Tuesday, April 24, 2012

ព្រុះ​កំបុត​ត្បូង វាយ​លុកឃុំ​អញ្ចាញ​រូង

ផ្ទះ​មួយខ្នង​ក្នុង​ចំណោម​ផ្ទះ​៩ខ្នង​ក្នុង​ភូមិ​អណ្តូងរវាងដែល​រងការខូច​ខាត​ទាំង​ស្រុង
 ឃុំអញ្ចាញរូង ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង៖ រហូត​មកដល់​ពេល​នេះ យោង​តាម​របាយ​ដែល​ផ្តល់​ដោយ​លោក គឹម សេង តំណាង​សហគមន៍​ឃុំ​អញ្ចាញ​រូង​ និង​ជា​ប្រធាន​មជ្ឈមណ្ឌល សិក្សា​និង​អភិវឌ្ឍន៍​សហគមន៍ បាន​ឲ្យ​ដឹង​ថា ចំនួន​ផ្ទះ​ប្រជាពល​រដ្ឋ ដែល​រងគ្រោះ​ដោយ​សារ​ខ្យល់​ព្យុះ​កំបុត​ត្បូង បាន​កើន​ឡើង​ដល់​៥០ខ្នង​ផ្ទះ ក្នុង​នោះ ភូមិ អណ្តូង​រវាង​មាន​ ៣៥ខ្នង ផ្ទះដួល​ដល់​ដី​ចំនួន​ ៩​ខ្នង និង​របួស មនុស្ស ៤​នាក់​។ ភូមិព្រៃ​ព្រាល​មាន​៩​ខ្នង ដួល​ដល់​ដី៤ខ្នង និង​របួស​មនុស្ស ម្នាក់។ ភូមិ​អញ្ចាញ​រូង មាន​៦ខ្នង គ្មាន​មនុស្ស​របួស។

លោក​បាន​បន្ត​ទៀត​ថា​ ក្រៅ​ពី​ខូច​ខាត​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ នៅ​មាន​អាគារ​រដ្ឋបាល វត្ត​ សាលារៀន និង​ងាប់​សត្វ​ចិញ្ចឹម​មួយចំនួន​ទៀត​ផង​ដែរ។

ប្រជា​ពល​រដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​ព្យុះ​ទាំង​នោះ​ក៏​ត្រូវ​បាន​ ក្រុម​អង្គការ​ World Vison ប្រចាំ​នៅ​ខេត្ត​កំពង់​ឆ្នាំង ព្រមទាំង​កកាបាទ​ក្រហមកម្ពុជា បាន​ជួយ​ឧ​បត្ថម្ភជាស្បៀងអាហារ​និង​តង់​សំរាប់​ដោះស្រាយ​បញ្ហា​បណ្តោះ​អាសន្ន។

គួរ​រំលឹក​ផង​ដែរ​ថា ខ្យល់​ព្យុះ​នេះ​បាន​បោក​បង់​ទៅ​លើ​ភូមិ​ទាំង​បី​ក្នុង​ឃុំអញ្ចាញ​រូង ស្រុក​បរិបូណ៌ ខេត្ត​កំពង់​ឆ្នាំង​ ចំនួន​ពីរ​ដង​ផ្ទួនៗ កាល​ពី​រសៀល​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១២ វេលា​ម៉ោង​ប្រមាណ​ជា ៥​និង​២៥​នាទី។


No comments:

Post a Comment