Thursday, July 11, 2013

ស្ថានភាពអ្នកបុរីកីឡាក្រោយការឈូសកំទេចផ្ទះសំបែងរបស់ក្រុមហ៊ុន ផាន អ៊ីម៉ិច

អ្នកភូមិបុរីកីឡាប្រមាណជិត២០០គ្រួសារ ដែលអ្នកខ្លះរស់នៅ​​ក្រោម​សំយ៉ាប​ផ្ទះ​គេ​ក្រោម​អាគារ​ចាស់ៗ  ខ្លះ​ក្រោម​តង់ និង ខ្លះ​ទៀត​រស់​នៅ​លើ​គំនរ​សំរាម​ដោយ​សារ​ក្រុមហ៊ុន ផាន អ៊ីម៉ិច បាន​ឈូស​​​កំទេច​​​ផ្ទះ​​សំបែង​របស់​ពួកគាត់​កាល​ពី​ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១២ ដែល​​មិន​មាន​​ដំណោះ​ស្រាយ និង​​​សំណង​​សម​រម្យ​​សំរាប់​​ពួក​​គាត់។

ក្រោយ​​ពី​កា​រ​​ឈូស​កំទេច​ផ្ទះ​សំបែង​ អ្នក​ភូមិ​បុរីកីឡា​បាន​នាំ​គ្នាតវ៉ា​ និង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ និង​ស្ថាន​ទួត​នានា​ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៏​ដល់​ក្រុមហ៊ុន​ ផាន អ៊ីម៉ិច​ ឲ្យ​​​ពន្លឿន​​​កា​រ​​ដោះ​ស្រាយ​​ និង​​​ផ្ដល់​នូវ​​សំណង​​សមរម្យ​​សំរាប់​​អ្នកភូមិ​ ព្រោះ​​ពួក​គាត់​​សព្វ​ថ្ងៃ​​កំពុង​​ជួប​​ការ​​លំបាក​ ខ្វះ​ខាត​​ជា​ច្រើន​​​​ដោយ​​បាត់​​​បង់​​ផ្ទះ​​​សំបែង​ បាត់​បង់​​មុខរបរ​ និង​​កូនៗ​​របស់​​ពួក​គាត់​​បាត់បង់​ការសិក្សា​។​

នៅ​​ក្នុង​ការតវ៉ា​ និង​ដាក់ញត្តិ​របស់​ពួកគាត់​តែង​មានកា​រ​រារាំង​ពី​សំណាក់​អជ្ញាធរ​ ប៉ូលិស​ និង​កងកំលាំង​ប្រដាប់​អាវុធ​ ដោយ​មាន​កាំភ្លើង​ ខែល​ និង​ដំបងឆក់​មក​ធ្វើ​ការ​បង្រ្កាប​ទៅលើ​ពួកគាត់​យ៉ាង​ព្រៃផ្សៃ​ជា​ទី​បំផុត។

ប្រទេស​កម្ពុជា​សព្វថ្ងៃ​កំពុង​ជួប​ប្រទះ​ការ​រំលោភ​សិទ្ធមនុស្ស​ និង​ដីធ្លី​ ជាច្រើន​នៅ​ទូទាំង​ប្រទេស​។​​ដូច្នេះ​ រដ្ឋា​ភិ​បាល​មិន​ត្រូវ​បណ្ដែត​បណ្ដោយ​ឲ្យ​ការ​រំ​លោភ​សិទ្ធ​ទាំងនោះ​បន្ត​កើត​មាន​ទៀត​ទេ​គួរ​តែមាន​​វិធាន​កា​រ​​ដល់​​បណ្ដា​​ក្រុមហ៊ុន​​ដែល​​បាន​​ប្រព្រឹត្ត​​អំពើរ​​អាក្រក់​​ទាំងនោះ​​ និង​​ផ្ដល់​​នូវ​​ដំណោះ​ស្រាយ​​ក៏​​ដូច​​ជា​សំណង​​សមរម្យ​​សំរាប់​​ប្រជា​ពលរដ្ឋ​​ដែល​រង​គ្រោះ​​ពី​​អំពើរ​​រំ​លោភ​​បំពាន​​ទាំងនោះ​​ដើម្បី​​ឲ្យ​​​​​ប្រទេស​​​កម្ពុជា​​ក្លាយ​​ទៅ​ជា​​ប្រទេស​​ដែល​​មាន​​លទ្ធិ​​ប្រជា​​ធិបតេយ្យ​​ និង​​គោរព​​សិទ្ធ​​មនុស្ស​​យ៉ាង​​ពិត​​​ប្រាកដ​​៕​​

No comments:

Post a Comment