Thursday, April 25, 2013

១ ,ខ្ញុំជាអកសត្វខ្ចាត់ព្រាត់ទ្រនុំ                      កន្លែងធ្លាប់ទុំទ្រនុំធ្លាប់រស់​​
ចាកចោលគ្រួសារចាកហ្វូងទាំងអស់       ដោយព្រានលប់អស់ជម្រកមច្ឆា​។​
២,អកសត្វបក្សាមច្ឆាចំណី                            មករស់ក្នុងព្រៃអាស្រ័យផល្លា
ពិបាករស់ណាស់ផ្លាស់ប្ដូរអាហារ    ស្គាំងស្គមខ្លោចផ្សាចិន្ដារីងរៃ ។
៣,ឪហ្វូងអកសត្វដែលព្រាត់ទ្រនុំ   អកគេអកខ្ញុំបែកទាំងអាល័យ 
ជួបគ្នាម្ដងៗសែនរំភើបក្រៃ       អោបថើ់បចាប់ដៃលាយឡំទឹកភ្នែក  ។
៤,ខំស្រែកយ៉ាងណាកយើងជាសត្វ ​ មានតែត្រូវព្រាត់ចាំជួបថ្ងៃស្អែក
ឬមួយមិនជួបមានតែថ្ងៃបៃក    ទោះបីខំស្រែកក៍វាគ្មាននយ័  ។  

Saturday, April 13, 2013


  • ជំនួញឈើគ្រញូងលើកំណាត់ផ្លូវជាង500គ.ម ចាប់ពីព្រំដែនខ្មែរ-សៀមដល់ព្រំដែនខ្មែរ-វៀតណាម
    បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
    ខេត្តសៀមរាប ៖ សកម្មភាពដឹកជញ្ជូនឈើគ្រញូងតាមរថយន្តទំនើបៗចេញពីភូមិសាស្ត្រខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខ្មែរ-សៀម ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ជាប់ព្រំដែនកម្ពុជា-វៀតណាម បានរើបឡើងដូចបាយពុះវិញទៀតហើយ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវបទបញ្ជាដ៏ក្តៅគគុកមួយកាលពីពេលថ្មីៗនេះឱ្យបញ្ឈប់ជាបន្ទាន់នូវការកាប់ឈើប្រភេទនេះទាំងនៅក្នុងទឹកដីកម្ពុជា ទាំងនៅទឹកដីប្រទេសជិតខាង ។
    សកម្មភាពដឹកជញ្ជូនឈើគ្រញូងផ្គើនទៅនឹងបទបញ្ជានោះ អាចដំណើរការប្រកបដោយភាពស្ងៀមស្ងាត់នៅលើចម្ងាយផ្លូវដ៏វែងនេះត្រូវបានគេសង្ស័យថា ទាល់តែមានការឃុបឃិតប្រព្រឹត្តអំពើពុករលួយរវាងក្រុមឧក្រិដ្ឋជនព្រៃឈើ ជាមួយមន្ត្រីពាក់ព័ន្ធជាច្រើនដែលដាក់ពង្រាយនៅតាមដងផ្លូវក៏ដូចជាកម្លាំងពួនស្ទាក់មួយចំនួនទៀត ទើបអាចឆ្លងផុតទៅដល់គោលដៅ ។
    យោងតាមប្រភពព័ត៌មានពីក្រុមអ្នកតាមដានបទល្មើសព្រៃឈើឱ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះគេឃើញមានរថយន្តតូចធុនទំនើបៗជាច្រើនគ្រឿងធ្វើសកម្មភាពដឹកជញ្ជូនឈើគ្រញូងស្ទើររាល់យប់ ចេញពីតំបន់ខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់ផ្លូវជាតិលេខ៦៧ចូលមកទឹកដីខេត្តសៀមរាបរួចបន្តតាមផ្លូវជាតិលេខ៦ ឆ្លងកាត់ខេត្តកំពង់ធំឆ្ពោះទៅកាន់ទឹកដីខេត្តកំពង់ចាម ។
    ការដឹកជញ្ជូនឈើគ្រញូងទាំងនោះដំណើរការនៅពេលស្ងាត់ចាប់ពីចន្លោះម៉ោងប្រមាណ១០យប់ដល់ម៉ោង២រំលងអធ្រាត្រដោយក្នុងមួយយប់ៗមិនតិចជាង១០គ្រឿងឡើយ ។ ក្រុមអ្នកតាមដានដដែលបានបង្ហើបទៀតថា ឧក្រិដ្ឋជនដែលក្រាញននៀលរត់ពន្ធឈើគ្រញូងដែលជាប្រភេទឈើកម្រនិងមានតម្លៃខ្ពស់កប់ក្តោងនៅក្នុងទីផ្សារងងឹតនោះមានដូចជា ១-ឈ្មោះណាត ២-ឈ្មោះខា ៣-ឈ្មោះត្រកួន និង៤-ឈ្មោះពុំ ជាដើម ដែលឈ្មួញទាំងនោះសុទ្ធតែមានឈ្មួញធំៗមានលុយ និងអំណាចជាខ្នងបង្អែក ។
    គួរកត់សម្គាល់ផងដែរថា នៅលើចម្ងាយផ្លូវជិត៥០០គីឡូម៉ែត្រ តភ្ជាប់ពីតំបន់ព្រំដែនខ្មែរ-សៀម (ខេត្តឧត្តរមានជ័យ)ដល់ខេត្តកំពង់ចាមព្រំដែនខ្មែរ-យួន ជាពិសេសផ្លូវជាតិលេខ៦៧តែម្តង គេឃើញមានស្នាក់ការកម្លាំងជំនាញច្រើនដូចម្រាមដៃត្រូវបានដាក់ពង្រាយក្នុងនោះ មាន ស្នាក់ការសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើ ស្នាក់ការបរិស្ថាន និងកម្លាំងអន្តរាគមន៍ជាច្រើនអង្គភាពទៀតដូចជាកងរាជអាវុធហត្ថមានស្នាក់ការសន្តិសុខតាមផ្លូវជាតិគ្រប់ស្រុក និងអាវុធហត្ថខេត្តនិងផ្ទៃប្រទេស ។ រីឯខាងប៉ូលិសមានកម្លាំងអធិការដ្ឋានស្រុក សេដ្ឋកិច្ចខេត្ត-ក្រសួង ផ្នែកយោធាមានកម្លាំងស៊ើបការណ៍ចារកិច្ច រួមទាំងកម្លាំងមន្ត្រីពួនស្ទាក់ជាច្រើនទៀត ដើម្បីចាំទប់ស្កាត់បទល្មើសព្រៃឈើតែមិនដឹងថា ហេតុអ្វីបានជាបទល្មើសជំនួញឈើគ្រញូងនៅតែអាចដំណើរការបានយ៉ាងរលូនបែបនេះ ។
    ជុំវិញចម្ងល់ទាំងនេះ ត្រូវបានបុរសអតីតឈ្មួញឈើគ្រញូងម្នាក់ប្រាប់ថា មុខរបររកស៊ីដឹកឈើគ្រញូងនេះវាផ្សងព្រេងសម្បើមណាស់ បើគ្មានខ្នងបង្អែក ឬមិនចេះអារសាច់ឱ្យខ្លាស៊ីទេ គ្មានវាសនាបានសុខឡើយ ។ បុរសដដែលនោះ បន្ថែមថា ឈើគ្រញូងមួយរថយន្តតូចដឹកចេញពីស្រុកត្រពាំងប្រាសាទ ឬស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្លងកាត់ខេត្តសៀមរាប ខេត្តកំពង់ធំ ដល់ខេត្តកំពង់ចាម ត្រូវចំណាយប្រាក់រត់ការសរុបអស់យ៉ាងតិចពី៥ពាន់ដល់៧ពាន់ដុល្លារអាមេរិក បើពុំដូច្នេះទេទោះជាមានស្លាបហោះ ចេះជ្រែកដី ឬមុជទឹក ក៏មិនអាចនាំឈើទាំងនោះទៅដល់គោលដៅដែរ ច្បាស់ជាត្រូវសមត្ថកិច្ចទាំងនោះចាប់ទាំងឈើទាំងមនុស្សមិនខាន ។
    ទាក់ទិនទៅនឹងករណីកម្រើកឡើងវិញនៃបទល្មើសដឹកជញ្ជូនឈើគ្រញូងនោះដែរ ក្រុមអ្នកតាមដានលើការអនុវត្តច្បាប់បានលើកឡើងថា ក្រុមជនងងឹតដែលនៅតែបន្តស្ទុះស្ទាដឹកឈើគ្រញូងពីតំបន់ព្រំដែនខ្មែរ-សៀម ទៅលក់នៅព្រំដែនខ្មែរ-យួន ទាំងអស់នោះ មិនត្រឹមតែល្មើសនិងច្បាប់ស្តីពីព្រៃឈើ ច្បាប់ប្រឆាំងអំពើពុករលួយ ឬក៏ល្មើសទៅនឹងបទបញ្ជាយ៉ាងក្តៅគគុករបស់ប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងជាអំពើជញ្ជក់ញើសឈាមពលរដ្ឋស្លូតត្រង់ ដែលត្រូវគេបញ្ចុះបញ្ចូលឱ្យឆ្លងដែនចូលទៅក្នុងទឹកដីសៀមខុសច្បាប់ ដើម្បីកាប់ជញ្ជូនឈើគ្រញូងចេញពីទីនោះ ហើយអ្នកខ្លះត្រូវបានយោធាសៀមបាញ់ស្លាប់ ឬចាប់ខ្លួននិងរបួសជាច្រើននាក់ ។
    ស្របពេលសមត្ថកិច្ចជំនាញផ្សេងៗនៅតាមដងផ្លូវខកខានក្នុងការបង្ក្រាបបទល្មើសព្រៃឈើឆ្លងកាត់ភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួនកន្លងមក គេបានឃើញលោកទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងលោកវរសេនីយ៍ឯកអ៊ុំ អមរា ស្នងការរងនគរបាលខេត្តសៀមរាប បានប្រឹងប្រែងចេញល្បាតស្ទើរតែរៀងរាល់យប់ ហើយពេលខ្លះបានសម្រេចផ្ទុះអាវុធក៏មាន ធ្វើឱ្យក្រុមឧក្រិដ្ឋជនព្រៃឈើមួយចំនួនភ័យខ្លាចគួរសមដែរ ៕