សេចក្តីថ្លែងការណ៍រួមរបស់បណ្តាញសហគមន៍កម្ពុជា
ទាមទារឲ្យដោះលែងអ្នកភូមិបឹងកក់
និងបញ្ឈប់ការតាមចាប់ខ្លួន អ្នកការពារសិទ្ធិមនុស្ស និងលំនៅដ្ឋាន ព្រមទាំងថ្កោលទោសចំពោះអំពើរំលោភសិទិ្ធមនុស្ស
យ៉ាងធ្ងន់ធ្ងរ ដែលបានប្រព្រឹត្តិដោយមន្រ្តី និងភ្នាក់ងាររាជរដ្ឋាភិបាលកម្ពុជា
-----------
យើងខ្ញុំជាបណ្តាញសហគមន៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា
រួមមានបណ្តាញកសាង សន្តិភាព សហគមន៍ បណ្តាញឱរ៉ាល់ បណ្តាញសហគមន៍ព្រឡង់ បណ្តាញស្ករអំពៅ បណ្តាញនេសាទ
បណ្តាញ សហគមន៍ ភ្នំដងរ៉ែក បណ្តាញជនសកម្មជនជាតិដើមភាគតិចអាយរ៉ាម បណ្តាញភ្នំគុក សូមអំពាវនាវដល់
រដ្ឋាភិបាលដោះលែងសហគមន៍បឹងកក់ និងបញ្ឈប់ការ តាមចាប់ខ្លួន គំរាមកំហែងអ្នកការពារសិទ្ធិមនុស្ស
ដីធ្លី ធនធានធម្មជាតិ និងលំនៅដ្ឋាន និងថ្កោលទោសចំពោះអំពើរំលោភសិទិ្ធមនុស្ស
យ៉ាងធ្ងន់ធ្ងរ ដែលបាន ប្រព្រឹត្តិដោយមន្រ្តី
និងភ្នាក់ងាររាជរដ្ឋាភិបាលកម្ពុជា ដែលបានបណ្តេញប្រជាពលរដ្ឋ ចេញពីលំនៅដ្ឋាន ប្រើអំពើហិង្សាបង្រ្កាបបាតុកម្មដោយសន្តិវិធី បាញ់ប្រហារជីវិតមនុស្សយ៉ាងអនាធិបតេយ្យ
ធ្វើឲ្យប្រជាពលរដ្ឋ ចំនួនរងរបួស ខ្លះត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ដោយពុំមានការស៊ើបអង្កេតឲបានត្រឹមត្រូវ
ព្រមទាំង ស្វែងរកចាប់ខ្លួនបន្តលើតំណាងសហគមន៍ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងរឹបអូសយកដីធ្លីប្រជាពលរដ្ឋ
ដោយមិនបានផ្តល់នូវសំណងសមរម្យ។
យើងខ្ញុំជាបណ្តាញសហគមន៍សង្កេតឃើញថា ការរំលោភសិទិ្ធមនុស្សដូចរៀបរាប់ខាងលើនេះ
រាជរដ្ឋាភិបាលខកខានមិនបានស៊ើបអង្តេតឲបានត្រឹមត្រូវ យុត្តិធម៌ និងផ្តល់ការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានពេញលេញទេ។
យើងខ្ញុំមានការព្រួយបារម្ភជុំវិញបញ្ហាទំនាស់ដីធ្លី ការបំផ្លាញធនធានធម្មជាតិនានា
ដោយរាជរដ្ឋាភិបាលបានប្រើប្រាស់កំលាំងប្រដាប់អាវុធ ដើម្បីការពារប្រយោជន៍របស់ក្រុមហ៊ុនជាជាងការពារប្រជាពលរដ្ឋ
ហើយកងកំលាំងប្រដាប់អាវុធទាំងអស់នោះមិនបានអនុវត្តនិតិវិធីច្បាប់នោះទេ ចំណែកស្ថាប័នតុលាការបានចោទប្រកាន់
និងសំរេចផ្តន្ទាទោស ដាក់គុកប្រជាពលរដ្ឋ ដោយមិនបានឈរលើមូលដ្ឋានច្បាប់ និងភាពឯករាជរបស់ខ្លួនទេ
ជាក់ស្តែងត្រឹមពាក់កណ្តាលឆ្នាំ២០១២មានករណីខាងលើបានកើតមានជាច្រើនដូចជា៖
១-កាលពីថ្ងៃទី២៤
ខែឧសភា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញបានសំរេចឃុំខ្លួនយ៉ាងប្រញាប់ប្រញាល់ ទៅលើតំណាងសហគមន៍បឹងកក់
ចំនួន ១៥ នាក់ ដោយសារតែពួកគាត់ប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីតវ៉ាទាមទារដីធ្លី
ដែលត្រូវបានរឹបអូសយកដោយក្រុមហ៊ុន Shukaku Inc ហើយចោទប្រកាន់ពួកគាត់ពីបទ
កាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ និងបទប្រឆាំងអាជ្ញាធរសាធារណៈ
ដោយមានស្ថានទម្ងន់ទោស។
២-ការបាញ់សំលាប់ទៅលើកុមារី ហេង ចន្ថា អាយុ១៤ ឆ្នាំ ដោយកងកំលាំងប្រដាប់អាវុធ កាលពីថ្ងៃទី១៦ ខែឧសភា
ឆ្នាំ២០១២ ក្នុងពេលបណ្តេញប្រជាពលរដ្ឋចេញពីផ្ទះសំបែង នៅស្រុកឆ្លូង ខេត្តក្រចេះ។
ទង្វើនេះគឺជាការសំលាប់មនុស្សក្រៅច្បាប់។ ករណីនេះផងដែរប្រជាបលរដ្ឋចំនួន ៨ នាក់ ត្រូវបានចាប់ឃុំខ្លួន
ហើយមនុស្ស ៥ នាក់ផ្សេងទៀតកំពុងតាមស្វែងរកចាប់ខ្លួន។
៣-លោក ឈុត វុទ្ធី
ប្រធានអង្គការការពារធនធានធម្មជាតិ និងបរិដ្ឋាន ត្រូវបានបាញ់សំលាប់ក្រៅច្បាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ក្នុងសកម្មភាពដែលកងកំលាំង ប្រដាប់អាវុធទប់ស្កាត់មិនឲលោកចូលយកពត៏មាន នៅកន្លែងកាប់ឈើមួយកន្លែង
នៅចំណុច វាលបី ភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ។ ករណីនេះ មិនបានធ្វើការស៊ើបអង្កេតអំពីអំពើបាញ់ប្រហារដែលប្រព្រឹត្តិឡើងដោយឃាតករឲបាន ច្បាស់លាស់ទេ។
៤-កម្មការិនីចំនួន ៣ នាក់ទទួលរងការបាញ់ប្រហារពីមន្រ្តីរាជរដ្ឋាភិបាល បណ្តាលឲ្យ រងរបួសក្នុងសកម្មភាពបាញ់បង្ក្រាបបាតុកម្មដោយសន្តិវិធីរបស់កម្មករ
ក្នុងការទាមទារឲ្យមានការ ដោះស្រាយ ការរំលោភសិទ្ធិការងារ នៅក្រុងបាវិត កាលពីថ្ងៃទី២០
ខែកុម្ភៈ ឆ្នាំ២០១២។ ករណីនេះជាអំពើហិង្សាដោយចេតនា តែតុលាការមិនបានស៊ើបបអង្កេតករណីនេះឲ្យបានហ្មតចត់
និងត្រឹមត្រូវទេ បែជាចោទប្រកាន់ជនប្រព្រឹត្តថាបង្កហេតុដោយអចេតនាទៅវិញ។
៥-កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០១២ កងកំលាំងប្រដាប់អាវុធបានបាញ់ប្រហារប្រង្ក្រាបទៅលើក្រុមប្រជាពលរដ្ឋដែលបានធ្វើបាតុកម្មទាមទារឲ្យមានការដោះស្រាយវិវាទដីធ្លីនៅស្រុកស្នួល
ខេត្តក្រចេះ ជាមួយនឹងក្រុមហ៊ុន TTY
Co, LTD បណ្តាលឲប្រជាពលរដ្ឋ ចំនួន ៤ នាក់ រងរបួសជាទំងន់។ នេះបង្ហាញឲឃើញអំពីវប្បធម៏បង្ក្រាបដោយហឹង្សារបស់កងកំលាំងប្រដាប់អាវុធមកលើបាតុកម្មដោយសន្តិវិធីក្នុងប្រទេសកម្ពុជា។
យើងខ្ញុំយល់ឃើញថាសកម្មភាពខាងលើនេះ
បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការ គោរពសិទ្ធិមនុស្ស និតិរដ្ឋ មិនធ្វើឲ្យប៉ះពាលពាល់មុខមាត់ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន។
យើងខ្ញុំបណ្តាញសហគមន៍ សូមអំពាវនាវ និងទាមទារដល់រាជរដ្ឋាភិបាលកម្ពុជា
មេត្តាៈ
- បញ្ឈប់ការប្រើអំពើហិង្សាក្នុងការបង្ក្រាបបាតុកម្មតវ៉ាដោយសន្តិវិធី និងធ្វើការស៊ើបអង្កេតករណីបាញ់ប្រហារអ្នកការពារដីធ្លី នធនធានធម្មជាតិ លំនៅដ្ឋានរបស់ខ្លួន ។
- ដោះលែងជាបន្ទាន់ចំពោះអ្នកភូមិបឹងកក់ ចំនួន ១៥ នាក់ និងអ្នកដែលត្រូវបានចាប់ឃុំខ្លួនដទៃផ្សេងទៀត ដែលគ្រាន់តែការពារដីធ្លី ធនធានធម្មជាតិ លំនៅដ្ឋាន និងតាមទារល័ក្ខខណ្ឌការងារសមស្របរបស់ខ្លួន ។
- សូមបញ្ឈប់ការតាមស្វែងរក ចាប់ខ្លួនតំណាងប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លី អ្នកការពារសិទ្ធិមនុស្ស អ្នកការពារធនធានធម្មជាតិ និងជំរុញឲ្យមានការចាប់ខ្លួនជនល្មើសដែលបានបាញ់ប្រហារ និងបាញ់សំលាប់ប្រជាពលរដ្ឋ មកធ្វើការផ្តន្ទាទោសតាមច្បាប់ ។
ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២
សំរាប់ព័ត៌មានបន្ថែមសូមទាក់ទងៈ
១-លោកសេង សុខហេង តំណាងបណ្តាញកសាងសន្តិភាពសហគមន៍ CPN
ទូរស័ព្ទលេខៈ០៩២៣២៤៦៦៨
២-លោក ផល វណ្ណៈ តំណាងបណ្តាញស្ករអំពៅ
ខេត្តកំពង់ស្ពឺ ទូរស័ព្ទលេខៈ
០៩២៤២៧២២៤
៣-លោក ស៊ឹម សៀន បណ្តាញព្រៃឡង់ ទូរស័ព្ទលេខៈ ០៩២
៣៥៦៥៧៥
No comments:
Post a Comment