Sunday, April 22, 2012

សហគមន៍រងទុក្ខព្រោះការអភិវឌ្ឍន៍ខុសទំនង


ទិដ្ឋភាព​សហគមន៍​ផ្លូវ​លេខ ៣៤៧ មើល​ពី​ក្នុង
ដោយ ពៅ បញ្ញា ថ្ងៃទី 20 ខែ មេសា ឆ្នាំ 2012
ការអភិវឌ្ឍន៍គឺជាមធ្យោបាយមួយក្នុងការដឹកនាំប្រកបដោយវិជ្ជាជីវៈ ជួយសង្គមជាតិ និងសេដ្ឋកិច្ច ជាតិ ឲមានការរីកចំរើន ខណៈពេលដែលប្រជាពលរដ្ឋមានជីវភាពសម្បូររុងរឿង។ ថ្វីបើការអភិវឌ្ឍន៍ ផ្តល់ គុណសម្បត្តិច្រើនអនេក តែវាក៏រមែងផ្តល់គុណវិបត្តិដែលមិនអាចជៀសផុតបានដែរ ។ ហើយ គុណ វិបត្តិទាំងនោះវានឹងកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ប្រសិនបើការអភិវឌ្ឍន៍គ្មានតម្លាភាព​ ជា ពិសេស​ សំរាប់ប្រជាពលរដ្ឋក្រីក្រ ។
សព្វថ្ងៃនេះ នៅក្នុងទីក្រុងភ្នំពេញ មានប្រជារាស្រ្តស្លូតត្រង់រាប់ម៉ឺននាក់ ត្រូវបានបណ្តេញចេញពីផ្ទះ សម្បែងដែលធ្លាប់រស់នៅបានសុខសាន្ត ឥឡូវក្លាយជាទុក្ខសោក ព្រោះតែការរំលោភបំពានចង់បាន ដីធ្លីពីសំណាក់អាជ្ញាធរ ពួកអ្នកមានអំណាច និងក្រុមហ៊ុនឯកជន​។ ប្រជាពលរដ្ឋដែលធ្លាប់តែរស់នៅ ក្នុងជីវភាពសាមញ្ញ នឹកស្មានអីពេលនេះ បែរនាំគ្នាចងក្រងបង្កើតសហគមន៍ដែលមានឈ្មោះរៀងៗ ខ្លួនទៅតាមស្ថានភាពដែលខ្លួនជួបប្រទះ រឺមជ្ឈដ្ឋានដែលខ្លួនធ្លាប់រស់នៅកន្លងមក ដោយសារតែ មានជម្លោះ និងការបំពានចង់បានដី​ ផ្ទះរបស់ពួកគាត់ពីសំណាក់អ្នកដទៃ ។
តួយ៉ាងដូចជា សហគមន៍មួយដែលមានឈ្មាះថា៖ ‌សហគមន៍ផ្លូវលេខ 347 ក៏កំពុងប្រឈមមុខ នឹង ការបណ្តេញចេញជាច្រើនលើកច្រើនសារមកហើយដែរ​។ វាមានទីតាំងស្ថិតនៅ ផ្លូវលេខ347 ភូមិ3 សង្កាត់បឹងកក់ទី1 ខណ្ឌទួល គោក រាជធានីភ្នំពេញ។ សហគមន៍នេះត្រូវបានបង្កើតឡើង នៅឆ្នាំ​ 2007 ដោយតំណាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋខ្លួនឯង ក្នុងគោលបំនងដើម្បីធ្វើការតវ៉ា និងទាមទារ លំនៅឋានស្របច្បាប់​ ជៀសផុតពីការបង្ខំឲចាកចេញពីសំណាក់អាជ្ញាធរមូលដ្ឋាន។​
បើតាមសំដីលោកស្រី ឯក ម៉ាលីនណា តំណាងសហគមន៍ផ្លូវ 347 បានថ្លែងឲដឹងថា កាលដើម ឡើយ ប្រជាពលរដ្ឋភាគច្រើនបានមកតាំងទីលំនៅ នៅទីនោះតាំងពីឆ្នាំ​​1990មកម្ល៉េះ ហើយមានអ្នក ខ្លះទៀត មករស់នៅយូរជាងនេះក៏មានដែរ ដោយគ្រួសារនីមួយៗមានមុខរបរផ្សេងៗពីគ្នាដើម្បី ចិញ្ចឹមជីវិត ដូច ជា កម្មកររោងចក្រកាត់ដេរ ធ្វើសំណង់ រត់ម៉ូតូឌុប រើសអេតចាយ លក់បាយសម្ល លក់អីវ៉ាន់ចាប់ហួយ កាត់សក់ អ៊ុតសក់ រីឯមួយចំនួនទៀតជាមន្ត្រីរាជការជាដើម។​ ក្រោយមក អាជ្ញាធរបានផ្តល់ដំណឹងថា សាលារាជធានីភ្នំពេញតំរូវឲធ្វើផ្លូវ 347 ក្នុងទំហំប្រមាណពី 30 ទៅ 40 ម៉ែត្រ ។
លោក​ស្រី​បាន​បន្ត​ទៀត​ថា នៅថ្ងៃទី 17 ដល់ 19 ខែ សីហា ឆ្នាំ 2007 អាជ្ញាធរមូលដ្ឋានរួមមាន ប្រធានភូមិ 3 ចៅសង្កាត់ បឹងកក់ទី1 អភិបាលរងខណ្ឌទួលគោក ព្រមទាំងមន្រ្តីខណ្ឌមួយចំនួនទៀត ចុះមកធ្វើការថតរូប និងយកក្រដាស មកឲផ្តិតមេដៃ ដោយគ្រាន់តែប្រាប់ប្រជាពលរដ្ឋនៅទីនោះថា​ ចុះមកធ្វើស្ថិតិ គ្រួសារប្រជាពលរដ្ឋដែល រស់នៅផ្លូវ 347។ បើយើងក្រឡេកមើលសកម្មភាព​របស់អជ្ញាធរវិញ ពួកគាត់ពិតជាខិតខំធ្វើការងារណាស់ បើទោះបីជាត្រូវនឹងថ្ងៃសៅរិ៍​ និងថ្ងៃអាទិត្យ ជាថ្ងៃ ឈប់សំរាក ក៏ដោយ ធ្វើយ៉ាងណាឲតែរួចរាល់ ដើម្បីប្រមូលស្នាមមេដៃប្រជាពលរដ្ឋ​ផ្លូវ347​ទាំងអស់ និងថតរូបឲបានគ្រប់ៗគ្នា ។
លោក​ស្រី​បានគូស​បញ្ជាក់ថា មានអាជ្ញាធរមួយចំនួន ដើរសុំផ្ទះ និងមាត់ទ្វារបន្ទប់ប្រជាពលរដ្ឋ ដើម្បីឲកូនក្មួយខ្លួនឯងបានថតរូបធ្វើ ស្ថិតិដូចគេឯងដែរ បើទោះបីជាមិនមានផ្ទះរស់នៅទីនោះក៏​ដោយ។ ជាក់ស្តែង លោកប្រធានភូមិ3 ឈ្មោះ គឹម​ សាបុល បានទៅសុំផ្ទះលោកស្រីផ្ទាល់​ដើម្បីឲក្មួយស្រីគាត់បានថតរូប តែត្រូវលោកស្រី បដិសេធ បន្ទាប់មកក៏ទៅសុំលោកស្រី ឌុំ សុភាព នៅតែត្រូវគេបដិសេធ គាត់ចេះតែបន្តសុំម្តងអ្នកនេះ ម្តងអ្នកនោះ រហូតក្មួយស្រីគាត់បានថតរូបធ្វើ​ស្ថិតិដូចប្រជាពលរដ្ឋដែលមានទីលំនៅជាក់ស្តែងដែរ ។
លោក​ស្រី​បាន​បន្តថា ប្រជាពលរដ្ឋខ្លះធ្វើការបញ្ចុះបញ្ចូលជាមួយអាជ្ញាធរ ដោយសុំមួយខ្នងផ្ទះ​របស់ខ្លួន ទទួលបានពីរទៅបី គ្រួសារ ហើយមានអាជ្ញាធរខ្លួនឯងក៏សំរួលជាមួយប្រជាពលរដ្ឋផងដែរ ដោយឲដំបូលផ្ទះខ្លះបានថត ពីរទៅបីឈ្មោះ រីឯអ្នកខ្លះទៀតឲតែមួយគ្រួសារប៉ុណ្ណោះទេ ។
ក្រុមគ្រួសារលោកស្រី ឯក ម៉ាលីនណា បានស្នើរសុំឲបាន4គ្រួសារ ព្រោះក្មួយស្រីរបស់គាត់បានរស់​ នៅជាមួយគាត់អស់ពេលជាច្រើនឆ្នាំមកហើយ ម្យ៉ាងមានប័ណ្ណបំបែកគ្រួសារត្រឹមត្រូវក្រោយពេល​មានស្វាមី​ តែត្រូវអភិបាលរងខណ្ឌទួលគោកឈ្មោះ ហោ ម៉ាលីន បដិសេធ។ រំលងបានប្រហែល​មួយសប្តាហ៍ក្រោយពេលចុះស្រង់ស្ថិតិគ្រួសាររួច អាជ្ញាធរបានអញ្ជើញក្រុមគ្រួសារលោកស្រី ម៉ាលីនណា ទៅធ្វើការសម្របសម្រួលនៅសាលាសង្កាត់បឹងកក់ទី1 ដោយព្រមតាមសំណើរផ្តល់​ឈ្មោះ 4គ្រួសារ និង បានយកក្រដាសកិច្ចសន្យាមកឲផ្តិតមេដៃ ។
លោកស្រីបានបញ្ជាក់ប្រាប់ថា៖ កិច្ចសន្យាដែលមានស្នាមមេដៃប្រជាពលរដ្ឋផ្លូវ 347 ទាំងអស់គ្នា ដែល អាជ្ញាធរបានអះអាងបញ្ជាក់ថាជាគំរោងអភិវឌ្ឍន៍ផ្លូវរបស់សាលារាជធានីភ្នំពេញនោះ តែតាម​អត្ថន័យពិត បែរទៅជាប្រជាពលរដ្ឋដាក់ពាក្យស្នើរសុំអភិបាលរាជធានីភ្នំពេញ ដោយឆ្លងតាមរយៈ​ប្រធានភូមិ3 ចៅសង្កាត់បឹងកក់ទី1 និងអភិបាលខណ្ឌទួលគោក​ ស្នើរសុំដោយស្ម័គ្រចិត្តរុះ​រើផ្ទះសម្បែងទៅនៅតំបន់ ថ្មីដោយគ្មានលក្ខខណ្ឌទៅវិញ ។
សហគមន៍​ផ្លូវ​លេខ​៣៤៧ មើល​ពីលើ
 ពេលអានខ្លឹមសារក្នុងកិច្ចសន្យាចប់សព្វគ្រប់ហើយ លោកស្រី ម៉ាលីនណា ព្រមទាំងក្មួយៗចាប់កាន់ ក្រដាស់កិច្ចសន្យានោះជាប់ ដើរចេញពីសាលាសង្កាត់បឹងកក់ទី1 ដោយទឹកមុខមាំ និងមិននិយាយអ្វី ទាំងអស់ សំដៅឆ្ពោះមកផ្ទះតែមួយមុខគត់ ។
ប្រជាពលរដ្ឋខ្លួនឯងក៏បានឮដំណឹងថាចាញ់បោកអាជ្ញាធរ ពួកគាត់ភាគច្រើនបានត្រឹមខឹងសំបារ ប៉ុន្តែ នៅខ្លាចអាជ្ញាធរ មានតែប្រជាពលរដ្ឋចំនួនប្រាំបួនខ្នងផ្ទះប៉ុណ្ណោះហ៊ានចេញមុខធ្វើលិខិត​ប្តឹងបដិសេធ សម្នើរទាំងនោះ បញ្ជូនទៅអង្គការសង្គមស៊ីវិល អភិបាលរាជធានីភ្នំពេញ អភិបាល​ខណ្ឌទួលគោក និងប្រធានភូមិ3 ។
មិនបានមួយខែផង លិខិតអញ្ជើញប្រជាពលរដ្ឋក៏បានមកដល់ ដោយឲប្រជាពលរដ្ឋដែលបានដាក់ ពាក្យបណ្តឹងទាំងនោះចូលប្រជុំនៅសាលាខណ្ឌទួលគោក ដើម្បីរកដំណោះស្រាយ នៅថ្ងៃទី 23 ខែ តុលា ឆ្នាំ 2007 ។
សន្យាគឺគ្រាន់តែជាសន្យា ប្រជាពលរដ្ឋរស់នៅដោយស្ងាត់ស្ងៀមបានបន្តិចប៉ុណ្ណោះ ការគំរាម​កំហែងថ្មី មួយទៀតកើតឡើង​ ។ លោកស្រី ហ៊ឹម ភ័ណ្ឌ តំណាងសហគមន៍ផ្លូវ347 បានបញ្ជាក់ប្រាប់ថា «មាន អេស្កាវាទ័រមួយគ្រឿងរបស់ក្រុមហ៊ុន DAVID Construction បំណង​មកឈូសកម្ទេចផ្ទះសម្បែងពួក យើងទាំងអស់គ្នា កាលពីថ្ងៃទី21 ខែ វិច្ឆិកា ឆ្នាំ​ 2007 ហើយអះអាងយ៉ាងមុតមាំថាជាបញ្ជារថ្នាក់លើ »។
ប្រជាពលរដ្ឋមិនគិតពីអ្វីទាំងអស់ សូម្បីតែជីវិតរបស់ពួកគាត់ ព្រោះតែចិត្តចង់ការពារជម្រក បានរត់មក យ៉ាងប្រញាយឈរសំកាំងពីមុខអេស្កាវាទ័រ មិនព្រមឲឈូសដាច់ខាត។ ភ្លាមៗនោះ ពួកគាត់បាន ទំនាក់ទំនងទៅអង្គការសង្គមស៊ីវិលឲជួយអន្តរាគមន៍ និងសួរនាំទៅប្រធានភូមិ ចៅសង្កាត់ អភិបាល រងខណ្ឌ​  និងនាយការិយាល័យសង្គមកិច្ច លោក​ ឯក យឿន ម្នាក់ឆ្លើយ​ថាអត់ដឹងរឿង  ម្នាក់ឆ្លើយដាក់ ទៅម្នាក់ទៀតយករួចខ្លួន ទីបញ្ចប់ពួកគេផ្តល់ចម្លើយមកប្រជាពល​រដ្ឋវិញថា “ វាជាការភ័ណ្ឌច្រឡំ ” ។
ដោយក្តីបារម្ភពីសុខទុក្ខ និងសុវត្ថិភាព បានជុំរុញឲប្រជាពលរដ្ឋមានចិត្តតស៊ូកាន់តែខ្លាំង ដើរទៅមុខ ជាជំហានៗ។ ពួកគាត់បានធ្វើលិខិត ប្តឹងបន្តទៅប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា រដ្ឋសភា ជាតិ និងទីស្តីការគណរដ្ឋមន្ត្រី (នៅថ្ងៃ 26 ខែ ធ្នូ ឆ្នាំ 2007) ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច (ចុះថ្ងៃទី 17 មករា 2008) ព្រមទាំងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី (ចុះថ្ងៃទី 18 ខែ មករា​ ឆ្នាំ​ 2008) ។
រហូតមកដល់ថ្ងៃទី 08​ ខែ មិនា ឆ្នាំ 2008 ជាទិវាសិទ្ធិនារីអន្តរជាតិ អេស្កាវាទ័រមួយគ្រឿង​ទៀតបានមក ទម្លាក់ខ្លួនចុះមុខផ្ទះតំណាងសហគមន៍ 347 គឺលោកស្រី ម៉ាលីនណា តែម្តង ដោយធ្វើការបាញ់ថ្នាំមុខ ផ្ទះ និងសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋផ្លូវ347​ ភាគខាងលិចទាំងអស់ ហើយបញ្ជាក់ប្រាប់ថា “ ថ្នាក់លើ ពួកគេតំរូវឲមកឈូសផ្លូវ ដូច្នេះសូមឲបងប្អូនរុះសំយ៉ាបមុខផ្ទះ​ចេញ​ បើមិនដូច្នោះទេ ពួកគេនឹងប្រើ គ្រឿងចក្រឈូសកម្ទេចតែម្តង​​ ” ។
លោកស្រី ចាន់ សោភ័ណ្ឌ ក៏ជាតំណាងមួយរូបដែរនោះ បានលើកឡើងថា « ដីនេះស្ថិតក្នុងភាព ដី មានទំនាស់រវាងប្រជាជន និងអាជ្ញាធរ ដរាបណានៅពុំទាន់មានដំណោះស្រាយទេ​ បើទោះបីជា សំយ៉ាបមុខផ្ទះក៏ដោយ ក៏គ្មានអ្នកណាមួយមានសិទ្ធិមកឈូសបានដាច់ខាត​ » ។
ពិតណាស់សហគមន៍នេះមានទំហំតូចមែន មានចំនួនត្រឹមតែ​ប្រាំបួនខ្នងផ្ទះ ស្មើនឹង14គ្រួសារ ប៉ុន្តែ កម្លាំងសាមគ្គីភាពរបស់ស្រ្តីចិត្តខ្លាំងជាតំណាង បានធ្វើការជំនះតស៊ូគ្រប់សព្វបែបយ៉ាងដោយ​សន្តិវិធី និងទាមទារទៅតាមផ្លូវច្បាប់ ក៏បានធ្វើឲអាជ្ញាធរមូលដ្ឋានផ្អាកការគំរាមកំហែងរបស់ខ្លួន ងាកមករកផ្លូវចរចារជាបន្តបន្ទាប់ទៅវិញ។ តាំងពីពេលនោះមក ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏បន្តរស់នៅក្រោម ដំបូលផ្ទះរៀងៗខ្លួន ទោះក្នុងកាលៈទេសៈណាក៏ដោយ ពុំចាំបាច់ឈឺក្បាល​វិលមុខ រុះផ្ទះខ្លួនឯង ហើយ ដើរជួលផ្ទះគេស្នាក់នៅនោះដែរ ។
នៅថ្ងៃទី 30​ ខែ មិថុនា ឆ្នាំ 2010 សាលាខណ្ឌទួលគោក បានផ្ញើរលិខិតអញ្ជើញប្រជាពលរដ្ឋ​ទាំងអស់ ដែលមានផ្ទះនៅផ្លូវលេខ 347 និងអ្នកដែលមានតូបលក់ដូរនៅផ្លូវ 528 ទៅប្រជុំនៅសាលា​សង្កាត់បឹងកក់ទី1 ដើម្បីពិភាក្សាលើបញ្ហា កម្ចីប្រាក់រដ្ឋទិញផ្ទះ។ មន្រ្តីខណ្ឌមួយរូបបានមាន​ប្រសាសន៍ក្នុងអង្គ ប្រជុំថា « សុំឲបងប្អូនប្រជាពលរដ្ឋ ជ្រើសរើសអ្នកដែលបងប្អូនគិតថាអាចទុកចិត្ត​បាន ចងក្រងជាប្រាំគ្រួសារ ដើម្បីស្នើរសុំខ្ចីប្រាក់គោលនយោបាយ ទៅទិញផ្ទះដែលខ្លួនឯងពេញចិត្ត​ »។​ បញ្ហានេះត្រូវបាន ប្រជាពលរដ្ឋទាំងអស់គ្នា បដិសេធចោលមិនទទួលយកឡើយ ។
លុះមកដល់ថ្ងៃ 08-09 ខែ កុម្ភៈ​ ឆ្នាំ 2010 លោកប្រធានភូមិ3 ឈ្មោះ គឹម សាបុល ចុះដើរស្រង់ស្ថិតិតែម្នាក់ឯង ជាថ្មីម្តងទៀត ដោយអះអាងថា « ជាការធ្វើជំរឿនស្ថិតិគ្រួសារ​នៅទូទាំង​ប្រទេសតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា »។ ពេលនោះប្រជាពលរដ្ឋមួយចំនួនធំ បានផ្តិតមេដៃលើស្ថិតិ គ្រួសារទាំងនោះតាមសម្តីរបស់លោកប្រធានភូមិ ដោយពុំបានគិតពិចារណា​ឲបានវែងឆ្ងាយអ្វីឡើយ។ ទើបនៅថ្ងៃទី10 ខែឆ្នាំដដែល ប្រជាពលរដ្ឋដឹងថាជាការឆបោក ព្រោះប្រធានភូមិរូបនេះចុះធ្វើស្ថិតិ ចំពោះតែគ្រួសារណាដែលបានប្តឹងទាមទារលំនៅឋានកន្លងមក និយាយរួមគឺប្រជាពលរដ្ឋសហគមន៍ 347 ភាគខាងលិចប៉ុណ្ណោះ  រីឯក្រុមគ្រួសារដទៃ រឺសូម្បីតែ​ប្រជាពលរដ្ឋរស់នៅផ្លូវ 347 ដូចគ្នា ភាគខាង កើតផ្លូវ ក៏ពុំមានធ្វើស្ថិតិនោះដែរ។​ ប្រជាពលរដ្ឋ​ខ្លួនឯងដឹងថាចាញ់បោកប្រធានភូមិ ព្រោះវាជាឧបាយកលមួយថ្មី ដែលក្រុមអាជ្ញាធរបាននាំគ្នា​រៀបចំ ដើម្បីប៉ុនប៉ងចុះបញ្ជីរគ្រួសារនីមួយៗក្នុងទីតាំងសំណង់ បណ្តោះអាសន្ន ជំនួសមុខឲការរឹង​ទទឹងមិនព្រមចាកចេញតាមការចាត់តាំងរបស់អាជ្ញាធរមូលដ្ឋាន មួយលើកជាពីរលើក។​ ហេតុ​ដូច្នោះហើយ ទើបក្រុមគ្រួសារដែលកើតទុក្ខមិនសុខចិត្តចាកចេញ ទាំងនោះ សម្រេចចិត្តនាំគ្នាទៅ​ដកហូតក្រដាស់ស្ថិតិគ្រួសារដែលមានស្នាមមេដៃពួកគាត់ ពីផ្ទះប្រធាន ភូមិត្រឡប់មកវិញ នៅម៉ោង​ប្រមាណជា 7 និង 45 នាទីយប់ ។
មួយឆ្នាំក្រោយមកទៀត ទំនងជាពិបាកក្នុងការបណ្តេញពួកសកម្មជនតស៊ូមួយក្តាប់តូច ក្រុមអាជ្ញាធរ​ក៏ សម្រេចចិត្តបង្ខំប្រជាពលរដ្ឋដែលមានដំបូលខ្នងផ្ទះផ្លូវ 347​ ភាគខាងកើត ជាក្រុមគ្រួសារខ្លាចរអា សមត្ថកិច្ចអាជ្ញាធរ មិនហ៊ានប្តឹងតវ៉ាជំទាស់កន្លងមក ឲចាកចេញព្រមគ្នាជាមួយគ្រួសារដែលមានតូប លក់ដូរនៅផ្លូវ 528 (ផ្លូវកែង347) ដោយបានកំណត់រយៈពេលរុះរើចំនួនមួយខែបីថ្ងៃ គិតចាប់ពីថ្ងៃទី 28 ខែ មិនា រហូតដល់ថ្ងៃទី​ 30 មេសា ឆ្នាំ 2011។ អាជ្ញាធរបានផ្តល់សំណងឲប្រជាពលរដ្ឋជាង​100គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានត្រឹមទឹកប្រាក់ បីលានរៀល និងដីទំហំ 6​ ម៉ែត្រ គុណ 12 ម៉ែត្រ ស្ថិតនៅភូមិ តាគោ ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។ វាគឺជាទីតាំងដែលគ្មាន​ហេដ្ឋារចនា សម្ព័ន្ធត្រឹមត្រូវអ្វីបន្តិចសោះ ព្រោះគ្មាន ទឹកស្អាត គ្មានអគ្គិសនីប្រើប្រាស់បានសមរម្យ គ្មានមន្ទីរពេទ្យ សាលារៀន ផ្សារជាដើម ដែលជាហេតុធ្វើឲពួកគាត់កាន់តែធ្លាក់ទៅក្នុងភាពក្រីក្រ​ជាងស្ថានភាពពីមុន ដោយសារបាត់បង់មុខរបរចិញ្ចឹមជីវិត បាត់បង់ការងារ កូនចៅបាត់បង់ការ​សិក្សា ធ្លាក់ខ្លួនឈឺ នេះបើ តាមការឲដឹងពីប្រជាពលរដ្ឋដែលបាន​ចាកចេញហើយ ទៅនៅផ្ទាល់នៅ​ទីតាំងខាងលើនោះ ។
លោកស្រី ហ៊ឹម ភ័ណ្ឌ តំណាងសហគមន៍មួយនេះ បានអះអាងថា៖ ដីដែលប្រជាពលរដ្ឋ​បានចាកចេញ ហើយនោះ (ផ្លូវ 347 ភាគខាតកើត) នៅពុំទាន់មានការអភិវឌ្ឍន៍ផ្លូវអ្វីទាំងអស់ ប៉ុន្តែក្រុមហ៊ុនព័ទ្ធរបង ជុំវិញ ហើយកំពុងធ្វើការសាងសង់វីឡាដ៏ធំមួយ ។​
បើទោះបីមានការបណ្តេញចេញអស់មួយផ្នែកធំហើយក្តី ក៏នៅតែពុំមែនជាឧបសគ្គសំរាប់សហគមន៍ ផ្លូវលេខ 347 ដែលនៅសេសសល់នោះដែរ ពួកគាត់ទាំងអស់គ្នាបានធ្វើលិខិតប្តឹងបន្តទៅ​ក្រសួងមហា ផ្ទៃ ចំនួនពីរលើក (លើកទី1៖ ចុះថ្ងៃទី 01 មេសា 2011 និងលើកទី2៖ ចុះថ្ងៃទី 28 ធ្នូ 2011) និងដាក់ ពាក្យស្នើរសុំអន្តរាគមន៍បន្ថែមតាមអង្គការសង្គមស៊ីវិលដូចជា ក្រុមការងារពិសេស​សិទ្ធិលំនៅឋាន (HRTF) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (​CCHR) វេទិការអង្គការមិនមែនរដ្ឋាភិបាល​ស្តីពីកម្ពុជា (NGO Forum) អង្គការ លីកាដូ (LICADHO) អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV) សមាគម អាដហុក (ADHOC) សមាគម ធាងត្នោត (Teang Thnaut) សហគមន៍អឺរ៉ុប (EU) ការិយាល័យនៃឧត្តមស្នងការ អង្គការសហប្រជាជាតិ​ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា (OHCHR) ព្រមទាំងបណ្តាស្ថាន ទូតបរទេសនានាជាច្រើនផ្សេងទៀតនៅ ដើមឆ្នាំ 2012នេះដូចជា ស្ថានទូត អាមេរិក អង់គ្លេស បារាំង កាណាដា អាឡឺម៉ង់ អូស្រ្តាលី និងជប៉ុន។ មួយវិញទៀត សហគមន៍ផ្លូវលេខ 347 ក៏បានដាក់ញត្តិ ស្នើរសុំអន្តរាគមន៍ដោះស្រាយបញ្ហាទំនាស់ដីធ្លី និងការបណ្តេញចេញ ពីគណបក្សធំៗចំនួនបីផងដែរ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី 07 ខែ មិនា ឆ្នាំ 2012 ដោយសហគមន៍នេះ នឹងធានាអះអាងបោះឆ្នោតជូនក្នុងអណត្តិទី5 ឆ្នាំ 2013​ ខាងមុខ នេះ ប្រសិនបើ គណបក្សណាមួយចេញមុខដោះស្រាយឲសហគមន៍ពួកគាត់សម្រេចជោគជ័យទាន់ ពេលវេលា ។
មកដល់ពេលនេះហើយ បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋសហគមន៍ផ្លូវលេខ347 ជាមួយនិង​អាជ្ញាធរមូលដ្ឋាន ដែលបានអូសបន្លាយតាំងពីឆ្នាំ 2007 មកនោះ នៅពុំទាន់បានដោះស្រាយ​នៅឡើយទេ ព្រោះតែមិនមានដំណោះស្រាយណាមួយដែលស្រប​ តាមការស្នើរសុំរបស់ប្រជាពល​រដ្ឋ។ 

លោកស្រី ឯក ម៉ាលីនណា ជាស្រ្តីតំណាងឲសហគមន៍នេះ បាននិយាយឲដឹថា « ពួកយើងខ្ញុំ​ទាំងអស់គ្នា មិនជំទាស់ទេ ប្រសិនបើប្រមុខរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ​តំរូវឲមាន​ការអភិវឌ្ឍន៍ផ្លូវ 347 ប្រាកដមែននោះ ប៉ុន្តែដោយហេតុថា វាប៉ះពាល់ដល់ផ្ទះសម្បែងពួកយើងខ្ញុំ ដូច្នេះយើងខ្ញុំសូមស្នើរសុំ​៖ ទីមួយ សុំជាថវិការដែលមានតម្លៃស្មើទៅនឹងទីផ្សារ ហើយទីពីរ ប្រសិនបើការអភិវឌ្ឍន៍នៅសល់ដី យើងខ្ញុំទាំងអស់គ្នា សុំធ្វើការសាងសង់លំនៅដ្ឋានដោយខ្លួន​ឯងនៅទីតាំងដើម ហើយស្នើរសុំឲជួយ សំរួលចេញជាសោហ៊ុយលើការខូចខាតតាមការជាក់ស្តែង » ។
លោក វិត ដារិទ្ធ ចៅសង្កាត់បឹងកក់ទី1​ បានមានប្រសាសន៍ឲដឹងថា៖​ ចំពោះ​អ្នក​ដែលនៅ​សេស​សល់​មិន​ទាន់​ចេញ​នោះ មិន​ទាន់​មាន​គោលការណ៍​ដេញ​នៅ​ឡើយ​ទេ អ្វីដែលពួកគាត់រស់នៅ​ជាលក្ខណៈ បណ្តោះអាសន្ននៅលើផ្លូវហ្នឹង គាត់នៅជាបណ្តោះអាសន្នសិនទៅ​ ប៉ុន្តែ​ក៏​ពុំ​មាន​សិទ្ធិ​ធ្វើ​លិខិត​កម្មសិទ្ធិ​ដី ផ្ទះ នៅ​តំបន់​នោះ​ដែរ ។
ប៉ុន្តែដោយឡែក លោកស្រី ឯក ម៉ាលីនណា តំណាងសហគមន៍ផ្លូវ 347 បានបញ្ជាក់បន្ថែមថា៖ ពួក គាត់ទាំងអស់គ្នា​ នឹងធ្វើការស្វែងរកអន្តរាគមន៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានដឹកនាំកំពូលអាស៊ាន ឆ្នាំ 2012 ព្រមទាំង​គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់​ ទាមទាររហូតដល់អាជ្ញាធរ ព្រមផ្តល់សិទ្ធិឲសហគមន៍ផ្លូវ 347​ ពួកគាត់ ចំនួន 14គ្រួសារ រួមមាន 09ខ្នងផ្ទះ ទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ៕

No comments:

Post a Comment