Thursday, September 6, 2012

សំណើសុំការគាំទ្រឥណទានទិញដីសំរាប់ សាងសង់លំនៅដ្ឋាន




ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

យើងខ្ញុំជាប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ ជា ផេង អភិវឌ្ឍន៍ ចំនួន ៦៨ គ្រួសារ
សូមគោរពចូលមក
លោក-លោកស្រី អគ្គនាយកនៃអង្គការមិនមែនរដ្ឋាភិបាល
តាមរយៈ លោកមេភូមិឬស្សី
-       លោកចៅសង្កាត់ស្ទឹងមានជ័យ
កម្មវត្ថុៈ សំណើសុំការគាំទ្រឥណទានទិញដីសំរាប់ សាងសង់លំនៅដ្ឋានចំនួន ៥៨.០០០ ដុល្លា​(ប្រាំម៉ឺនប្រាំបីពាន់ដុល្លា) សំរាប់ចែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន ៦៨ គ្រួលារ។

តបតាមកម្មវិធីខាងលើ យើងខ្ញុំមានកិត្តិយស សូមជំរាបជូន លោក-លោកស្រី អគ្គនាយកនៃអង្គការមិនមែន​រដ្ឋាភិបាល មេត្តាជ្រាបថា​ បច្ចុប្បន្ននេះសហគមន៍យើងខ្ញុំ មានប្រជាពលរដ្ឋចំនួន ៦៨ គ្រួលារ កំពុងរស់​នៅលើដីជួល ដោយជួលដីឯងជន​ ពីឈ្មោះ មោង សម្បត្តិ ដែលមានទីតាំងស្ថិតនៅក្រុម ១៧ ភូមិឬស្សី​ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។​ បច្ចុប្បន្នដោយម្ចាស់ដីឯកជនឈ្មោះ មោង សម្បត្តិ គេឈប់ជួលឲ្យ​សហគមន៍ យើងខ្ញុំស្នាក់នៅតទៅទៀតហើយ

ដោយហេតុនេះសហគមន៍យើងខ្ញុំ បានសម្រេចរួមគ្នាយកប្រាក់សន្សំ​ដែលសហគមន៍យើងខ្ញុំបាន​ចងក្រងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១១ ហើយ​សន្សំប្រាក់បាន ៤.៧៦០$ ដើម្បីទិញដីដែលមានទីតាំងនៅភូមិ​តាភេម សង្កាត់ កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលមានចំងាយ ១៩ គម ពីវត្តភ្នំ ទំហំ ៦.៧៨៤m2 (ប្រាំមួយ​ពាន់​ប្រាំពីររយ​ប៉ែត​សិប​បួនម៉ែត្រក្រឡា) មានតំលៃ ៦១.០៥៦$ (ប្រាំមួយម៉ឺន មួយ​ពាន់​ហា​សិបប្រាំមួយដុល្លា) ដូច្នេះនៅខ្វះថវិកា ៥៦.២៩៦$ (ប្រាំម៉ឺនប្រាំ​មួយ​ពាន់ពីររយកៅសិបប្រាំមួយដុល្លា) ទៀតទើបអាចទិញដីនេះបាន។

អាស្រ័យដូចបានជំរាបជូនខាងលើ សូម លោក-លោកស្រី អគ្គនាយកនៃអង្គការមិនមែនរដ្ឋាភិបាល មេត្តា​ជួយផ្តល់ ឥណទានទិញដីសហគមន៍ចំនួន ៥៦.២៩៦$ (ប្រាំម៉ឺនប្រាំមួយពាន់ ពីររយកៅសិបប្រាំមួយ​ដុល្លា) ដើម្បីយើងខ្ញុំ ទទួលបានដីសាងសង់ផ្ទះ ស្នាក់នៅសមរម្យ និង អភិវឌ្ឍន៍សហគមន៍ទៅថ្ងៃអនាគត ដោយក្តីអនុគ្រោះ។

យើង​ខ្ញុំ​សូម​ធានា​អះអាង​ថា​នឹង​ធ្វើ​ការ​ទូទាត់​សង​វិញ​ឲ្យ​បាន​ទៀង​ទាត់​ទៅតាម​គោលការ​ណ៍ដែល​បាន​កំណត់។
            ដោយក្តីគោរព​ដ៏ខ្ពង់ខ្ពស់ពីយើង​ខ្ញុំ​ទាំង​អស់​គ្នា។

                    ស្នាម​មេដៃ​មេភូមិឬស្សី                                      ថៃ្ងទី...........ខែ...........ឆ្នាំ ២០១២
                                                                                                                          ស្នាមមេដៃគណៈកម្មការសហគមន៍



        អ៊ុយ មន                  ជា ផេង​     ​         វង្ស យូហាន                      អ៊ីន សុភាព

                                                                                          លេខៈ............................
                                                                                      បានឃើញ និងទទួល​ស្គាល់​
                                                                                 ថាប្រជាពលរដ្ឋខាង​លើ​ពិតជារស់នៅលើ
                                                                                       ដីជួល​នៅភូមិ​ឬស្សីពិត​មែន។
                                                                                        ថ្ងៃទី.......ខែ.........ឆ្នាំ​ ២០១២
                                                                                                  ចៅសង្កាត់







Wednesday, September 5, 2012

អាជ្ញាធរ​ឃុំ​នៅ​ខេត្ត​ក្រចេះ​រំសាយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង



ដោយ ទេព សុរ៉ាវី
2012-09-03
នៅ​ឯ​ខេត្ត​ក្រចេះ អាជ្ញាធរ​ឃុំ​ឃ្សឹម ក្នុង​ស្រុក​ស្នួល សម្រេច​រំសាយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង បន្ទាប់​ពី​សហគមន៍​នេះ​បង្កើត​ឡើង​បាន​រយៈពេល​១០​ឆ្នាំ​មក​ហើយ។
ការ​ប្រកាស​រំសាយ​នោះ ត្រូវ​បាន​ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​រិះគន់​ថា ជា​ការ​បិទ​មាត់​ប្រជា​សហគមន៍​មិន​ឲ្យ​មានសិទ្ធិ​តវ៉ា និង​ការពារ​ព្រៃ​ឈើ។
ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង លោក ហួន ជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា ពួក​គាត់​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ចឹង មាន​ជីវិត​ឡើង​វិញ បន្ទាប់​ពី​អាជ្ញាធរ​ឃុំ​បាន​ប្រកាស​លុប​ចោល​សហគមន៍​នេះ ដោយ​គ្មាន​មូលហេតុ​ច្បាស់​លាស់។
លោក ហួន ជា ឲ្យ​ដឹង​ថា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ចឹង បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០២ ដោយ​អាជ្ញាធរ​ឃុំ​ឃ្សឹម ជា​អ្នក​បង្កើត​ឡើង និង​បាន​ជ្រើស​រើស​លោក​ធ្វើ​ជា​ប្រធាន​សហគមន៍។ សហគមន៍​នេះ​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​៦.០៣៨​ហិកតារ និង​មាន​ជនជាតិ​ដើម​ភាគ​តិច​ព្នង ១៥៥​គ្រួសារ កំពុង​រស់នៅ។
លោក​បន្ត​ថា អាជ្ញាធរ​បាន​ប្រកាស​លុប​សហគមន៍​នេះ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា កន្លង​ទៅ នៅ​ពេល​ដែល​សហគមន៍​បាន​រាយការណ៍​ពី​ឈ្មោះ​ជន​៣នាក់ ដែល​កំពុង​កាប់​ទន្ទ្រាន​ដី​ក្នុង​សហគមន៍។ លោក​បន្ត​ថា ការ​រំសាយ​សហគមន៍​នោះ ទំនង​ជា​អាជ្ញាធរ​ឃុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ ព្រៃ​ឈើ ទើប​សម្រេច​លុប​ចោល​សហគមន៍​ចេញ ដើម្បី​បិទ​មាត់​មិន​ឲ្យ​សហគមន៍​មាន​សំឡេង​តវ៉ា​រឿង​ការ​ចូល​ទៅ​កាប់​ឈើ​ខុស ច្បាប់​ក្នុង​សហគមន៍​ទៀត៖ «គាត់​បិទ​សហគមន៍​ខ្ញុំ​មែន ប្រជាពលរដ្ឋ​អត់​មាន​សិទ្ធិ​តវ៉ា ច្បាស់​ជា​អស់​ដីធ្លី​របស់​ជនជាតិ។ បើ​ឥឡូវ​អានាធិបតេយ្យ អ្នក​បំផ្លាញ​ព្រៃ​ឈើ អ្នក​កាប់​ឈើ​រុករាន​យក​ដី»
លោក ហួន ជា បញ្ជាក់​ថា ក្រោយ​ពី​អាជ្ញាធរ​ឃុំ​ប្រកាស​រំសាយ​សហគមន៍​នេះ​បាន​មួយ​ថ្ងៃ មាន​ឈ្មួញ​មួយ​ចំនួន និង​ប្រជាពលរដ្ឋ​ចំណូល​ថ្មី​ខ្លះ បាន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​យ៉ាង​ច្រើន​កុះករ។ លុះ​ពេល​សហគមន៍​ចូល​ទៅ​ទប់ស្កាត់ ពួក​គេ​ទាំង​នោះ​អះអាង​ថា ព្រៃ និង​ដី​តំបន់​នោះ ជា​កម្មសិទ្ធិ​របស់​ពួក​គេ។ លោក​បន្ត​ថា សហគមន៍​មិន​មាន​អំណាច​ដូច​មុន ដើម្បី​អាច​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​បាន​ទេ ដោយ​គ្មាន​ការ​គាំទ្រ​ពី​អាជ្ញាធរ។
ស្រដៀង​គ្នា​នេះ​ដែរ លោក សន យ៉ាន ប្រធាន​សហគមន៍​ព្រៃ​ឈើ និង​ដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ឲ្យ​ដឹង​ថា សហគមន៍​នេះ​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ ក្នុង​តំបន់​រក្សា​ប្រពៃណី ទំនៀម​ទម្លាប់​ជនជាតិ​ដើម​ភាគ​តិច។ លោក​បាន​ប្រដូច​ការ​រំសាយ​សហគមន៍​នោះ ទៅ​នឹង​ការ​ខ្ទប់​មាត់​របស់​អាជ្ញាធរ​មិន​ឲ្យ​អ្នក​ភូមិ​ស្រែក​តវ៉ា រឿង​ទំនាស់​ដីធ្លី និង​បទល្មើស​ព្រៃ​ឈើ៖ «គេ​រំសាយ​ហ្នឹង​បាន​ន័យ​ថា គេ​ទប់​មាត់​យើង​មិន​ឲ្យ​យើង​និយាយ​ស្រែក​តវ៉ា​រឿង​ដីធ្លី​ត​ទៅ​ទៀត»
ជុំវិញ​ការ​រំសាយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នោះ ជំទប់​ទី១​ឃុំ​ឃ្សឹម លោក ឌី សុខាន់ ពន្យល់​ថា សហគមន៍​នេះ​កន្លង​មក រដ្ឋបាល​ព្រៃ​ឈើ​មិន​ទាន់​បាន​ទទួល​ស្គាល់​ជា​សហគមន៍​ស្រប​ច្បាប់​នៅ​ឡើយ។ សហគមន៍​នេះ​មិន​ទាន់​មាន​សមាជិក និង​គណៈកម្មការ​ច្បាស់​លាស់ ទើប​អាជ្ញាធរ​ឃុំ​សម្រេច​រំសាយ តែ​ពួក​គេ​នៅ​តែ​អាច​ការពារ​តំបន់​ព្រៃ​នោះ​បាន​ដដែល៖ «ជ្រើស​រើស​មែន ប៉ុន្តែ​កន្លង​មក​ដូច​អង្គការ​អេ.អេស.ភី (ASP) គាត់​គាំទ្រ ប៉ុន្តែ​ដល់​ដាច់​រយៈ​ទៅ ដល់​ដាច់​ទៅ សមាជិក​អត់​បាន​ធ្វើ គ្រាន់​តែ​ព្រាង​ទេ។ ប៉ុន្តែឥឡូវ បើ​សិន​ជា​សមាជិក​សហគមន៍​យើង​វា​គ្មាន​ទេ យើង​គ្រាន់​តែ​ជួយ​ការពារ​ហ្នឹង វា​ល្អ​ហើយ»
ជនជាតិ​ដើម​ភាគ​តិច ត្រូវ​បាន​គាំពារ​ដោយ​ច្បាប់​ភូមិបាល។ មាត្រា​២៣ នៃ​ច្បាប់​នេះ បញ្ជាក់​ថា ក្នុង​ពេល​រង់ចាំ​ការ​កំណត់​ខាង​ផ្លូវ​ច្បាប់​នូវ​លក្ខន្តិកៈ​របស់​សហគមន៍ ក្រុម ឬ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ដែល​មាន​ជាក់ស្តែង​មក​ទល់​បច្ចុប្បន្ន​នេះ នឹង​បន្ត​គ្រប់គ្រង​សហគមន៍ និង​អចលនវត្ថុ​របស់​ខ្លួន​តាម​ប្រពៃណី ហើយ​ត្រូវ​អនុវត្ត​តាម​បញ្ញត្តិ​នៃ​ច្បាប់។
ប្រធាន​អង្គការ​អភិវឌ្ឍ​សហគមន៍ លោក យក់ ធារី ឲ្យ​ដឹង​ថា ជនជាតិ​ដើម​ភាគ​តិច​ងាយ​នឹងរង​គ្រោះ​ដីធ្លី ព្រៃ​អារក្ស ចម្ការ​វិល​ជុំ និង​វប្បធម៌​ប្រពៃណី​របស់​ខ្លួន។ លោក​ថា អាជ្ញាធរ​គួរ​តែ​គាំទ្រ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច ចង​ក្រង​គ្នា​ជា​សហគមន៍ ដើម្បី​អាច​ឲ្យ​ពួក​គេ​រក្សា​ដី​ព្រៃ និង​ប្រពៃណី​របស់​ខ្លួន​ឲ្យ​បាន​គង់វង្ស៕