Wednesday, July 13, 2011

ជន​ចំនាក​ស្រុក​ដុត​បំផ្លាញ់​ព្រៃ​ឈើ​យក​ដី​ដាំ​ដំទ្បុងមី​កើន​ខ្លាំង​នៅ​ស្រុក​សៀមបូក​

ស្ទឹងត្រែង ៖ សកម្មភាព​ជន​ចំណាក​ស្រុក​ដែល​ជា​បងប្អូន​ខ្មែរ​អ៊ិស្លាម​រួម​ទាំង​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ពួក​អ្នក​មាន​លុយ​មួយ​ចំនួន​បាន​កាន់​កាប់​រុក​រាន​យក​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធ​ ដើម្បី​ដាំ​ដំទ្បូងមី​បាន​កើត​ទ្បើង​ខ្លាំង​នៅ​តំបន់​ភ្នំក្រហម​ឃុំ​អូរឫស្សី​កណ្ដាល ស្រុក សៀមបូក ខេត្ត ស្ទឹងត្រែង ។


បើ​យើង​ជិះ​រថយន្ត​តាម​ផ្លូវលំ​មួយ​ខ្សែ​ពីចំនុច​ភ្នំក្រហម​ ចូល​ទៅ​កាន់​ទី​រួម​ស្រុក​សៀមបូក​ នោះ​យើង​នឹង​ឃើញ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​កំពុង​សម្អាត់​ដី​របស់​ពួក​គេ​ដាំ​ដំទ្បូងមី ។ នៅ​តំបន់​នោះ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មិន​ទាន់​មាន​អ្នក​ទៅ​បោះ​ទីតាំង​យក​ដី​ដាំដំណាំ​ដំទ្បូងមី​ច្រើន​បែប​នេះ​ទេ គឺ​គ្រាន់​តែ​មាន​ដីចម្ការ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​ដំទ្បូងមី​កំពុង​មាន​ទីផ្សារ​ខ្ពស់​អ្នក​ចំនូល​ថ្មី​ និង ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ បាន​កាន់កាប់​យក​ដី​រដ្ឋ​បែប​អនាធិបតេយ្យ​ ។ ជា​ពិសេស​បងប្អូន​ខ្មែរ​ចំណាក​ស្រុក​អ៊ិស្លាម​មក​ពី​ខេត្ត​កំពង់ចាម​ កើន​ទ្បើង​គួរ​ឲ្យ​បារម្ភ ។ ព្រៃ​នៅ​តំបន់​នោះ​សព្វ​ថ្ងៃ​នេះ​បាន​ប្រែ​ក្លាយ​ជា​វាល​ដ៏​ធំ​ល្វិងល្វើយ​អស់​ទៅ​ហើយ​ដោយ​សារ​តែ​គ្មាន​អ្នក​គ្រប់​គ្រង​ច្បាស់​លាស់ ។


អាជ្ញាធរ​មូល​ដ្ឋាន បាន​ឲ្យ​ដឹង​ថា​រឿង​កាប់​រុករាន​យក​ដី​ព្រៃ​របស់​រដ្ឋ​នៅ​តំបន់​ភ្នំក្រហម​ នោះ​គ្មាន​អ្នក​ណា​ហ៊ាន​និយាយ​បាន​ទេ ព្រោះ​វា​ពាក់ព័ន្ធ​ដល់​ស្រុក និង ថ្នាក់​ដឹក​នាំ​ខេត្ត ។ បងប្អូន​ខ្មែរអ៊ិស្លាម គឺ​មុខ​សញ្ញា​ខ្លាំង​ខាង​កាប់​ព្រៃ​រាប់​សិប​ហិចតា​ក្នុង​មួយ​គ្រួសារ​យក​ធ្វើ​ជា​កម្មសិទ្ធិ ។​ពួក​គេ​អាង​អ្នក​ធំ​នៅ​ពី​ក្រោយ​ខ្នង​ហើយ​អ្នក​ខ្លះ​ទៀត​រស់​គ្រាន់​តែ​ចាំ​ដី​ឲ្យ​អ្នក​មាន​លុយ​តែ​ប៉ុណ្ណោះ ៕​​​

No comments:

Post a Comment