Thursday, June 28, 2012

ស្រ្តី​បឹងកក់​រងគ្រោះ​១៣​នាក់​ត្រូវ​បាន​ដោះលែង​វិញ​ហើយ


ភ្នំពេញ ប៉ុស្ត៍​ 28 June 2012 ឃុត សុភចរិយា និង Shane Worrell

ភ្នំពេញៈ សំឡេង​ស្រែក​យំ​ថា «យើង​មាន​សេរីភាព​ហើយ​! យើង​មាន​សេរីភាព​ហើយ​!» ត្រូវ​បាន​គេ​ឮ ខណៈ​ដែល​ស្រ្តី​បឹងកក់​ទាំង ១៣ នាក់​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ ពី​ពន្ធនាគារ​ព្រៃ​ស កាល​ពី​យប់​មិញ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រាប់​រយ​នាក់​ជា​ពិសេស​កូន​ៗ​ របស់​ស្ត្រី​ទាំង​នោះ​ ស្រែក​ត្រេក​អរ​ផង យំ​ផង។

ទិដ្ឋភាព​នៃ​ភាព​រីករាយ​ដូច​គ្នា​នេះ ​ក៏​ត្រូវ​បាន​គេ​ឃើញ នៅ​មុន​ពេល​ដោះលែង​ពី​ពន្ធនាគារ នៅ​ពេល​ស្រ្តី​ទាំង​នោះ​យំ​ផង​ រីករាយ​ផង និង​ឱប​គ្នា​ទៅ​វិញ​ទៅ​មក​ផង ក្នុង​សាលា​ឧទ្ធរណ៍​នៅ​ពេល​តុលាការ​ប្រកាស​ថា ពួក​គេ​នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព។

បន្ទាប់​ពី​សវនាការ​រយៈ​ពេល ៤ ម៉ោង ​កាល​ពី​ម្សិលមិញ​ អង្គ​ជំនុំ​ជម្រះ​ចៅ​ក្រម ៣ នាក់​ បាន​តម្កល់​សាលក្រម​មាន​ពិរុទ្ធ​ របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​ឧសភា នៅ​ពេល​ស្រ្តី​ទាំង​នេះ​ ត្រូវ​បាន​ជំនុំ​ជម្រះ​ ក្នុង​រយៈ​ពេល ៣ ម៉ោង ដោយ​គ្មាន​មេធាវី។ ប៉ុន្តែ​នៅ​ពេល​ចៅក្រម​ប្រកាស​ជា​សាធារណៈ​ថា ទោស​របស់​ពួក​គេ នឹង​ត្រូវ​បន្ថយ​មក​ត្រឹម ១ ខែ ៣ ថ្ងៃ​នោះជា​ពេលវេលា ដែល​ពួក​គេ​បាន​ជាប់​ទោស​ នៅ​ពន្ធនាគារ​រួច​ហើយ​នោះ សំឡេង​ស្រែក​អបអរ​បាន​ផ្ទុះ​ឡើង។ បន្ទាប់​ពី​ដឹង​ថា ខ្លួន​នឹង​ត្រូវ​បាន​ដោះលែង​នោះ អ្នក​ស្រី ទេព វន្នី អាយុ ៣១ ឆ្នាំ​ បាន​ថ្លែង​ទាំង​ហូរ​ទឹកភ្នែក​ថា៖ «​សូម​អរគុណ​ចៅក្រម​សាលា​ឧទ្ធរណ៍។ ដោយ​សារ​ភាព​អយុតិ្តធម៌​នៃ​សាលា​ដំបូង​រាជធានី​បាន​ជា​ពួក​យើង​មក​ទីនេះ នៅ​ថ្ងៃ​នេះ ប៉ុន្តែ​ខ្ញុំ​សូម​អរគុណ​លោក ចំពោះ​សវនាការ​នេះ»។

អ្នក​គាំទ្រ​រាប់​រយ​នាក់​បាន​រាំ​និង​ច្រៀង​លេង​ នៅ​វិថី​ស៊ីសុវត្ថិ ខណៈ​ដំណឹង​ពី​ការ​ដោះលែង​ស្រ្តី​ទាំង​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ ហើយ​ពួក​គេ​ទីបំផុត​ ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​វេលា​ម៉ោង ៧ និង ២០ យប់​មិញ។

អ្នក​ស្រី យោម បុប្ផា អ្នក​ភូមិ​បឹងកក់ ស្រែក​ចេញ​ពី​ហ្វូង​មនុស្ស​ថា «ជយោ!ជយោ!» ខណៈ​ដែល​នគរបាល​ឃ្លាំ​មើល​ពី​ចិញ្ចើម​ផ្លូវ។ «យើង​ឈ្នះ​ហើយ​ ព្រោះ​សាលា​ឧទ្ធរណ៍​ដោះ​លែង​ពួក​យើង»។

ទោះ​ជា​យ៉ាង​ណា​ ស្រមោល​ខ្មៅ បាន​លុប​ការ​សាទរ​នេះ​នៅ​ពេល​អ្នក​ស្រី បូវ ស្រីស្រស់ ប្អូន​ស្រី បូវ សោភា ដែល​ជាប់​ទោស​បាន​រលូត​កូន បន្ទាប់​ពី​នគរបាល បាន​ទាត់​មួយ​ជើង​ចំពោះ ខណៈ​ដែល​អ្នក​គាំទ្រ​រាប់​រយ​នាក់​ប៉ះ​ទង្គិច​នឹង​កម្លាំង​នគរបាល​រាប់​ រយ​នាក់ ដែល​កាន់​ថែវ និង​ដំបង​ឆក់​នៅ​ខាង​ក្រៅ​តុលាការ​ពេល​ជម្រះ​។

ឃិក ចន្ទរស្មី ជាមិត្ត​នាង​ថ្លែងថា បូវ ស្រីស្រស់​ ត្រូវ​នាំ​ទៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតានិង​ទារក ពេល​នាង​សន្លប់​។ នាង​សួរ​ថា ៖ «​ឥឡូវ​នេះ​ទារក​ក្នុង​ផ្ទៃ​នាង​ស្លាប់​ហើយ។ តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ? មន្រ្តី​ជាន់​ខ្ពស់​ ឬ​ថ្នាក់​ទាប?»។

នគរបាល​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ប្រាប់​នាង ឬ​ភ្នំពេញ ប៉ុស្តិ៍ ទេ អំពី​ហេតុការណ៍​នេះ។

លោក យ៉េង វីរៈ នាយក​ប្រតិបតិ្ត​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍ ដែល​ចេញ​ផ្សាយ​ដោយ​សម្ព័ន្ធ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា៖ «មន្រ្តី​តុលាការ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ពេញ​លេញ​ និង​ឯករាជ្យ លើ​ហេតុការណ៍​នេះ ហើយ​កាត់​ទោស​មន្រ្តី​នគរបាល ដែល​វាយ​មក​លើ​ប្រជាជន ក៏​ដូច​ជា​មេ​បញ្ជាការ ដែល​បាន​បញ្ជា​ឲ្យ​ប្រើ​អំពើ​ហិង្សា»។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា​ថ្លែង​ថា៖«​ការ​កាត់ទោស​ស្រ្តី​ទាំង ​នេះ​ត្រូវ​តែ​លុបចោល ហើយ​សាលាក្រុង​ភ្នំពេញ​ត្រូវ​តែ​ដោះស្រាយ​វិវាទ​បឹងកក់​ម្តង​ឲ្យ​ចប់ ដើម្បី​កុំ​ឲ្យ​សហគមន៍​នេះ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​បាតុកម្ម​ដើម្បី​ភាព​ យុតិ្តធម៌ ដែល​ជា​ការ​ខាតបង់​ច្រើន​ចំពោះ​ពួក​គេ»។

សវនាការ​នៅ​សាលា​ឧទ្ធរណ៍​ភាគ​ច្រើន​កាល​ពី​ម្សិលមិញ​ផ្តោត​លើ​ការ ជាប់​ពាក់ព័ន្ធ​របស់​ពួក​គេ​នៅ​សន្និសីទ​កាសែត ​នៅ​បឹងកក់ កាល​ពី​ថ្ងៃ​ទី ២២ ខែ​ឧសភា ជា​ថ្ងៃ​ដែល​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន។

ស្រ្តី​ទាំង​នេះ​ត្រូវ​ចោទ​ប្រកាន់​ថា បាន​កាន់​ញញួរ និង​ឧបករណ៍​ដទៃ​ទៀត សង់​ផ្ទះ​ឡើង​វិញ​លើ​ដី​រដ្ឋ​ ក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់​លោក ឡាវ​ ម៉េងឃីន ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នក​ស្រី សុង ស្រីលាប អាយុ ២៤ ឆ្នាំ ដែល​ក្មេង​ជាង​គេ​ក្នុង​ស្រ្តី​ទាំង​១៣​នាក់ បាន​ថ្លែង​ថា ពួក​គេ​ចូល​រួម​ជា​លក្ខណៈ​បុគ្គល ហើយ​មិន​បាន​រំលោភ​ច្បាប់​ទេ។

ចៅក្រម​សួរ​ថា៖ «​ហេតុ​អ្វី​បាន​ជា​នគរបាល​ចាប់​ខ្លួន​ ប្រសិន​បើ​អ្នក​មិន​បាន​ធ្វើ​អ្វី​ខុស?»។ ​គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ។ ហេតុ​អ្វី​លោក​មិន​សួរ​នគរបាល?»។​

មេធាវី​ការពារ​ក្តីបាន​បង្ហាញ​រូបថត​អាវុធ​ឲ្យ​អ្នក​ស្រី ចេង លាប អាយុ ៤៥ ឆ្នាំ​មើល ដែល​អ្នក​ស្រី និង​ស្រ្តី​ដទៃ​ទៀត​ត្រូវ​ចោទ​ប្រកាន់​ថា កាន់​ញញួរ ​ហើយ​សួរ​ថា​ តើ​គាត់​ធ្លាប់​ឃើញ​ទេ?​ អ្នក​ស្រី​ថា៖« ខ្ញុំ​បាន​ឃើញ​ជា​លើក​ទី១»។

យោម បុប្ផា ថ្លែងថា​អ្នក​ស្រី ​គឺជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​បី​នាក់ ដែល​បដិសេធ​មិន​ឲ្យ​ចូល​ទៅ​តុលាការ ហើយ​នៅ​សល់​តែ អ្នកស្រី ឡុង គឹម​ហ៊ាង មន្រ្តី​ទំនាក់​ទំនង​នៅ​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ជា សាក្សី​តែ​ម្នាក់​គត់។

អ្នក​ស្រី​ថ្លែងថា៖ «ខ្ញុំ​បាន​ឃើញ​ពួក​គេ​កំពុង​ច្រៀង​នៅ​លើ​វាល​ខ្សាច់​នោះ ហើយ​បន្ទាប់​មក​អាជ្ញាធរ​ស្ទុះ​ចូល​ទៅ​ចាប់​ខ្លួន​ពួក​គេ »។​

ចៅក្រម​សួរ​ថា ៖ «អ្នក​ចង់​មាន​ន័យ​ថា ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​នៅ​ពេល​ចាប់​ខ្លួន​ទេ​ឬ?»« ​ចាស​! ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​»។

អ្នក​ស្រី ឡុង គឹមហ៊ាង ថ្លែង​ថា អ្នក​ស្រី​បាន​ឃើញ​មាន​ឈើ​និង​រណារមួយ​នៅ​លើ​ដី​នោះ ​ប៉ុន្តែ វា​ពុំ​មែន​ទេ រហូត​ដល់​ក្រុម​បុរស​ដែល​កាន់​ញញួរ និង​ពាក់​ម៉ាស់​មក​ដល់​ បន្ទាប់​គ្នា​គឺ​នគរបាល ដែល​កាន់​ដំបង និង​បំពាក់​ដោយ​អាវុធ​។

អ្នក​ស្រី​មិន​ជឿថា ក្រុម​នេះ​ពាក់ព័ន្ធ​នឹង​ស្រ្តី​១៣​នាក់​នេះ​ទេ​។

សេចក្តី​សន្និដាន​របស់​លោក លោក សួង សុផល ជា​មេធាវី​សាលា​រាជធានី​ដែល​អង្គុយ​នៅ​ជិត​ព្រះរាជ​អាជ្ញា ថា ក្រុម​ស្រ្តី​ទាំង​នោះ​មាន​ទោស​កំហុស​។ លោក​ថ្លែង​ថា​៖ «ខ្ញុំ​ស្នើ​ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​តម្កល់់​សាលក្រម​»។

ប្រធាន​ចៅ​ក្រម​ជម្រះ​ លោក សេង ស៊ីវុត្ថា ថ្លែងថា ការ​អះអាង​របស់​ស្រ្តី​នោះ​ពុំ​មាន​ភស្តុតាង​គាំទ្រ​ទេ ហើយ​អ្នក​ទាំង​នេះ​ទទួល​ស្គាល់​ពី​ការ​គាំទ្រ​គ្រួសារ​ចំនួន​១៨ ដែល​ព្យាយាម​សង់​ផ្ទះ​របស់​ខ្លួន​ឡើង​វិញ​។ ទោះ​យ៉ាង​ណា​តុលាការ​បាន​បន្ថយ​ទោស​ពួក​គេ​ដោយសារ​ភាគ​ច្រើន​នៃ​ ស្រ្តី​ទាំង​នោះ​ មាន​កូនៗ​ក្នុង​បន្ទុក។

លោកស៊ីវុត្ថា បន្ត​ថា៖ «អ្នក​រាល់​គ្នា​មាន​សេរីភាព​នៅ​ថ្ងៃ​នេះ»។

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ស្រី ពុង ឈីវ​កេក ថ្លែង​ថា វា​សំខាន់​ណាស់​ដែល​​ស្រ្តី​ទាំង​នេះ​ត្រូវ​ដោះ​លែង​។

លោក​ស្រី​បន្ត​ថា​៖ «ខ្ញុំ​រីករាយ​ជាមួយ​អ្នក​ទាំង​១៣​នាក់​ ព្រោះ​ថា ថ្ងៃ​នេះ​ពួក​គេ​អាច​ត្រឡប់​ទៅ​ជួប​គ្រួសារ​គេ​វិញ ប៉ុន្តែ​ខ្ញុំ​សោកស្តាយ ខ្ញុំ​ចង់​ឃើញ​តុលាការ​លើក​លែង​បទ​ចោទប្រកាន់​ពួក​គេ»។

«គ្មាន​អ្វី​ដែល​ត្រូវ​សង្ស័យ​ទេ ដែល​ថា ស្រ្តី​ទាំង​១៣​នាក់​គ្មាន​កំហុស.​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​»។

លោក​ស្រី​ ឈីវកេក សង្ឃឹម​ថា នឹង​មាន​ការ​លើក​លែង​បទ​ចោទ​ប្រកាន់​ទៅ​លើ លី ចាន់​ណារី និង សៅ សារឿន អ្នក​ភូមិ​បឹងកក់​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រៅ​សវនាការ ​របស់​ក្រុម​ស្រ្តី​ទាំង​១៣​នេះ កាល​ពី​ថ្ងៃទី២៤ មិថុនា ​ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទល្មើស​ដូច​គ្នា ​ហើយ​ត្រូវ​បាន​ដោះលែង​ក្រោម​ការ​ធានា​នៅ​ក្រៅ​ឃុំ។

លោក​ស្រី​រំពឹង​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា នឹង​ពុំ​មាន​សវនាការ​កាត់​ទោស​ពួក​គេ​ទេ ខ្ញុំ​ជឿ​ថា នឹង​មាន​ការ​លើក​លែង​ករណី​នេះ​»។

តំណាង​រាស្រ្តគណបក្ស​សមរង្ស៊ី លោក​ស្រី មូរ សុខហួរ ​ តាម​រយៈ​អ៊ីមែល​ពី​សហរដ្ឋ​អាមេរិក ថា​ ៖ «សាលក្រម​ដែល​រក​ឃើញ​ទោស​កំហុស​នោះ​ ​គឺ​គ្មាន​ន័យ​អ្វី​ទេ យុត្តិធម៌​បាន​ឈ្នះ»។ «​នៅ​ពេល​ប្រព័ន្ធ​យុត្តិធម៌​មិន​ដំណើរ​ការ ​យើង​ទាំង​អស់​ដែល​ជា​ប្រជាជន​នេះ​ហើយ ​ជា​ចៅ​ក្រម​​កំណត់​យុត្តិធម៌​សម្រាប់​ប្រជាជន ដែល​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​លើ​បទល្មើស​ដែល​មិន​បាន ប្រព្រឹត្ត»។

លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​អាស៊ី បាន​ថ្លែង​ថា ​វាជា​រឿង​គួរ​ឲ្យ​អស់​សំណើច ដែល​ក្រុម​ស្រ្តី​ទាំង​នោះ​ត្រូវ​ដោះ​លែង​ «ខណៈ​ពួក​គេ​មិន​គួរ​ត្រូវ​ចោទ​ប្រកាន់ ឬ​កាត់​ទោស​នៅ​សាលា​ដំបូង​នោះ»។ «​ព្រះ​រាជអាជ្ញា​គួរ​តែ​លើក​បទ​ចោទ​ភ្លាមៗ ចំពោះ​សកម្មជន​បឹងកក់​ពីរ​នាក់​ទៀត ដែល​សំណុំ​រឿង​ពួក​គេ​មិន​ទាន់​ដល់​ពេល​ជំនុំ​ជម្រះ»៕ TK/PS

រាយការណ៍​បន្ថែមៈ យុទ្ធណា

No comments:

Post a Comment