​មិន​ហ៊ាន​ទទួល​ឡើយ។

Thursday, August 18, 2011

យុទ្ធ​នា​ការ​សែ្វង​រក​សំ​លេង​គាំ​ទ្រ​ការ​ពារ​ព្រៃ​ឡង់​ កក្រើក​ភ្នំ​ពេញ

ប្រជា​ជន​ធ្វើ​ការ​បន់​ស្រន់​ដល់​វត្ថុ​សក្តិសិទ្ធិ​ទាំង​ពួង​ឲ្យ​ជួយ​ការ​ពារ​ ព្រៃ​ឡង់ រួច​ផុត​ពី​ការ​កាប់​បំផ្លាញ​

មាន​ប្រជាជន​ប្រ​មាណ​ជា​ជាង២០០​នាក់​ មក​ពី​២០​ខេត្ត​-ក្រុង​នានា​ បាន​មក​ជួប​ជុំ​គ្នា ធ្វើ​យុទ្ធនាការណ៍​ស្វែង​រក​សំលេង​គ្រាំទ្រ​​ឲ្យ​មាន​ការ​ចូរ​រួម ការ​ពារ​ព្រៃ​ឡង់ ក្នុង​រាជ​ធានី​ភ្នំ​ពេញ កាល​ពី​ព្រឹក​ថ្ងៃព្រ​ហស្បតី៍​ ទី១៨ ខែ​សីហា​ ឆ្នាំ២០១១។



យោង​តាម​សំដី​របស់​​តំណាង​សហគមន៍ បាន​ឲ្យ​ដឹង​ថា៖ សហគមន៍​ទាំង​នោះគឺ​មក​ពី​២០​ខេត្ត​-​ក្រុង រួម​មាន​ កំពង់ធំ ព្រះ​វិហារ ស្ទឹង​ត្រែង ក្រ​ចេះ រតនៈគីរី មណ្ឌលគីរី កំពង់​ចាម​ កំពង់​ស្ពឺ តាកែវ ព្រះ​ស៊ី​ហនុ កំពត កោះកុង កំពង់​ឆ្នាំង សៀម​រាប បន្ទាយ​មានជ័យ ឧត្តរមានជ័យ ប៉ៃ​លិន បាត់ដំបង ពោធិសាត់ និង​រាជធានី​ភ្នំ​ពេញ។

តាម​ប្រ​ភព​ព័ត៌មាន​បានឲ្យ​ដឹង​ទៀត​ថា ការ​មក​ជួប​ជុំ​គ្នា​នៅ​ពេល​នេះ ក្នុង​គោល​បំណង​ធំ​តែ​មួយ​គត់គឺ ស្វែង​រក​ការ​គាំ​ទ្រ​ដើម្បី​ឲ្យ​មាន​ការ​ចូល​រួម​ការ​ពារ ព្រៃ​ឡង់។ សកម្មភាពស្វែង​រក​ការ​គាំទ្រនេះ ធ្វើឡើង​ជាពីរ​ដំណាក់​កាលគឺ ១. ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ការ​បន់​ស្រន់ ២. ចែក​ខិត្តប័ណ្ណផ្សព្វ​ផ្សាយ។

តាម​ប្រ​ភព​ដដែល​បាន​បន្ថែម​ថា សំរាប់​រាជ​ធានីភ្នំ​ពេញ ការ​បន់ស្រន់​ធ្វើឡើង​នៅ​ខាង​មុខ​ វិហារ​ព្រះអង្គ​ដងកើ និង​ធ្វើ​ការ​ចែក​ខិត្តប័ណ្ណ​ផ្សព្វ​ផ្សាយ​នៅ​តាម​ប៉ុស្តិ៍ភ្លើង​ស្តុប​ សំខាន់​ៗ រួម​មាន ស្តុប​​វិមាន​ចំការ​មន ស្តុប​បូកគោ​ ស្តុប​ពេទ្យ​ចិន ស្តុប​ព្រះ​សក្យ​មុនីចេ​តិយ ស្តុប​ដេ​អិន ស្តុប​វត្ត​ព្រះ​ពុទ្ធ ស្តុប​ផ្សារ​ដើម​គ ស្តុប​ទួល​គោក​ និង​ស្តុប​ស្ទឹង​មានជ័យ។ ដោយ​ឡែក​ពិធី​បន់​ស្រន់​ ត្រូវ​បាន​ធ្វើ​នៅ​តាម​បណ្តាខេត្តនានា​ចំនួន​១៤​ខេត្ត ត្រូវ​នឹង​១៤៦ភូមិ ក្នុង​ថ្ងៃ​ដដែល​នេះដែរ។
សកម្មភាព​សហគមន៍​ចែក​ខិត្តប័ណ្ណផ្សព្វផ្សាយ ​ព្រៃឡង់ នៅ​ត្រង់​ចំនុច​ស្តុប​បូកគោ

ការ​ចែក​ខិត្ត​ប័ណ្ណនៅ​តាម​បណ្តា​ស្តុប​សំខាន់​ៗ ត្រូវ​បាន​បង្អាក់​ដោយ​​ក្រុម​​មន្រ្តី​នគរបាល​មូលដ្ឋាន​ ក្រោម​ការ​ចោទ​ប្រ​កាន់​ថា​ ធ្វើ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ ចោល​សំរាម​នៅ​ទី​សាធារណៈ និងធ្វើ​ការ​ចែក​ចាយ​ខិត្ត​ប័ណ្ណដោយ​គ្មាន​ការអនុញ្ញាត​ពី​សាលារាជ​ធានី​ ភ្នំ​ពេញ។
ក្រុម​សហគមន៍​ត្រូវ​បាន​មន្ត្រី​ប៉ូ​លីស​មូល​ដ្ឋាន​នាំខ្លួន​ទៅកាន់​ប៉ុស្តិ៍​សង្កាត់​បឹង​កេង​កង​៣​ ដើម្បី​អប់រំ

យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រជាជន​ដែល​ធ្វើ​ការ​ចែក​ចាយ​ខិត្តប័ណ្ណ​នោះ​មួយ​ ចំនួន​ធំ​ ត្រូវ​បាន​នាំ​ខ្លួន​ទៅកាន់​ប៉ុស្តិ៍សង្កាត់​នានា​ដើម្បី​ធ្វើ​ការ​​អប់​រំ និង​ធ្វើ​កិច្ច​សន្យា​ឈប់​បន្ត​ការ​ចែក​ចាយ​ខិត្ត​ប័ណ្ណ។

រហូត​មក​ដល់​ពេល​នេះពុំ​មាន​សហគមន៍​ណា​មួយ​ត្រូវ​បាន​ឃាត់​ខ្លួន​ឡើយ។