Wednesday, June 20, 2012

តុលាការ​កោះ​ហៅ​ប្រធាន​សហគមន៍​ព្រៃ​ឈើ​នៅ​ពោធិ៍សាត់


ដោយ មណ្ឌល កែវ
2012-06-19
តុលាការ​ខេត្ត​ពោធិ៍សាត់ បាន​ចេញ​ដីកា​កោះ​ហៅ​ប្រធាន​សហគមន៍​ព្រៃ​ឈើ​ឃុំ​ក្បាលត្រាច តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ភាពីម៉ិច (PHEAPIMEX) ការ​កោះ​ហៅ​នេះ​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ចាត់​ទុក​ថា ជា​ការ​គំរាម​កំហែង និង​ជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ។
ប្រធាន​សហគមន៍​ព្រៃ​ឈើ​ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ត្រូវ​តុលាការ​កោះ​ហៅ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ថា បាន​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា​បណ្ដាល​ឲ្យ​រាំង​ស្ទះ​ការងារ​ អភិវឌ្ឍ​របស់​ក្រុមហ៊ុន។
លោក គុជ វេង ជា​ប្រធាន​សហគមន៍​ព្រៃ​ឈើ​ឃុំ​ក្បាលត្រាច។ លោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មិថុនា ថា ការ​កោះ​ហៅ​នេះ​បាន​ធ្វើ​ឲ្យ​លោក​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​លោក​មិន​ដែល​បាន​ធ្វើ​ការ​ញុះញង់​នរណា​នោះ​ទេ។
លោក​ថា ការ​តវ៉ា​ជា​ច្រើន​លើក​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្បាលត្រាច កើត​ឡើង​ដោយសារ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ប៉ះពាល់​លើ​ដី​ស្រែ ចំការ​របស់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ពួក​គាត់​ខឹងសម្បា ហើយ​នាំ​គ្នា​តវ៉ា​ដោយ​ខ្លួន​ឯង​ពុំ​មាន​ការ​ញុះញង់​ពី​នរណា​នោះ​ទេ៖ «បើ គេ​ចង់​ដាក់​គុក​ខ្ញុំ ក៏​គេ​ដាក់​ទៅ តែ​គ្រាន់​តែ​ថា ខ្ញុំ​មិន​ដែល​បាន​ទៅ​ញុះញង់​អ្នក​ណា​ទេ។ មាន​ប្រជាពលរដ្ឋ​ជា​សាក្សី​គេ​មក​ឈូស​ដើម​ស្វាយ ដើម​ខ្នុរ ដែល​គាត់​ដាំ​តាំង​ពី​សម័យ​ខ្មែរ​ក្រហម​នៅ​ក្នុង​ព្រៃ​នៅ​ឡើយ សូម្បី​តែ​លោក​មេ​ភូមិ​ក៏​គាត់​មក​បបួល​ពួក​ខ្ញុំ និង​ប្រជាពលរដ្ឋ​ឲ្យ​តវ៉ាដែរ...»
កាល​ពី​ថ្ងៃ​ទី​៣ មេសា កន្លង​ទៅ ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ចំនួន ក្នុង​ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​លើក​គ្នា​កាន់​ការដ្ឋាន​ថ្មី​របស់​ក្រុមហ៊ុន​ភាពីម៉ិច នៅ​ចំណុច​ខ្នាចអន្សោង ស្ថិត​ក្នុង​ភូមិ​ក្រឡាញ់ ដើម្បី​ធ្វើ​ការ​រារាំង​បញ្ឈប់​មិនឲ្យ​គ្រឿង​ចក្រ​ឈូស​ឆាយ​លើ​ដី​ស្រែ​ ចំការ​របស់​ពួក​គាត់​ទៀត។
ប្រជាពលរដ្ឋ​មក​ពី​៦​ភូមិ គឺ​ភូមិ​ក្រឡាញ់ ភូមិ​ស្រែឫស្សី ភូមិ​ដូង ភូមិ​ទទឹង ភូមិ​កំពង់លើ និង​ភូមិ​សំរោង ប្រមាណ ១០០​នាក់ បាន​ខឹងសម្បា ហើយ​លើក​គ្នា​មក​សុំ​ជួប​តំណាង​ក្រុមហ៊ុន​ដើម្បី​សួរ​នាំ​ពី​មូលហេតុ​ដែល​ ក្រុមហ៊ុន​ចេះ​តែ​រំលោភ​បំពាន​លើ​ដី​ស្រែ​ចំការ​របស់​ពួកគាត់។
ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក ប៉ង់ ចាន់សុយុទ្ធារ៉ា មាន​ប្រសាសន៍​ថា ការ​កោះ​ហៅ​ប្រធាន​សហគមន៍​ព្រៃ​ឈើ​ឃុំ​ក្បាលត្រាច​នេះ គឺ​ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​របស់​ក្រុមហ៊ុន​ភាពីម៉ិច ដោយ​ក្រុមហ៊ុន​បាន​ចាត់​ទុក​ថា ការ​តវ៉ា​បែប​នេះ​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​របស់​ក្រុម​ហ៊ុន៖ «បាទ! យើង​ពិត​ជា​បាន​កោះ​ហៅ​គាត់​ឲ្យ​ចូល​មក​បំភ្លឺ​តាម​ពាក្យ​បណ្ដឹង​របស់​ក្រុមហ៊ុន​ពី​បទ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ងើប​ឡើង​តវ៉ា...»
យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ពោធិ៍សាត់ បាន​ចាត់​ទុក​ការ​កោះ​ហៅ​នេះ​ថា ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាម​កំហែង​កុំ​ឲ្យ​ ប្រជាពលរដ្ឋ​ហ៊ាន​បញ្ចេញ​មតិ និង​តវ៉ា​ពី​ការ​បាត់​បង់​ដីធ្លី​របស់​ពួក​គេ។
លោក ភួង សុធា មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​ពោធិ៍សាត់៖ «នេះ គឺ​ជា​សកម្មភាព​មួយ​ក្នុង​បំណង​បង្អាក់​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ។ គឺ​ជា​ការ​គំរាម​កំហែង​ស្មារតី កុំ​ឲ្យ​ប្រជាពលរដ្ឋ​ហ៊ាន​ងើប​ឡើង​តវ៉ា​ទៀត...»
ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ ជាមួយ​ក្រុមហ៊ុន​ភាពីម៉ិច បាន​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ពុំ​ទាន់​មាន​ ដំណោះស្រាយ​នៅ​ឡើយ។ ទំនាស់​នេះ​បាន​កើត​មាន​ជា​អំពើ​ហិង្សា​ដោយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​ បិទ​ផ្លូវ​ជាតិលេខ​៥ ចំនួន ២​លើក​មក​ហើយ៕

No comments:

Post a Comment