ដោយ ទេព សុរ៉ាវី
2012-09-03
នៅឯខេត្តក្រចេះ អាជ្ញាធរឃុំឃ្សឹម ក្នុងស្រុកស្នួល សម្រេចរំសាយសហគមន៍ជនជាតិដើមភាគតិចព្នង បន្ទាប់ពីសហគមន៍នេះបង្កើតឡើងបានរយៈពេល១០ឆ្នាំមកហើយ។
ការប្រកាសរំសាយនោះ ត្រូវបានប្រធានសហគមន៍ជនជាតិដើមភាគតិចរិះគន់ថា ជាការបិទមាត់ប្រជាសហគមន៍មិនឲ្យមានសិទ្ធិតវ៉ា និងការពារព្រៃឈើ។
ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង លោក ហួន ជា ឲ្យដឹងនៅថ្ងៃទី៣ ខែកញ្ញា ថា ពួកគាត់ស្នើសុំឲ្យរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ជួយអន្តរាគមន៍ឲ្យសហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិចឹង មានជីវិតឡើងវិញ បន្ទាប់ពីអាជ្ញាធរឃុំបានប្រកាសលុបចោលសហគមន៍នេះ ដោយគ្មានមូលហេតុច្បាស់លាស់។
លោក ហួន ជា
ឲ្យដឹងថា សហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិចឹង បានបង្កើតឡើងកាលពីឆ្នាំ២០០២ ដោយអាជ្ញាធរឃុំឃ្សឹម ជាអ្នកបង្កើតឡើង និងបានជ្រើសរើសលោកធ្វើជាប្រធានសហគមន៍។ សហគមន៍នេះគ្របដណ្ដប់លើផ្ទៃដី៦.០៣៨ហិកតារ និងមានជនជាតិដើមភាគតិចព្នង ១៥៥គ្រួសារ កំពុងរស់នៅ។
លោកបន្តថា អាជ្ញាធរបានប្រកាសលុបសហគមន៍នេះ កាលពីថ្ងៃទី២៩ ខែសីហា កន្លងទៅ នៅពេលដែលសហគមន៍បានរាយការណ៍ពីឈ្មោះជន៣នាក់ ដែលកំពុងកាប់ទន្ទ្រានដីក្នុងសហគមន៍។ លោកបន្តថា ការរំសាយសហគមន៍នោះ ទំនងជាអាជ្ញាធរឃុំមានជាប់ពាក់ព័ន្ធនឹងជនដែលប្រព្រឹត្តបទល្មើស ព្រៃឈើ ទើបសម្រេចលុបចោលសហគមន៍ចេញ ដើម្បីបិទមាត់មិនឲ្យសហគមន៍មានសំឡេងតវ៉ារឿងការចូលទៅកាប់ឈើខុស ច្បាប់ក្នុងសហគមន៍ទៀត៖ «គាត់បិទសហគមន៍ខ្ញុំមែន ប្រជាពលរដ្ឋអត់មានសិទ្ធិតវ៉ា ច្បាស់ជាអស់ដីធ្លីរបស់ជនជាតិ។ បើឥឡូវអានាធិបតេយ្យ អ្នកបំផ្លាញព្រៃឈើ អ្នកកាប់ឈើរុករានយកដី»។
លោក ហួន ជា
បញ្ជាក់ថា ក្រោយពីអាជ្ញាធរឃុំប្រកាសរំសាយសហគមន៍នេះបានមួយថ្ងៃ មានឈ្មួញមួយចំនួន និងប្រជាពលរដ្ឋចំណូលថ្មីខ្លះ បានចូលទៅកាប់ឈើក្នុងព្រៃយ៉ាងច្រើនកុះករ។ លុះពេលសហគមន៍ចូលទៅទប់ស្កាត់ ពួកគេទាំងនោះអះអាងថា ព្រៃ និងដីតំបន់នោះ ជាកម្មសិទ្ធិរបស់ពួកគេ។ លោកបន្តថា សហគមន៍មិនមានអំណាចដូចមុន ដើម្បីអាចទប់ស្កាត់បទល្មើសព្រៃឈើបានទេ ដោយគ្មានការគាំទ្រពីអាជ្ញាធរ។
ស្រដៀងគ្នានេះដែរ លោក សន
យ៉ាន ប្រធានសហគមន៍ព្រៃឈើ និងដីធ្លីនៅក្នុងស្រុកស្នួល ឲ្យដឹងថា សហគមន៍នេះបានដើរតួនាទីសំខាន់ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ក្នុងតំបន់រក្សាប្រពៃណី ទំនៀមទម្លាប់ជនជាតិដើមភាគតិច។ លោកបានប្រដូចការរំសាយសហគមន៍នោះ ទៅនឹងការខ្ទប់មាត់របស់អាជ្ញាធរមិនឲ្យអ្នកភូមិស្រែកតវ៉ា រឿងទំនាស់ដីធ្លី និងបទល្មើសព្រៃឈើ៖ «គេរំសាយហ្នឹងបានន័យថា គេទប់មាត់យើងមិនឲ្យយើងនិយាយស្រែកតវ៉ារឿងដីធ្លីតទៅទៀត»។
ជុំវិញការរំសាយសហគមន៍ជនជាតិដើមភាគតិចព្នងនោះ ជំទប់ទី១ឃុំឃ្សឹម លោក ឌី
សុខាន់ ពន្យល់ថា សហគមន៍នេះកន្លងមក រដ្ឋបាលព្រៃឈើមិនទាន់បានទទួលស្គាល់ជាសហគមន៍ស្របច្បាប់នៅឡើយ។ សហគមន៍នេះមិនទាន់មានសមាជិក និងគណៈកម្មការច្បាស់លាស់ ទើបអាជ្ញាធរឃុំសម្រេចរំសាយ តែពួកគេនៅតែអាចការពារតំបន់ព្រៃនោះបានដដែល៖ «ជ្រើសរើសមែន ប៉ុន្តែកន្លងមកដូចអង្គការអេ.អេស.ភី (ASP) គាត់គាំទ្រ ប៉ុន្តែដល់ដាច់រយៈទៅ ដល់ដាច់ទៅ សមាជិកអត់បានធ្វើ គ្រាន់តែព្រាងទេ។ ប៉ុន្តែឥឡូវ បើសិនជាសមាជិកសហគមន៍យើងវាគ្មានទេ យើងគ្រាន់តែជួយការពារហ្នឹង វាល្អហើយ»។
ជនជាតិដើមភាគតិច ត្រូវបានគាំពារដោយច្បាប់ភូមិបាល។ មាត្រា២៣ នៃច្បាប់នេះ បញ្ជាក់ថា ក្នុងពេលរង់ចាំការកំណត់ខាងផ្លូវច្បាប់នូវលក្ខន្តិកៈរបស់សហគមន៍ ក្រុម ឬសហគមន៍ជនជាតិដើមភាគតិចដែលមានជាក់ស្តែងមកទល់បច្ចុប្បន្ននេះ នឹងបន្តគ្រប់គ្រងសហគមន៍ និងអចលនវត្ថុរបស់ខ្លួនតាមប្រពៃណី ហើយត្រូវអនុវត្តតាមបញ្ញត្តិនៃច្បាប់។
ប្រធានអង្គការអភិវឌ្ឍសហគមន៍ លោក យក់ ធារី ឲ្យដឹងថា ជនជាតិដើមភាគតិចងាយនឹងរងគ្រោះដីធ្លី ព្រៃអារក្ស ចម្ការវិលជុំ និងវប្បធម៌ប្រពៃណីរបស់ខ្លួន។ លោកថា អាជ្ញាធរគួរតែគាំទ្រឲ្យជនជាតិដើមភាគតិច ចងក្រងគ្នាជាសហគមន៍ ដើម្បីអាចឲ្យពួកគេរក្សាដីព្រៃ និងប្រពៃណីរបស់ខ្លួនឲ្យបានគង់វង្ស៕
No comments:
Post a Comment