Tuesday, January 3, 2012

សង្គ្រាម​ដណ្តើម​ដីធ្លី នៅកណ្តាល​ទី​ក្រុង​ភ្នំពេញ ស្វាគមន៍​ឆ្នាំថ្មី

ភ្នំ​ពេញ - បូរីកីឡា

គំនរ​សំណង់​បាក់​បែករបស់​ប្រជាពលរដ្ឋ​៣០០​គ្រួសារដោយ​សារ​ការ​កំទិច នៅខាងមុខអាគារ​លំនៅ​ដ្ឋាន​ថ្មី​ (រូបថត 04.01.2012)
 
 កាល​ពី​ព្រឹក​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ២០១២ កំលាំង​ចំរុះអាជ្ញាធរ​មាន​សមត្ថកិច្ច ប្រដាប់​ទៅដោយ ខែល ដំបង​ឆក់ និង​អាវុធ​វែង-ខ្លី ប្រមាណ​ជា៥០០​នាក់ បាន​បើក​ឆាក​ប្រ​យុទ្ធជាមួយនឹង​ ប្រជាពលរដ្ឋ​នៅ​តំបន់​បូរីកីឡា ដោយ​​បាញ់​គំរាម ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និងដោយ​មាន​ការគាំទ្រដោយ​រថយន្ត​ពន្លត់​អគ្គីភ័យ ចំនួន​៤គ្រឿង ព្រម​ទាំងត្រាក់​ទ័រ​ចំនួន​២គ្រឿង។​

ការ​ទប់​ស្កាត់​ដោយ​អំពើហឹង្សា បានបណ្តាល​ឲ្យ​មាន​មនុស្សជា​ច្រើន​នាក់​រងរបួស ទាំង​ប្រជាជន​បូរីកីឡា ទាំង​កំលាំង​មានសមត្ថកិច្ច និង​ឈានដល់​ការចាប់ខ្លួន​ប្រជាជនចំនួន១១រូប។

គួររំលឹក​ផងដែរ​ថា ប្រជា​ជន​ដែល​ប៉ះ​ទង្គិច​ជាមួយនឹង​ អាជ្ញាធរ​មានសមត្ថ​កិច្ច គឺ​មាន​ចំនួន​៣០០​គ្រួសារ ដែល​ផ្ទះ​របស់​គាត់​ត្រូវ​បាន​គេកំទិច​ចោល​​ ដោយ​គ្មាន​សំណង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ហើយ​ពួក​គាត់​មាន​ទំនាស់​ដីធ្លី​នេះជាមួយនឹ​ង ក្រុម​ហ៊ុន​ផានអ៊ី​ម៉ិច​ អស់រយៈ​ពេល​ជិត​៨ឆ្នាំ​មក​ហើយ។

យោង​តាម​សំដី​ប៉ូលីស​ ខណ្ឌចំការមន​ម្នាក់​ (ស៊ីវិល) បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ដំបូង​ប្រជា​ពលរដ្ឋ​បាន​យល់​ព្រម​រុះ​រើ​តាមកា​រ​បង្គាប់​ហើយ ប៉ុន្តែ​បន្ទាប់​ពី​មាន​តំណាង​​គណៈបក្ស​សម​រង្ស៊ី ចូល​ទៅ​ជួប​ជាមួយ​នឹង​ក្រុម​ប្រ​ជាជនមួយ​សន្ទុះ​ ក៏ស្រាប់​តែ​ពួក​គាត់ (ប្រជាជន) ផ្លាស់​ប្តូរ​គំនិត​ឈប់​រុះ​រើ​វិញ ទើប​បណ្តាល​ឲ្យ​មាន​ហេតុ​ការណ៍ ដែល​មិន​គួរ​កើត​បែប​នេះ។

នេះគឺជាទង្វើ​​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ តាម​រយៈ​ការ​ប្រើ​ប្រាស់​កំលាំងសាធារណៈ​ បង្ក្រាប​ប្រជាពលរដ្ឋ​យ៉ាង​ហឹង្សា​ សំរាប់​ដើម​ឆ្នាំ​ថ្មី ២០១២នេះ។​

ក្រុម​អាជ្ញាធរ​មានសមត្ថកិច្ច ឈរ​ជើង​នៅ​តំបន់​ដែល​មានជំលោះ​កាលពី​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ២០១២ (រូបថត 04.01.2012)
ប្រជា​ពលរដ្ឋ​ឈរសម្លឹង​មើល​ផ្ទះ​ដែល​ត្រូវ​បាន​កំទិច​ចោល​ទាំង​ស្រណោះ ខណៈពេលរៀប​ចំ​ឥវ៉ាន់​ដែល​នៅសល់​ពីការ​រុះ​រើ (រូប​ថត 04.01.2012)

No comments:

Post a Comment