Thursday, July 26, 2012

ពិភពធម្មជាតិ បទពំនោល


1,គន់មើលស​​ម្រស់ធម្មជាតិ សែន​ល្អស្រស់ស្អាត គួឲ្យចាប់ចិត្តទស្សនា។
2,មើលទៅភ្នំបៃតងថ្លា           ពេញដោយរុក្ខា         ដុះណែនជាច្រើនតាន់តាប់។
3,ថ្ងៃត្រង់យើងអង្គុយស្ដាប់ំ   តូចយំសាសាប់      ហៅសែនស្រណោះកន្លង។
4,រៃច្រៀងទ្រហ៊ឹងអ៊ឹងកង      បក្សីឆ្លើយឆ្លង         រួមដោយវាយោបោកបក់។
5,ជើង​ភ្នំវាលស្មៅខ្ចីល្ហក់        ទន់ដូចជាសក់         ព្រៀបព្រុំពណ៍ខៀវស្រង៉ាត់។
6,ក្រលេកមើលទៅសមុទ្រ    លំហរធំផុត              គន់មើលដាច់កន្ទុភ្នែក។
7,ធម្មជាតិដ៏ល្អចម្លែក             រលកបោកបែក        ដូចផ្កាត្រែងសសម្ពោង។
8,ខ្ញុំស្រឡាញ់ពេញបេះដូង    ហើយសូមបួងសួង   ប្រាថ្នាកើតជាមួយអ្នក










Wednesday, July 25, 2012

សិក្ខាសាលា ពិនិត្យឆ្លុះបញ្ចាំងផែនការសកម្មភាពប្រចាំឆ្នាំ របស់គំរោង «លើស្ទួយសំលេងជនជាតិដើមភាគតិច»


មន្រ្តី​កម្មវិធី របស់​អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍​ប្រចាំខេត្ត​រតនគីរី ឡើង​ធ្វើ​កិច្ច​ស្វាគមន៍​
 
បានលុង៖ សហគមន៍​ជនជាតិដើម​ភាគ​តិច​ចំនួន ៤៥ នាក់​(ស្រី ១៣) មកពី ៤ ភាសាគឺ ទំពួន គ្រឹង ចារ៉ាយ កាចក់និង​ពូនង បានមកជួប​ជុំគ្នា នៅការិយាល័យ អង្គការ​គាំទ្រសហគមន៍ជនជាតិដើម​ភាគតិច​ ប្រចាំខេត្ត​រតនគីរី ដើម្បី​រៀប​ចំជាសិក្ខាសាលា ស្តីពីការ​ពិនិត្យ​ឆ្លុះ​បញ្ចាំង​ផែន​ការ​សកម្មភាពប្រចាំឆ្នាំ​របស់​គំរោ​ង «​លើស្ទួយ​សំលេង​ជនជាតិដើម​ភាគតិច» ហៅកាត់​ថា ភី.អាយ​.វី ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី Misereor តាមរយៈ​អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍។

សិក្ខាសាលា​មានរយៈ​ពេល​ពីរ​ថ្ងៃ គឺ​ចាប់ពីថ្ងៃទី២៥ ដល់ ២៦ ខែ​កក្កដា ឆ្នាំ២០១២ នៅ​ក្រុង​បានឡុង ខេត្តរតនគីរី ក្នុង​គោល​បំណងពិនិត្យ​ឡើង​វិញ​នូវសកម្មភាព​ដែល​បាន​អនុវត្តន៍ និង​សកម្មភាព​ដែល​ពុំបាន​អនុវត្តន៍។ 

ក្រុម​ជនជាតិ​ទំពួន​ធ្វើ​ផែន​ការ​សកម្មភាព​បន្ត​សំរាប់​៥​ខែ​ បន្ទាប់​ដើម្បី​បង្ហាញដល់​ក្រុម​ធំ

សហគមន៍​ដែល​ចូល​រួម​មកពី ៥ស្រុកគឺ ស្រុក​អូជុំ ស្រុក​អូយ៉ាដាវ ស្រុក​បរកែវ និង​ស្រុក​បាន​លុង ក្នុង​ខេត្ត​រតន​គីរី និង​ស្រុក​ពេជ្រាដាក្នុង​ខេត្ត​មណ្ឌល​គីរី។ ក្នុង​ចំណោម​សហគមន៍ទាំងនោះ រួមមាន​ប្រជាជន​ និង​អាជ្ញាធរដែនដីផងដែរ (មេភូមិ និង​ក្រុម​ប្រឹក្សា​ឃុំ)។

តាម​រយៈ​សិក្ខាសាលានេះ​ផង​ដែរ ក្រុម​ ភី.អាយ.វី នឹង​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​ផងដែរ​នូវបញ្ហា​ប្រឈម​កន្លងមក​ដែល​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​មិនអាច​សម្រេច​តាម​ផែន​ការ​ ហើយ​បង្ហាញ​លិទ្ធផល​នេះ​ទៅកាន់ អង្គការ​ដៃគូគាំទ្រដើម្បី​ចូល​រួម​ធ្វើ​ការ​ស្វែងរក​ដំណោះ​ស្រាយ។

ផែនការ​បន្ទាប់​ដែលនៅសេស​សល់​ក៏ត្រូវ​បាន​បង្ហាញ​ដល់​អង្គការ​ដៃគូរ ព្រមទាំងអង្គការ​ក្នុង​តំបន់​ មួយចំនួនទៀត​ដើម្បី​ជួយ​បំពេញ​ត្រូវ​ការ​របស់​សហគមន៍​ ឈានដល់​សម្រេច​ផែនការ​តាម​ការ​គ្រោង​ទុក។

Tuesday, July 24, 2012

សម្បត្ដិធម្មជាតិកម្ពុជា

1.ព្រឹកព្រៃរៃយុំខ្ញុំស្រណោះ  ​នាព្រៃរបស់និង​ព្រៃស្រោង
    ដំរីប្រើសក្ដាន់ត្មាន់ទន្សោង  ស៊ិក្នុងវាលស្មោងស្មៅខៀវខ្ចី  ។
 2.ឯនាយព្រៃភ្នំធំច្រើនខ្នង      បាងជ្រោះជ្រលងហួសគណនីយ
     មច្ឆាម្រឹគ្គានាបក្សី         ​​​​​      នៅលើផែនដិកម្ពុជា        ។
3.សមុទ្រជលសៃត្រីសម្បូរ  ​​   ស្ទឹងបឹងព្រែកអូរច្រើនអស្ចារ្យ​​
​​​    មានទាំងដីស្រែដីចំការ        ក្រោមដីផងណារ៉ែច្រើនមុខ   ។
4, ឥឡូវស្រុកខ្មែរប្រែក្រឡះ    សង្គមប្ដូរផ្លាស់ទ្រព័រងទុក្ខ
     និងត្រូវវិនាសថ្ងៃខាងមុខ    ធ្វើម្ដេចទេសស្រុកអភិវឌ្ឍ       ។

Sunday, July 22, 2012

ស្នេហ៍ក្នុងព្រៃព្រឹក្សា

ស្នេហ៍ក្នុងព្រៃព្រឹក្សា
  1. អូនអើយអូនមើលសព្វធម្មជាតិ    ច្រូងច្រាងព្រោងព្រាតបៃតងស្រស់
         រុក្ខជាតិតូចធំមានទាបមានខ្ពស់    បង្ហាញសម្រស់គួឲ្យទស្សនា
    2.   ឯនាយជើងភ្នំស្មៅលាស់ខៀវខ្ចី    បក្សាបក្សីម្រឹគ្គីម្រឹគ្គា    ។
         រកស៊ីតាមហ្វូងបណ្ដើរគូវា               បីដូចពុំងារហើយនិងរូបបង     ។
   3.  ឯឆ្ងាយសមុទ្រោផុតកន្ទុយភ្នែក     រលកបោកបែកមើលសសម្ពោង
        រំពេឆែលឆាបមច្ឆាទាំងហ្វូង           ស្រែកយំរំពងឰដ៏អាកាស           ។
  4.   ល្អណាស់ធម្មជាតិនៅស្រុកខ្មែរ     មានចំការស្រែព្រៃឈើល្អល្អះ
        ទន្លេសមុទ្រត្រីសំបូរណាស់          រីធាតុអាកាសក៏ល្អទៀតផង          ។
   5.  យើងសំណាងណាស់ជាកម្ពុជា     ដែលមានវាសនាដូចអូននិងបង 
         រួមគ្នាដាំឈើហើយប្រាថ្នាផ្សង      ឲ្យអូននិងបងជួបគ្នាគ្រប់ជាតិ      ។
   6.   ស្ដា​យណាស់ឥឡូវវាខុសពីមុន      ត្រូវពួកនាយទុនយកយន្ដាឈូសឆាយ
          បំផ្លាញព្រៃឈើវិនាសអន្ដរាយ        តើអូនសោកស្ដាយដូចរួបបងទេ ? ។
 

Tuesday, July 17, 2012

សង្គម​ស៊ីវិល​បួងសួង​សុំ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ

ទំព័រខាងមុខ » ពត៌មានខ្មែរ, សេដ្ឋកិច្ចនយោបាយ
            សម្តែងមតិ
ដោយ វិជ័យ អានន្ទ និង ម៉ៅ សុធានី
2012-07-17
​វិទ្យុ​អាស៊ីសេរី
តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ ជួប​ជុំ​គ្នា​នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ ដើម្បី​បួង​សួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​នាយក​វិទ្យុ​សំបុក​ឃ្មុំ។
តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ បួងសួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២។
តំណាង ​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ បួងសួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២។
RFA/Vichey Anandh
តំណាង និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​ចំនួន​ប្រមាណ ២០០​នាក់​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទី​១៧ កក្កដា ដើម្បី​បួង​សួង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​អស់​ក្នុង​លោក​ជួយ​បន្ទន់​ចិត្ត​ ចៅក្រម​ឲ្យ​មាន​ការ​អាណិត​អាសូរ​ដល់​លោក ម៉ម សូណង់ដូ ហើយ​ព្រម​ដោះ​លែង​គាត់​ឲ្យ​រួច​ពី​ការ​ឃុំ​ខ្លួន។
សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​មក​ពី​ខេត្ត​កំពង់ចាម លោក ប៉ោ ហន មាន​ប្រសាសន៍​ថា លោក​មិន​ជឿ​ថា តុលាការ​អាច​រក​យុត្តិធម៌​ជូន​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ទៀត​ឡើយ ហេតុ​នេះ​អ្វី​ដែល​លោក​អាច​ធ្វើ​បាន​នៅ​ពេល​នេះ គ្មាន​អ្វី​ក្រៅ​ពី​ការ​បន់ស្រន់ និង​បួង​សួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​សុំ​ឲ្យ​ជួយ​បន្ទន់​ចិត្ត​ តុលាការ​ឲ្យ​ពិចារណា​ឡើង​វិញ ហើយ​ដោះ​លែង​លោក​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ។
លោក ប៉ោ ហន៖ «យើង​ខ្ញុំ​មក​បួង​សួង​វត្ថុ​ស័ក្ដិសិទ្ធិ​ខ្លាំង​ពូកែ សុំ​ឲ្យ​លោក​ជួយ​ធ្វើ​ម៉េច​ឲ្យ​បន្ទន់​ចិត្ត​អ្នក​ដឹក​នាំ​ណា​មួយ​ដែល​ឃោរឃៅ សាហាវ​ព្រៃ​ផ្សៃ​ចំពោះ​លោក​ប្រធាន សុំ​ឲ្យ​ដោះលែង​លោក​ប្រធាន»
ម្យ៉ាង​ទៀត​លោក​សុំ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​លោក មម៉ សូណង់ដូ។
សមាជិក​ម្នាក់​ទៀត​មក​ពី​ខេត្ត​កណ្ដាល លោក គ្រោង យ៉ុង លើក​ឡើង​ថា ការ​ចូល​រួម​របស់​លោក​ក្នុង​ពិធី​បួង​សួង​ឱកាស​នេះ ដោយសារ​លោក​ឃើញ​ទង្វើ​ល្អៗ​ជា​ច្រើន​របស់​លោក ម៉ម សូណង់ដូ ដូចជា​ការ​ខំ​ប្រឹង​បង្ហាត់បង្ហាញ​លទ្ធិប្រជាធិបតេយ្យ និង​ការ​ជួយ​រំដោះ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ខ្វះខាត​ការ​ តស៊ូ​ដើម្បី​ស្វែង​រក​សេរីភាព និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ដើម។
លោក គ្រោង យ៉ុង៖ «គាត់​មិន​ធ្វើ​អបគមន៍​អី​នោះ​ទេ គាត់​ចង់​ថា ជួយ​ប្រជាពលរដ្ឋ។ តុលាការ​គាត់​ខុស ព្រោះ​ខ្ញុំ​ឃើញ​គាត់​ល្អ​បាន​ខ្ញុំ​ហ៊ាន​មក​ត​ទល់ និង​បួងសួង​នៅ​ព្រៃស ព្រោះ​ថា ស្រលាញ់​គាត់​កាន់​យុត្តិធម៌ ត្រឹមត្រូវ»
លោក ម៉ម សូណង់ដូ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​ចៅក្រម​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក ចុក ងួន។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៦ កក្កដា លោក​ត្រូវ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី សែម ស័ក្ដកូឡា សម្រេច​ឃុំ​ខ្លួន​ផ្អែក​លើ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​សាលា​ដំបូង​ ខេត្ត​ក្រចេះ តាម​រយៈ​ការ​ផ្ទេរ​យុត្តាធិការ​ពី​សាលា​ដំបូង​ខេត្ត​ក្រចេះ មក​តុលាការ​រាជធានី​ភ្នំពេញ។
ទាក់ទិន​នឹង​ការ​សម្រេច​ឃុំ​ខ្លួន​នេះ អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​មិន​ទទួល ​ស្គាល់​ចំពោះ​ដីកា​សម្រេច​ឃុំ​ខ្លួន​នេះ និង​បាន​រិះគន់​ថា តុលាការ​មិន​ឯករាជ្យ។
ជាមួយ​គ្នា​នេះ​ដែរ នៅ​បន្ទាប់​ពី​មាន​ការ​សម្រេច​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​១៧ កក្កដា បង្ហាញ​ថា កម្ពុជា​កំពុង​តែ​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។
សេចក្ដី​ថ្លែងការណ៍​នោះ​សរសេរ​ថា នៅ​រយៈ​កាល​បី​ខែ​កន្លង​ទៅ​នេះ មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ករណី រួម​មាន ការ​បាញ់​សំលាប់​សកម្មជន​ការពារ​បរិស្ថាន លោក ឈុត វុទ្ធី នៅ​ខេត្ត​កោះកុង ការ​បាញ់​សំលាប់​ក្មេង​ស្រី ហេង ចន្ថា នា​ខេត្ត​ក្រចេះ ក្នុង​យុទ្ធនាការ​ចុះ​បង្ក្រាប​ក្រុម ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​អះអាង​ថា ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ ការ​គំរាម​ចាប់​ផ្សឹក​ព្រះសង្ឃ លួន សាវ៉ាត ក្នុង​ករណី​ទាមទារ​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ ការ​កាត់​ទោស​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ក្នុង​ករណី​ដក​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង និង​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​តុលាការ​ចោទ​ថា ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍​នា​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
សេចក្ដី​ថ្លែងការណ៍​នោះ​សរសេរ​រិះគន់​ថា ប្រទេស​សមាជិក និង​ប្រទេស​មួយ​ចំនួន​មិន​មែន​សមាជិក​អាស៊ាន ដែល​បាន​មក​ប្រជុំ​អាស៊ាន មិន​យក​ចិត្ត​ទុក​ដាក់ និង​បាន​មើល​រំលង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​មិន​មែន​ជា​សមាជិក​អាស៊ាន​ទាំង​នោះ មិន​បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា ដាក់​បញ្ចូល​បញ្ហា​សិទ្ធិ​មនុស្ស​ទៅ​ក្នុង​របៀបវារៈ​ក្នុង​វេទិកា​ប្រជុំ​ អាស៊ាន។
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​កក្កដា សហព័ន្ធ​អន្តរជាតិ​សំរាប់​ការពារ​សិទ្ធិ​មនុស្ស (FIDH) និង​អង្គការ​ពិភពលោក​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម (OMCT) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ សំដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​ទោស​ធ្ងន់ធ្ងរ​ ដល់​លោក ម៉ម សូណង់ដូ ពី​សំណាក់​តុលាការ​ក្រុង​ភ្នំពេញ។
អ្នកស្រី ឌេប៊ី ស្តូហាដ (Debbie Stothard) អគ្គ​នាយក​រង​នៃ​សហព័ន្ធ​អន្តរជាតិ​សំរាប់​ការពារ​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​លើ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ ហើយ​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​គំរាមកំហែង​ដល់​អ្នក​ដែល​ហ៊ាន​រិះគន់​លោក ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​ទង្វើ​ទាំង​នោះ គឺ​ផ្ទុយ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​កម្ពុជា ប្រឆាំង​នឹង​ច្បាប់​ប្រទេស​ខ្លួន និង​ច្បាប់​អន្តរជាតិ។
អង្គការ​អន្តរជាតិ​ពីរ​នេះ​ក៏​បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក ម៉ម សូណង់ដូ ជា​បន្ទាន់ ដោយ​ពុំ​មាន​លក្ខខណ្ឌ និង​ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​នោះ៕

ក្រោម​លេសបង្កើត​តំបន់​អបគមន៏​ ផ្ទះ​៥រយខ្នង​ត្រូវបាន​បំផ្លាញ ពលរដ្ឋម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន

ទំព័រខាងមុខ » ពត៌មានខ្មែរ, សេដ្ឋកិច្ចនយោបាយ
            សម្តែងមតិ
ពុធ 18 កក្តដា 2012
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី
​ដោយ​ចោទ​ថា ​ប្រជាពលរដ្ឋ​​រស់​នៅ​លើ​ដី​​រដ្ឋ​ និង មាន​ផែនការ​ប​ង្កើតតំបន់​អបគន៏​​បាន​បើក​ផ្លូវ​ឲ្យ​អាជ្ញាធរ​ខេត្តពោធិសាត់ ​រុះបំផ្លាញ​​​ផ្ទះ​របស់ប្រជាពលរដ្ឋ​​យ៉ាងហោចណាស់​៥រយខ្នង​ និង​ពលរដ្ឋ​ម្នាក់​ត្រូវ​បានចាប់​ខ្លួន ​ក្នុង​ប្រតិបត្តិការ​មួយ​​​ដែលផ្ដើម​​កាលពីថ្ងៃច័ន្ទ និង ទើប​បញ្ចប់​​កាលពីថ្ងៃអង្គារ​ម្សិល​មិញ​ ។
កម្លាំងអាជ្ញាធរ អំឡុងការដាក់បង្រ្កាបទៅលើ ប្រជាពលរដ្ឋ ក្នុងឃុំកំពង់ដំរី
កម្លាំងអាជ្ញាធរ អំឡុងការដាក់បង្រ្កាបទៅលើ ប្រជាពលរដ្ឋ ក្នុងឃុំកំពង់ដំរី
ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ ក្រុម​ប្រជាពលរដ្ឋបាន​​និយាយ​​ថា ​ពួក​គេ​​ដែល​ពុំ​​មាន​ទី​ជម្រក​​បាន​មក​តាំង​ទីលំ​​នៅ​​ក្នុង​ភូមិ​​ កំពង់ក្ដី ឃុំ ក្រពើពីរ ស្រុក វាលវែង​នេះ​តាំងតែ​ពី​ឆ្នាំ២០០៨​ម្ល៉េះ , ពួកគាត់មានតែ​ដៃ​ទទេ​ និង ពុំមាន​ផែនការ​ធ្វើ​អបគមន៏​ទឹកដី​ស្អី​ទេ ។
​ជា​មួយ​គ្នា​ក្រុមប្រជាពលរដ្ឋ​បាន​ចោទ​ថា ​ការ​ដែល​អាជ្ញាធរ​បាន​បណ្ដេញ​ពួកគាត់​​ទាំង​​៦រយគ្រួសារ​ចេញ​ពី​តាំង​​ ដែលពួកគាត់​ធ្លាប់​រស់​នៅ​​អស់រយៈ​ពេលជិត​​៥​ឆ្នាំ​​មកហើយ​នេះ គឺដើម្បី​​យកដីទៅ​លក់​ឲ្យ​ឈ្មួញ ។
គួរ​បញ្ជាក់​ថា ដោយ​សំអាង​លើលេស​អបគមន៏ទឹកដី ​កាល​ពី​ខែឧសភា​កន្លងទៅ​​អាជ្ញាធរ​រដ្ឋាភិបាល​បាន​​ធ្វើ​ការ​បង្រ្កាបយ៉ាង​ ព្រៃផ្សៃ ទៅ​លើ​ប្រជាពលរដ្ឋ​​ក្នុង​ភូមិ ប្រមា ឃុំ កំពង់ដំរី ស្រុក ឆ្លូង​ ខេត្ត ក្រចេះ ហើយ​ព្រឹត្តិការណ៏​​នេះ បាន​​នាំ​​ទៅ​ដល់ការ​ចាប់​ខ្លួន​​លោក ម៉ម សូណង់ដូ ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ និង ជានាយក​វិទ្យុ​សំបុក​ឃ្មុំ​កាល​ពី​ចុងសប្ដាហ៏​កន្លង​ទៅ ៕

ពលរដ្ឋ​​​១ពាន់​គ្រួសារ ស្ថិត​​ក្នុង​គម្រោង​បណ្ដេញ​ចេញ​​ដោយ​បង្ខំ​ពី​ផ្លូវ​រថភ្លើង

ទំព័រខាងមុខ » ពត៌មានខ្មែរ, សេដ្ឋកិច្ចនយោបាយ
            សម្តែងមតិ
ពុធ 18 កក្តដា 2012
មាស​ មុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី
យ៉ាងហោចណាស់​​មានប្រជាពលរដ្ឋ​១ពាន់គ្រួសារ​​ដែល​មានទីលំនៅ​​តាម​បណ្ដោយ​​ កំណាត់​ផ្លូវ​រថ​ភ្លើង​​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត បន្ទាយ​មានជ័យ​​ បាន​ស្ថិត​ក្នុង​គម្រោង​នៃ​ការ​បណ្ដេញ​ចេញ​ដោយបង្ខំ​ដើម្បី​​យក​ទីតាំង​ ជួសជុល​ផ្លូវ​រថភ្លើង ។
ផ្លូវដែកក្នុងប្រទេសកម្ពុជា ដែលកំពុងទទួលការជួសជុល
ផ្លូវដែកក្នុងប្រទេសកម្ពុជា ដែលកំពុងទទួលការជួសជុល
លោក អ៊ាង វុទ្ធី មន្ត្រី​ផ្នែកច្បាប់​​នៃ​អង្គការ​ស្ពាន​​ឆ្ពោះទៅកាន់​សន្តិភាព​កម្ពុជា បាន​ប្រាប់​ក្រុម​អ្នករាយការណ៏ព័ត៌មាន​​​កាល​ពី​ម្សិលមិញ​​ថា​ នៅ​ក្នុង​សេចក្ដីជូនដំណឹង​​អាជ្ញាធរ​ បាន​​ដាក​ឱសានវាទ តែ​១០​ថ្ងៃ​ប៉ុណ្ណោះ ឲ្យ​ប្រជាពលរដ្ឋ​ រុះរើលំនៅដ្ឋាន​ បើ​ពុំនោះ​ទេ ពេល​ដល់​​ថ្ងៃ​​កំណត់ គេ​នឹង​មិន​ទទួល​ខុសត្រូវ ពីការ​ខូចចខាត់ ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ឡើយ ។
យ៉ាង​ណា​ក៏​ដោយ​​មន្ត្រី​រូប​នេះ បាន​​និយាយ​ថា ​” ​ការ​ប្រកាសជូនដំណឹង​​ពី​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ប្រមាណ​១ពាន់​គ្រួសារ​នេះ​ ចេញ​ពី​តំបន់​ពួកគេ​​ធ្លាប់​រស់​នៅ វា​ផ្ទុយ​ទៅ​នឹង​ការិយាល័យ​សម្រប​សម្រួល​​គម្រោង​ពិសេស​​របស់ ADB ដែល​បាន​​និយាយ​​សន្យា​ថា ​នឹង​ពុំ​​មាន​ការបណ្ដេញ​ចេញ​​បែប​នេះ​​ទេ ” ៕

សេដាក ៖ ការ​អភិរក្ស​កង្កែប​ក្នុង​វាលស្រែ​នាំ​ឲ្យ​កសិករ​ទទួល​បាន​ផល​ស្រូវ​ច្រើន

ទំព័រខាងមុខ » ពត៌មានខ្មែរ, សេដ្ឋកិច្ចនយោបាយ
            សម្តែងមតិ
ពុធ 18 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

សត្វ​កង្កែប មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ការពារ​កុំ​ឲ្យ​ដំណាំ​ស្រូវ​ទទួលរង​ ការបំផ្លាញ​ពី​សត្វល្អិត ជាពិសេស​នៅ ដំណាក់កាល​ដំបូង​នៃ​ការ​ធ្វើស្រែ​គឺ​ដំណាក់កាល​សំណាប និង​ពេល​ស្រូវ​ទើប​បែក​គុម្ព​ដំបូង​។ តែ​កន្លងមក​កសិករ​យើង​ភាគ ច្រើន​មិនសូវ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិរក្ស​សត្វ​កង្កែប ដើម្បី​ឲ្យ​វា​ជួយ​ការពារ​ដំណាំ​ស្រូវ​ទេ​។ នៅ​ពេល​ដើមរដូវ គេ​គិតតែ នាំគ្នា​ចាប់​កង្កែប​ធ្វើជា​ចំណីអាហារ​និង​លក់​ទៅវិញ​។ ការ​ធ្វើ​របៀប​នេះ​ប្រៀប​ដូច​ជា​ការទប់ស្កាត់​មិន​ឲ្យ​កង្កែប មានឱកាស បង្ក​កំណើត​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ការពារ​ដំណាំ​ស្រូវ​និង​ផ្តល់​ផល​ច្រើន​នៅ​ពេល​ក្រោយ​។ លើស​ពី​នេះ​ទៀត កសិករ​យើង ក៏បាន​ធ្វើការ​ប្រើប្រាស់​សារធាតុ​គីមី​ដូចជា ជីគីមី​និង​ថ្នាំពុល​គីមី ដែល​នាំ​ឲ្យ​កង្កែប​ពុល​ងាប់​ជាពិសេស​ដោយសារ​ស្បែក​កង្កែប ងាយ​ទទួលរង​ការបំផ្លាញ​ពីសារ​ធាតុគីមី​ណាស់​។​
ដើម្បី​ឲ្យ​កសិករ​ទទួល​ផល​ស្រូវ​ច្រើន​និង​មិន​ចាំបាច់​ចំណាយ​ច្រើន​លើ​ សារធាតុ​គីមី​និង​បាន​ផល​កង្កែប​ច្រើន សេ​ដាក សូម​អំពាវនាវ​ឲ្យ​កសិករ​ងាក​មក​គិតគូ​អភិរក្ស និង​ចិញ្ចឹម​កង្កែប​តាម​វាលស្រែ​ឲ្យ​បាន​គ្រប់គ្នា ដោយ​អនុវត្ត​តាម​គំនិត​សំខាន់ៗ ដូចខាងក្រោម​៖
​​១. សូម​នាំគ្នា​ឈប់​ចាប់​កង្កែប​នៅពេល​ដើមរដូវ​។ បើ​យើង​ចង់​ចាប់​អាច​ចាប់បាន​ពី​ពាក់កណ្តាល​រដូវ​ទៅ ជាពិសេស នៅពេល​ស្រូវ​បែក​គុម្ព​បាន​ច្រើន​។ (កង្កែប​វា​អាចជួយ​ការពារ​ដំណាំ​ស្រូវ​ពី​ការបំផ្លាញ​បាន​។ កង្កែប​មួយ​វា​អាច​ស៊ី​សត្វល្អិត បាន​ក្នុង​បរិមាណ​ស្មើនឹង​ទម្ងន់​ខ្លួន​របស់​វា​)​។​
​២. កុំ​ប្រើ​ជីគីមី​និង​ថ្នាំពុល​លើ​ស្រូវ​និង​ស្រែ​ឲ្យ​សោះ​។​
​៣. ប្រើ​ជីធម្មជាតិ​ឲ្យ​បាន​ច្រើន​លើដី​ស្រែ​ជាពិសេស​ប្រើ​កំទេច​ចំបើង អង្កាម និង​ស្លឹកឈើ ដើម្បី​គ្រប​ដី​ចន្លោះ​គុម្ព​ស្រូវ ព្រោះ​វា​ផ្តល់​ជា​ជំរក​និង​ចំណី​បន្ថែម​ដល់​កង្កែប​។​

​៤. រៀបចំ​ឲ្យ​មានកូន​ចង្អូរ ថ្លុក ឬ​ប្រឡាយ ស្រះ​ក្នុង​ស្រែ ដើម្បី​ផ្តល់​ជា​ជំរក​ដល់​កង្កែប​។​

៥. ផ្តល់​ចំណី​បន្ថែម​ដល់​កង្កែប​ដូចជា​កន្ទក់ ចុងអង្ករ និង​កាកសំណល់​ផ្ទះបាយ​។​ល​។​

​៦. សហការ​ជាមួយ​អ្នកជិតខាង​ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ចូលមក​ចាប់​កង្កែប​ក្នុង​វាលស្រែ​។​
​បណ្ឌិត យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេ​ដាក​មានប្រសាសន៍ថា “​ការអនុវត្តន៍​នូវ​គំនិត​ខាងលើ​បាន​ជោគជ័យ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កសិករ​ទទួលបាន​ផល​ស្រូវ​ច្រើន​ទេ គេ​អាច​ប្រមូល​ផល​កង្កែប​សំរាប់​បរិភោគ​និង​លក់បាន​ថែមទៀត​ផង នៅ​ចុងរដូវ ឬ​ក្រោយពេល​ច្រូតកាត់​” ។
​លោក​បណ្ឌិត​បន្តថា ដើម្បី​ទទួលបាន​ផល​កង្កែប​ពី​ស្រែ​គេ​ត្រូវយក​សំណាញ់​ព័ទ្ធ លើដី​ស្រែ​នៅពេល​ចុងរដូវ ដើម្បី​ការពារ​កុំ​ឲ្យ​កង្កែប​រត់ចេញ​ពី​ស្រែ​បាត់​ក្រោយពេល​ច្រូតកាត់​។
​កសិករ​គួរ​ចាប់ផ្តើម​សាកល្បង​អនុវត្តតាម​គំនិត​ខាងលើ​នៅលើ​ផ្ទៃដី​ដែល​ អាច​ធ្វើបាន (​ឧទាហរណ៍ ៥ ទៅ ១០ អារ​) ដើម្បី​ទទួលបាន​នូវ​លទ្ធផល​និង​បទពិសោធន៍​ជាក់លាក់​។​
​សេ​ដាក សូម​ធ្វើការ​អំពាវនាវ​ឲ្យ​កសិករ​និង​អ្នកពាក់ព័ន្ធ​គ្រប់រូប ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អភិរក្ស​សត្វ​កង្កែប​ក្នុង​វាល ស្រែ​ដើម្បី​ផលប្រយោជន៍​វែងឆ្ងាយ​របស់​យើងទាំងអស់គ្នា៕

Thursday, July 5, 2012

អ្នក​បុរី​កីឡា​ព្រមាន​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ដីធ្លី

ទំព័រខាងមុខ » ពត៌មានខ្មែរ, សេដ្ឋកិច្ចនយោបាយ
1             សម្តែងមតិ
ដោយ ម៉ម មុនីរតន៍
2012-07-05
​វិទ្យុ​អាស៊ីសេរី
ក្រុម​អ្នក​ភូមិ​បុរី​កីឡា​ព្រមាន​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ នៅ​សប្ដាហ៍​ខាង​មុខ​ទៀត ដើម្បី​ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋាភិបាល​ពន្លឿន​ស្វែង​​រក​ដំណោះ​ស្រាយ​លំនៅឋាន​ឲ្យ​បាន​ឆាប់។
អ្នកស្រី ឆាយ គឹមហ៊ន តំណាង​ពលរដ្ឋ​បុរី​កីឡា​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត ក្រោយ​ពី​ជំនួប​ជាមួយ លោក ទីវ គឹមពិសិដ្ឋ នា​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១២។
អ្នកស្រី ឆាយ គឹមហ៊ន តំណាង​ពលរដ្ឋ​បុរី​កីឡា​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត ក្រោយ​ពី​ជំនួប​ជាមួយ លោក ទីវ គឹមពិសិដ្ឋ នា​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Morm Moniroth
ការព្រមាន​នេះ កើត​ឡើង​ខណៈ​ក្រុមហ៊ុន ផានអ៊ីម៉ិច (Phanimex ) ចាត់​ទុក​ពលរដ្ឋ​ដែល​នៅ​បន្ត​ក្រាញ​ននៀល​មិន​ចាក​ចេញ​ទាំង​នេះ​ថា ពុំ​មាន​ឯកសារ​ផ្លូវ​ច្បាប់​គ្រប់​គ្រាន់។
ការ​ព្រមាន​ធ្វើ​បាតុកម្ម​របស់​អ្នក​ភូមិ​បុរី​កីឡា នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បដិសេធ​ជា​ថ្មី​ទៀត នូវ​សំណើ​របស់​ពួក​គេ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១២។ នៅ​ក្នុង​សំណើ​របស់​សហគមន៍​បុរី​កីឡា​ចំនួន ១១៧​គ្រួសារ ដែល​នៅ​សេសសល់​នេះ គឺ​ជា​ការ​ឆ្លើយ​តប​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ទាម​ទារ​ឲ្យ​ពលរដ្ឋ​បង្ហាញ​ភស្តុតាង​រឹង និង​ឯកសារ​ផ្លូវ​ច្បាប់ មុន​នឹង​បន្ត​ដោះ​ស្រាយ​តាម​សំណើ​របស់​ពួក​គេ។
ក្រោយ​ពី​ជំនួប​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​ពុធ រវាង​តំណាង​សហគមន៍​បុរី​កីឡា​ចំនួន ១០នាក់ ជាមួយ​នឹង​លោក ទីវ គឹមពិសិដ្ឋ អគ្គនាយក​រង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ អ្នកស្រី ឆាយ គឹមហ៊ន ដែល​អះអាង​ថា ជា​តំណាង​របស់​សហគមន៍​បុរី​កីឡា មាន​ប្រសាសន៍​ថា សាលា​រាជធានី​ភ្នំពេញ​ពុំ​មាន​សមត្ថភាព​ណា​មួយ ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ទេ ពោល​គឺ​គ្រាន់​តែ​ជា​ស្ពាន​ចម្លង​ទៅ​រដ្ឋាភិបាល​ប៉ុណ្ណោះ។
បើ​យ៉ាង​នេះ​ក្តី អ្នកស្រី​គំរាម​ថា ក្រុម​អ្នក​ភូមិ​បុរី​កីឡា​នឹង​ធ្វើ​បាតុកម្ម​ក្នុង​ទ្រង់​ទ្រាយ​ធំ នៅ​សប្ដាហ៍​ក្រោយ​នេះ បើ​រដ្ឋាភិបាល​នៅ​តែ​មិន​ដោះ​ស្រាយ​នោះ​ទេ។
អ្នកស្រី ឆាយ គឹមហ៊ន៖ «ខ្ញុំ​មក​សួរ​ចម្លើយ​ពី​សាលា​រាជធានី​ភ្នំពេញ​ ទៀត តែ​បើ​សិន​អត់​បាន​ផល​ប្រយោជន៍​អី​ទេ នាង​ខ្ញុំ​នឹង​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​ឲ្យ​ធំ។ ពួក​ខ្ញុំ​លែង​មាន​អារម្មណ៍​ជឿជាក់​លើ​ពួក​គាត់​ទៀត​ហើយ ព្រោះ​គាត់​ឲ្យ​ពួក​ខ្ញុំ​ជឿជាក់​លើ​គាត់​វា​ច្រើន​មក​ហើយ ហើយ​អ្វី​ដែល​គាត់​បោក​បញ្ឆោត​ពួក​ខ្ញុំ គឺ​រឹត​តែ​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​កាន់​តែ​រឹងមាំ​ខ្លាំង​ទៅៗ។ ព្រោះ​ពេល​នេះ ពួក​ខ្ញុំ​មិន​អាច​រង់ចាំ​ការ​ដែល​ពួក​គាត់​ពន្យារ​ពេល​ទៀត​ទេ​បង។ ខ្ញុំ​ត្រូវ​តែ​ប្រឹង​ប្រែង​ដើម្បី​ផ្ទះ​របស់​ពួក​ខ្ញុំ​ទាំង​អស់​គ្នា ព្រោះ​ពួក​ខ្ញុំ​រស់​នៅ​រាល់​ថ្ងៃ​នេះ ឈឺ​ចាប់​ណាស់។ ការ​ប្រមាថ​មើល​ងាយ​របស់​គេ​ក៏​មាន គេ​បោះ​សំរាម​លើ​ក្បាល​ក៏​មាន ហើយ​ដល់​ពេល​អញ្ចឹង ពួក​ខ្ញុំ​នឹង​ប្រឹង​ប្រែង ព្រោះ​ការ​ដែល​ពួក​គាត់​បោក​ប្រាស់​ពួក​ខ្ញុំ​ម្តង​ថា​ថ្ងៃ​នេះ ម្តង​ថា​ថ្ងៃ​នោះ ម្តង​ថា​ទៅ​ស្នង​ការ​គេ​នឹង​ដោះ​ស្រាយ ម្តង​ទៅ​សាលា​ខណ្ឌ​គេ​នឹង​ដោះ​ស្រាយ ម្តង​អើ​ទៅ​ស្នងការ​ទៀត​ទៅ បិទ​រូប​ថត​រូប​អី​ទៀត​គេ​នឹង​ដោះ​ស្រាយ តែ​តាម​ពិត គឺ​អត់​មាន​ប្រយោជន៍​អី​ទាំង​អស់»
ការ​ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី​ទៀត នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា របស់​អ្នក​ភូមិ​បុរី​កីឡា​ប្រមាណ ៣០​នាក់។ ពួក​គេ​បញ្ជាក់​ជំហរ​ថា នៅ​តែ​បន្ត​ការ​តវ៉ា​បន្ត​ទៀត រហូត​ដល់​មាន​ដំណោះ​ស្រាយ ដើម្បី​លំនៅឋាន​សមរម្យ​ដូច​អ្នក​ឯ​ទៀតៗ។
នៅ​ក្នុង​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន ផានអ៊ីម៉ិច និង​ពលរដ្ឋ​សហគមន៍​បុរី​កីឡា​នេះ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១២។ យ៉ាង​ហោច​ណាស់ មាន​អ្នក​ភូមិ​បុរី​កីឡា​ដែល​មិន​ព្រម​ចាក​ចេញ ៣០​នាក់ ក្នុង​ចំណោម ១១៧​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​នៃ​សាលា​រាជធានី​ភ្នំពេញ ចាប់​ឃុំ​ខ្លួន​នៅ​មណ្ឌល​កែប្រែ​ព្រៃ​ស្ពឺ។ ការ​ចាប់​ខ្លួន​នេះ ដោយ​សារ​អាជ្ញាធរ​ចាត់​ទុក​ថា ការ​តវ៉ា​របស់​ពលរដ្ឋ​បុរី​កីឡា គឺ​ប្រឆាំង​ទៅ​នឹង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន ផានអ៊ីម៉ីច របស់​អ្នកស្រី ស៊ុយ សុផាន៕

អ្នក​បឹង​កក់​នៅ​តែ​តវ៉ា​ដើម្បី​ឲ្យ​អាជ្ញាធរ​ចែក​ដី​ដែល​រដ្ឋាភិបាល​ប្រគល់​ឲ្យ

ទំព័រខាងមុខ » ពត៌មានខ្មែរ, សេដ្ឋកិច្ចនយោបាយ
            សម្តែងមតិ
ដោយ សុ ជីវី
2012-07-05
​វិទ្យុ​អាស៊ីសេរី
អ្នក​បឹង​កក់ និង​តំណាង​របស់​ពួក​គេ ១៣​នាក់ ដែល​ថ្មីៗ​នេះ​ទើប​បាន​រួច​ខ្លួន​ពី​ការ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស ដោយ​សារ​ជម្លោះ​ដីធ្លី បាន​ប្រកាស​ថា ពួក​គេ​នឹង​នៅ​តែ​បន្ត​ការ​តវ៉ា ដើម្បី​អោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បែង​ចែក​ដី ដែល​រដ្ឋាភិបាល​ប្រគល់​អោយ។
ស្ត្រី​អ្នក​បឹង​កក់​ទាំង ១៣​នាក់ ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ បន្ទាប់​ការ​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃ​២៧ មិថុនា ឆ្នាំ​២០១២។
ស្ត្រី ​អ្នក​បឹង​កក់​ទាំង ១៣​នាក់ ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ បន្ទាប់​ការ​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃ​២៧ មិថុនា ឆ្នាំ​២០១២។
RFA/Sochivy
សមាគម​ធាង​ត្នោត​ដែល​បាន​សិក្សា​លំអិត​ពី​តំបន់​បឹង​កក់ ដែល​កំពុង​ប្រទាញ​ប្រទង់​គ្នា​រវាង​អ្នក​ភូមិ និង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ស៊ូកាគូ បាន​រក​ឃើញ​ថា ការ​ពិចារណា​បែង​ចែក​ដី​សម្រាប់​គ្រួសារ​អ្នក​បឹង​កក់ ដែល​ត្រូវ​កាត់ ឬ​ឆ្វៀល​ចេញ គឺ​ជា​មធ្យោបាយ​ល្អ​មួយ ដែល​ឈាន​ទៅ​បញ្ចប់​ជម្លោះ​នៅ​តំបន់​បឹង​កក់។
អ្នក​សម្រប​សម្រួល​កម្មវិធី នៃ​សមាគម​ធាង​ត្នោត លោក អ៊ី សារុំ មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ គឺ​នៅ​មាន​ពលរដ្ឋ​ប្រមាណ ៧០​គ្រួសារ កំពុង​ស្ថិត​នៅ​ជា​គ្រួសារ​ដែល​ត្រូវ​កាត់​ចេញ​ពី​ដី​ទំហំ ១២,៤៤​ហិកតារ។ លោក អ៊ី សារុំ បន្ត​ថា រដ្ឋាភិបាល​អាច​ពិចារណា​ផ្ដល់​កម្មសិទ្ធិ​ដី ទៅ​អោយ​ពួក​គេ​តាម​លទ្ធភាព​ពីរ​យ៉ាង។
របាយការណ៍​នៃ​ការ​សិក្សា​របស់​សមាគម​ធាង​ត្នោត ស្តី​ពី​អ្នក​នៅ​ក្រៅ​បន្ទាត់ ចេញ​ផ្សាយ​នៅ​ដើម​ខែ​កក្កដា នេះ បង្ហាញ​ថា អ្នក​បឹង​កក់​ចំនួន​ជាង ៣.៥០០​គ្រួសារ ត្រូវ​បង្ខំ​ចិត្ត​ទទួល​យក​សំណង និង​បាន​ចាក​ចេញ​ពី​តំបន់​បឹង​កក់ ទៅ​តាំង​ទី​លំនៅឋាន​ថ្មី​នៅ​ក្រៅ​ក្រុង។ ពលរដ្ឋ​ដែល​នៅ​សល់​ពី​ការ​ចាក​ចេញ​នោះ គួរ​ជា​អ្នក​ដែល​ទទួល​បាន​ចំណែក​ដី​ដែល​រដ្ឋាភិបាល​ប្រគល់​អោយ តែ​ជា​លទ្ធផល គឺ​មាន​អ្នក​ដែល​ត្រូវ​កាត់​ចេញ។
តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត គឺ​អ្នកស្រី ហេង មុំ អោយ​ដឹង​ថា ផ្ទះ​របស់​អ្នក​ស្រី​មាន​ភាគ​ខ្លះ​នៅ​ក្នុង​បឹង និង​ភាគ​ខ្លះ​នៅ​ជាប់​មាត់​បឹង ប៉ុន្តែ​គ្រួសារ​អ្នកស្រី​ពុំ​បាន​ទទួល​ចំណែក​ដី ដែល​រដ្ឋាភិបាល​ប្រគល់​អោយ​ឡើយ គឺ​ត្រូវ​ស្ថិត​ក្នុង​ចំណោម​គ្រួសារ​ដែល​ត្រូវ​ឆ្វៀល​ចេញ។ អ្នកស្រី ហេង មុំ បន្ត​ថា អ្នកស្រី​នៅ​តែ​បន្ត​ទាម​ទារ ព្រោះ​អ្នកស្រី​ក៏​ជា​អ្នក​ដែល​មាន​សិទ្ធិ​ទទួល​បាន​ដី ដែល​រដ្ឋាភិបាល​បាន​ប្រទានកម្ម ឬ​ប្រគល់​អោយ​អ្នក​បឹង​កក់។ អ្នកស្រី​នៅ​តែ​ជឿជាក់​ថា ប្រសិន​បើ​ប្រមុខ​រដ្ឋាភិបាល បាន​ដឹង​ពី​បញ្ហា​របស់​ពួក​គាត់ ប្រហែល​លោក​មិន​ទុក​អោយ​អ្នក​បឹង​កក់​ដូច​ពួក​គាត់ ជួប​ការ​លំបាក​ទៀត​ឡើយ។
របាយការណ៍​នៃ​ការ​សិក្សា​របស់​សមាគម​ធាង​ត្នោត បាន​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ដី​ទំហំ ១២,៤៤​ហិកតារ នោះ អាច​មាន​ដី​ទំនេរ​ចំនួន ៤០១​ក្បាល​ដី ដែល​សម​ល្មម​នឹង​ប្រើប្រាស់ ឬ​ចែក​រំលែក​ទៅ​អោយ​អ្នក​ដែល​នៅ​សេសសល់ និង​ត្រូវ​ឆ្វៀល​ចេញ​នា​ពេល​កន្លង​មក។ ម្យ៉ាង​ទៀត សម្រាប់​អ្នក​ដែល​មាន​ផ្ទះ​នៅ​ជាប់​មាត់​បឹង ឬ​លយ ភាគ​ខ្លះ​ចូល​ទៅ​ក្នុង​ទឹក​បឹង​នោះ អាជ្ញាធរ​អាច​ពិចារណា​បង្ខិត​ព្រំប្រទល់ ដើម្បី​វាត​យក​ពួក​គេ​បញ្ចូល​ទៅ​ក្នុង​តំបន់​អភិវឌ្ឍន៍ នៅ​នឹង​កន្លែង។ ប្រសិន​បើ​គេ​ជ្រើស​មធ្យោបាយ​នេះ ទំហំ​ដី​ដែល​សម្រាប់​បម្រើ​អោយ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង នឹង​ត្រូវ​កើន​ទំហំ​ដល់ ១៣,៣៤​ហិកតារ។
អ្នក​សម្រប​សម្រួល​កម្មវិធី នៃ​សមាគម​ធាង​ត្នោត លោក អ៊ី សារុំ មាន​ប្រសាសន៍​បន្ថែម​ដោយ​ជឿជាក់​ថា មធ្យោបាយ​នេះ​នឹង​អាច​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ​បាន។ រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​សាលា​រាជធានី​ភ្នំពេញ គួរ​ចាប់​ផ្ដើម​វាស់វែង និង​ចាត់​វិធានការ​ពិភាក្សា ដើម្បី​ដាក់​បញ្ចូល​អ្នក​ភូមិ​ដែល​ត្រូវ​កាត់​ចេញ​ទៅ​ក្នុង​ក្រុម​ដែល​បាន​ ទទួល​ដី​នៅ​តំបន់​នោះ។
ក្នុង​បំណង​ទាម​ទារ​ដី​កម្មសិទ្ធិ​សម្រាប់​អ្នក​ដែល​ត្រូវ​កាត់​ចេញ​ពី​ គម្រោង​អភិវឌ្ឍ​ទាំង​នោះ​ហើយ ដែល​បាន​បណ្ដាល​អោយ​មាន​ការ​ចោទ​ប្រកាន់​អ្នក​បឹង​កក់ ចំនួន ១៣​នាក់ ថា បាន​រំលោភ​យក​ដី​របស់​ក្រុមហ៊ុន ក្នុង​តំបន់​បឹង​កក់​ដោយ​ខុស​ច្បាប់ ហើយ​ពួក​គេ​ក៏​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន ១ខែ ៣​ថ្ងៃ រួច​ហើយ​ដែរ។
តំណាង ​អ្នក​បឹង​កក់ អ្នក​ស្រី ទេព វន្នី មាន​ប្រសាសន៍​ថា អ្នក​ដែល​ទទួល​បាន​កម្មសិទ្ធិ​ដី គឺ​គេ​បាន​តែ​ដី​ដែល​ពួក​គេ​កំពុង​រស់​នៅ​ប៉ុណ្ណោះ ហេតុ​នេះ ក្បាល​ដី​ដែល​នៅ​សល់ គួរ​តែ​ត្រូវ​ផ្ដល់​ទៅ​អោយ​អ្នក​ដែល​ត្រូវ​ឆ្វៀល​ចេញ។
នាយរង​ខុទ្ទកាល័យ​សាលា​រាជធានី​ភ្នំពេញ លោក កើត ឆែ មាន​ប្រសាសន៍​ដោយ​ខ្លី​ថា សាលា​ក្រុង​បាន​ឆ្លើយ​តប​រួច​រាល់​ហើយ ចំពោះ​សំណើ​របស់​អ្នក​បឹង​កក់។
ចំណែក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ លោក ឆាយ រិទ្ធីសែន ដែល​ដឹក​នាំ​ការងារ​វាស់​វែង​ដីធ្លី​ក្នុង​តំបន់​បឹង​កក់​មាន​ប្រសាសន៍​ថា មិន​អាច​អធិប្បាយ​បាន​ឡើយ។
រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ បាន​សម្រេច​កាត់​ដី​តំបន់​បឹង​កក់​ទំហំ ១២,៤៤​ហិកតារ ទៅ​អ្នក​បឹង​កក់​ចំនួន​ជិត ៨០០​គ្រួសារ ដែល​ជ្រើស​រើស​យក​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។ តាម​ការ​អះអាង​របស់​អ្នក​បឹង​កក់​ភ្លាមៗ នៅ​ក្រោយ​ការ​ប្រគល់​ដី​នោះ ក៏​ស្រាប់​តែ​មាន​អ្នក​ភូមិ​ចំនួន​ជាង ៩០​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ឆ្វៀល​ចេញ ដោយ​មិន​ផ្ដល់​កម្មសិទ្ធិ​ដី​អោយ​ឡើយ ហើយ​រហូត​មក​ដល់​ពេល​នេះ គឺ​នៅ​សល់​ប្រមាណ ៧០​គ្រួសារ។ ប្រភព​ដដែល​អោយ​ដឹង​ថា មក​ដល់​ពេល​នេះ គឺ​មាន​អ្នកភូមិ​ចំនួន​ជាង ៦០០​គ្រួសារ​ហើយ ដែល​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​ក្នុង​ដី​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​អោយ៕

Tuesday, July 3, 2012

ព័ត៌មាននៃប្រជាពលរដ្ឋភូមិរលួស

ប្រជាជាពលរដ្ឋក្នុងភូមិរលួស ឃុំបឹងទូក ស្រុក ទឹកឈូ ខេត្ដ កំពត ។ ប្រមាណប្រាំពីរថ្ងៃកន្លង ពួកគាត់បានទៅចុះឈ្មោះ ជាង២០០នក់ទទួលសម្បទានដីមួយកន្លែងដែលស្ថិតនៅ ភូមិរលួស ។
ហើយកាលពីព្រឹកមិញនេះ លោកឈុន ប៊ុនលី មេភូមិ រលួស បាននិយាយថាគាត់មានសង្ឃឹមតិចណាស់ ថាដីទាំងនោះបានមកពលរដ្ឋ ព្រោះដីនោះបានឲ្យទៅ ខាំលែនរួចម្ដងមកហើយ។ប៉ុន្តែពលរដ្ឋតវ៉ាត្រូវបាន អភិបាលខេត្ដឲ្យផ្អាកតែសព្វថ្ងៃនេះជាដីរបស់ រមណីយ៍ដ្ឋានថានសួបូកគោគឺរបស់ លោកតាសុខ គង់។
ដោយ 6wather

Monday, July 2, 2012

នាយករដ្ឋមន្ត្រី​សន្យា​ផ្ដល់​ប័ណ្ណ​​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​ក្រោយ​វាស់វែង​ចប់

ទំព័រខាងមុខ » ពត៌មានខ្មែរ, សេដ្ឋកិច្ចនយោបាយ
            សម្តែងមតិ
ដោយ វិជ័យ អានន្ទ
2012-07-02
​វិទ្យុ​អាស៊ីសេរី
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ជា​ថ្មី​ម្ដង​ទៀត​ថា នឹង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ បន្ទាប់​ពី​ប្រតិបត្តិការ​វាស់វែង​ដី​ធ្លី​ត្រូវ​បាន​បញ្ចប់​ដោយ​ក្រុម​ និស្សិត​ស្ម័គ្រចិត្ត។
ថ្លែង​ក្នុង​ទិវា​មច្ឆា​ជាតិ​លើក​ទី​១០ នា​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១២ លោក ហ៊ុន សែន ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ស្រុះស្រួល​គ្នា​រឿង​ព្រំ​ដី​នៅ​ភូមិ​ផង​របង​ជាមួយ​ គ្នា កាត់​បន្ថយ​ទំនាស់ ឲ្យ​មន្ត្រី​សុរិយោដី និង​ក្រុម​និស្សិត​វាស់វែង​ដី​ឲ្យ​បាន​លឿន ដើម្បី​ឲ្យ​ឆាប់​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​បណ្ដោះអាសន្ន។
លោក ហ៊ុន សែន បន្ត​ថា នឹង​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​បណ្ដោះអាសន្ន​ជូន​ប្រជាពលរដ្ឋ​ផ្ទាល់​ដៃ បើ​សិន​ការ​វាស់វែង​ត្រូវ​បាន​ចប់​សព្វគ្រប់៖ «បើ​កាលណា​ប្រជាពលរដ្ឋ​ ស្រុះស្រួល​គ្នា ពិសេស​គឺ​ព្រំ​ប្រទល់​ដី គឺ​ងាយ​ឲ្យ​រដ្ឋាភិបាល ឬ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ឆាប់​ទាន់​ពេល ប៉ុន្តែ​ករណី​នៅ​បឹង​៥ របស់​ខេត្ត​បាត់ដំបង បាន​សួរ​បញ្ជាក់​តាម​ក្មួយ​ដី​មួយ​កន្លែង​ប្រកាស​កម្មសិទ្ធិ​ដល់​ទៅ​បី​នាក់ បើ​អ៊ីចឹង​ដោះស្រាយ​អត់​បាន​ទេ។ យើង​ច្បាស់​ជា​ផ្ទេរ​កម្លាំង​ទៅ​ធ្វើ​កន្លែង​ផ្សេង ព្រោះ​ដី​បី​ហិកតារ អ្នក​នេះ​ក៏​ម្ចាស់ អ្នក​នោះ​ក៏​ម្ចាស់ តើ​ឲ្យ​ទៅ​អ្នក​ណា? បើ​យ៉ាង​ដូច្នោះ គឺ​សូម​អភ័យ​ទោស ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​លើ​គ្នា​ឯង​ដោះស្រាយ​មិន​ចេញ រឿង​នេះ​មាន​តែ​ក្ដីក្ដាំ​តាម​ផ្លូវ​តុលាការ​ទេ ឯ​ភារកិច្ច​របស់​រដ្ឋ​ទៅ​ចុះ​ដោះ​ពេល​នេះ គឺ​ដោះ​ដី​លើ​តែ​ដី​បញ្ហា​រដ្ឋ​តែប៉ុណ្ណោះ គឺ​ដី​រដ្ឋ​ដែល​រួម​មាន​ព្រៃ​សម្បទាន ដី​សម្បទាន​សេដ្ឋកិច្ច​ក៏​ជា​ដី​រដ្ឋ​ដែរ ហើយ​និង​ដី​រដ្ឋ​ដែល​កាន់កាប់​ដោយ​ខុស​ច្បាប់»
អ្នក​វិភាគ​ឯករាជ្យ​ខាង​ជំនាញ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន លោក អ៊ួច ឡេង រិះគន់​ថា ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​សារ​នយោបាយ​ទាក់ទាញ​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣។
លោក​បន្ត​ថា វា​មិន​មែន​ជា​ចេតនា​ពិត​ប្រាកដ​ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទេ៖ «មិន​មាន​លទ្ធផល​អី​ជា​ដុំកំភួន​ទេ ព្រោះ​គាត់​ធ្វើ​មុន​យុទ្ធនាការ​បោះ​ឆ្នោត ដើម្បី​ការ​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​ក្រោយ​តែ​ប៉ុណ្ណឹង ព្រោះ​គាត់​ដឹង​ដែរ​ថា វិធី​ធ្វើ​ឲ្យ​ហាក់​ដូច​ជា​មាន​ចលនា​មួយ​ដើម្បី​ស្វែង​រក​ការ​គាំទ្រ ស្វែង​រក​​ប្រជាប្រិយ​ពី​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណឹង​ឯង»
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ សំដែង​ការ​ព្រួយ​បារម្ភ​ដែរ​ថា ការ​ចុះ​វាស់វែង​ដីធ្លី​យ៉ាង​ប្រញាប់ប្រញាល់​របស់​រដ្ឋាភិបាល​ដោយ​គ្មាន​ យន្តការ​ច្បាស់លាស់ អាច​ជា​បញ្ហា​មួយ​កើត​មាន​ឡើង​ដល់​ប្រជាពលរដ្ឋ។
លោក អ៊ូ វីរៈ៖ «ក្នុង​រឿង​ការ​ដោះស្រាយ​ដី​រដ្ឋ​នេះ ខ្ញុំ​មើល​ទៅ​ការ​ដែល​បង្ខំ​ខ្លាំង​ពេក​វា​អាច​ធ្វើ​ឲ្យ​យើង​មិន​បាន​ ច្បាស់លាស់ ហើយ​ជា​ពិសេស​ដាក់​គំនាប​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ទៅ​ឲ្យ​ពួក​គាត់​ដោះស្រាយ។ តែ​ជួន​កាល​យើង​អត់​រក​ដំណោះស្រាយ​តាម​នីតិវិធី​គ្រប់​ជ្រុងជ្រោយ អា​ហ្នឹង​ក៏​ជា​បញ្ហា​មួយ​ដែរ ចំពោះ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ»
ជម្លោះ​ដីធ្លី​បាន​រីក​រាល​ដាល​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស ហើយ​បញ្ហា​នេះ​ក្លាយ​ជា​កង្វល់​ដ៏​ធំ​មួយ​របស់​រដ្ឋាភិបាល។ ថ្មីៗ​នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​ឲ្យ​មាន​ក្រុម​និស្សិត​ស្ម័គ្រចិត្ត ដើម្បី​វាស់វែង​ដីធ្លី​មាន​ជម្លោះ​ជូន​ប្រជាពលរដ្ឋ។ ក្រុម​និស្សិត​ជិត ១.០០០​នាក់ ត្រូវ​បាន​បញ្ជូន​ជា​បន្តបន្ទាប់​ទៅ​តាម​គោលដៅ​ចំនួន ៧​ខេត្ត។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដែល​ជា​គោលដៅ​នៃ​ការ​វាស់វែង​ដី​ទាំង​នោះ ជួយ​មើល​ការ​ខុស​ត្រូវ​ចំពោះ​កង្វះខាត​មួយ​ចំនួន ដូចជា​ម៉ាស៊ីន​ភ្លើង និង​សម្ភារៈ​មួយ​ចំនួន​ដល់​ក្រុម​ការងារ​ចុះ​វាស់វែង​ដីធ្លី​ទាំង​នោះ៕

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល៖ គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ ជួប​ការ​លំបាក​ច្រើន

ទំព័រខាងមុខ » ពត៌មានខ្មែរ, សេដ្ឋកិច្ចនយោបាយ
1             សម្តែងមតិ
ដោយ សួន សុផល មុន្នី
2012-07-02
​វិទ្យុ​អាស៊ីសេរី
គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​កំពុង​ដំណើរ​ការ​ចុះ​ធ្វើ​វាស់​វែង​ដី និង​ធ្វើ​ជំរឿន​គ្រួសារ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​ចំនួន ៦ ក្នុង​ខេត្ត​បាត់ដំបង។
ដី​នៅ​តាម​ស្រុក​ទាំង​នេះ មាន​ចំនួន ៧ ទី​តាំង​ស្មើ​នឹង​ទំហំ​ជាង ៤ ម៉ឺន​ហិកតារ។ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​រក​ឃើញ​ចំនួន​គ្រួសារ​ប្រជា​ពលរដ្ឋ​ពិត​ប្រាកដ ដែល​កំពុង​កាន់កាប់​នៅ​លើ​ដីធ្លី​នោះ​ជាក់​ស្ដែង​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ក្រុម​ការងារ​របស់​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ នឹង​ជួប​ការ​លំបាក​ច្រើន ដែល​ត្រូវ​ដោះស្រាយ។
ការ​ធ្វើ​ប្រទានកម្ម​ដី ឬ​ហៅ​ថា ការ​ផ្ដល់​កម្មសិទ្ធិ​ដី​ធ្លី​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ ដែល​ជា​អ្នក​រស់​នៅ និង​កាន់​កាប់​លើ​ដី​ជាក់​ស្ដែង តាម​បទ​បញ្ជា​របស់​រដ្ឋាភិបាល បាន​ចាប់​ផ្ដើម​ហើយ។ ប៉ុន្តែ នៅ​ពុំ​ទាន់​មាន​លទ្ធផល​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ។
គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ ខេត្ត​បាត់ដំបង នៅ​ពុំ​ទាន់​រក​ឃើញ​ចំនួន​គ្រួសារ​ប្រជា​ពលរដ្ឋ​ជាក់​ស្ដែង​ថា មាន​ប៉ុន្មាន​គ្រួសារ​ទេ ដែល​កំពុង​កាន់​កាប់​ដីធ្លី នៅ​ក្នុង​ស្រុក​ជា​គោលដៅ​ទាំង ៦ ក្នុង​ខេត្ត​បាត់ដំបង។
ក្រុម​ការងារ​នេះ កំពុង​ដំណើរ​ការ​ចុះ​ធ្វើ​វាស់វែង​ដី និង​ធ្វើ​ជំរឿន​គ្រួសារ​ប្រជា​ពលរដ្ឋ នៅ​ក្នុង​ស្រុក​ ចំនួន ៦។ ក្នុង​នោះ មាន​នៅ​ស្រុក​គាស់​ក្រឡ ស្រុក​សំឡូត ស្រុក​បាណន់ ស្រុក​បវេល ស្រុក​ភ្នំ​ព្រឹក និង​ស្រុក​សំពៅ​លូន។
លោក ងួន រតនៈ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​បាត់ដំបង មាន​ប្រសាសន៍​ថា ដី​នៅ​តាម​ស្រុក​ទាំង​នេះ មាន​ចំនួន ៧ ទី​តាំង ស្មើ​នឹង​ជាង ៤ ម៉ឺន​ហិកតារ។
លោក ងួន រតនៈ បញ្ជាក់៖ «យើង​បាន​បញ្ជូន​កម្លាំង​វាស់​វែង​ ទៅ​ដល់​គោលដៅ​អស់​ហើយ ​ជាមួយ​និស្សិត​ស្ម័គ្រ​ចិត្ត​ ដាក់​តាម​ទីតាំង។ កំពុង​ផ្សព្វ​ផ្សាយ​ពី​គោល​ដៅ ​ផែន​ការ​ជូន​ប្រជាពលរដ្ឋ​ហ្នឹង​ ហើយ​ព្រឹក​មិញ ជាមួយ​ឯកឧត្ដម​អភិបាល​ខេត្ត​ យើង​ប្រកាស​តំបន់​វិនិច្ឆ័យ​ សម្រាប់​បី​ចំណុច ឆ្នាល់​មាន់ និង​អក្សរ​តេ (T)។ ទាំង​ពីរ​ យើង​ប្រកូក​ប្រកាស​អ្នក​ដែល​មាន​ដី​នៅ​តំបន់​ហ្នឹង ដែល​ត្រូវ​វាស់វែង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ឲ្យ​គាត់​ចូល​រួម​ដឹង ហើយ​ផែន​ការ​បន្ត​ថ្ងៃ ៤ យើង​ធ្វើ​នៅ ​ព្រៃ​ព្រាល​ នៅ​ភ្នំ​ព្រឹក​ នៅ​សំពៅ​លូន ​ទៀត»។
លោក ជន ប៊ុន ចាន់ អភិបាល​រង​ស្រុក​បវេល​មាន​ប្រសាសន៍​ថា ក្រុម​ការងារ​ថ្នាក់​ស្រុក ​មាន​ភូមិបាល​ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ​កំពុង​ប្រឹង​ប្រែង​លើ​ការងារ​នេះ។ ក្រោយ​ពី​ធ្វើ​ការ​វិនិច្ឆ័យ​ថា ជា​ដី​របស់​រដ្ឋ​ បន្ទាប់​មក​កាត់​មក​ជា​ដី​ឯកជន​របស់​រដ្ឋ និង​បន្ត​ធ្វើ​អនុបយោគ មក​ជា​ដី​សម្បទាន​សង្គមកិច្ច ដោយ​បាន​បម្លែង​ទៅ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ មាន​ទំហំ ១.៣០០ ហិកតារ សម្រាប់​ចែក​ជូន​ប្រជា​ពលរដ្ឋ​បង្កបង្កើន​ផល។ ទី​តាំង​ដី​នេះ ស្ថិត​នៅ​ចំណុច​ព្រៃ​ព្រាល​ស្ថិត​ក្នុង​ឃុំ​ឃ្លាំង​មាស​ស្រុក​បវេល​ខេត្ត​ បាត់ដំបង។
លោក​បញ្ជាក់​ថា ឃុំ​ឃ្លាំង​មាស ជា​ឃុំ​ដែល​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​បង្កើត​ថ្មី។ ឃុំ​នេះ មាន​ប្រជា​ពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ ចូល​ទៅ​រស់​នៅ​ជា​អចិន្ត្រៃយ៍ និង​ខ្លះ​ទៀត មិន​អចិន្ត្រៃយ៍​ទេ។
លោក ជន ប៊ុន ចាន់៖ «អ៊ីចឹង​ទេ ក្រុម​ការងារ​ខ្ញុំ​ចុះ​ទៅ ទី​១ ធ្វើ​អត្តសញ្ញាណ ​ប្រជា​ពលរដ្ឋ។ ទី​ពីរ ធ្វើ​អត្តសញ្ញាណ​ដី​ហើយ ដូច​ជា តំបន់​ព្រៃ​ព្រាល​នេះ យើង​បាន​ធ្វើ​អត្តសញ្ញាណ​ប្រជា​ពលរដ្ឋ​ម្ដង​រួច​ហើយ ឯកសារ​អី​មាន​រូប ថត មាន​ជាង ៥០០ គ្រួសារ»។
ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ងួន រតនៈ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​ថា ក្រុម​ការងារ​ទើប​ចាប់​ផ្ដើម​យុទ្ធនាការ។ នៅ​ពុំ​បាន​ដឹង​ពី​ចំនួន​គ្រួសារ​ប្រជាពលរដ្ឋ​ជាក់លាក់​នោះ​ទេ។
លោក ងួន រតនៈ បញ្ជាក់​បន្ថែម៖ «អ៊ីចឹង​គ្រួសារ​ យើង​សម្រង់​អត់​ទាន់​បាន​ទេ។ ធ្វើ​បណ្ដើរ​បាន​ស្រង់​ចេញ។ បាទ! បាន​យូរ​ដែរ ទាក់​ទង​ក្បាល​ដី​ធំ​តូច ខែ​នេះ ខែ​ភ្លៀង ជួន​កាល​អាច​ធ្វើ​បាន​មួយ​ព្រឹក។ ប៉ុន្តែ បច្ចុប្បន្ន​អត់​ភ្លៀង​ទេ។ ប៉ុន្តែ​អាច​ភ្លៀង​ហើយ ​យើង​កំពុង​ជំរឿន​រឿង​ហ្នឹង ទើប​បាន​ពីរ​ថ្ងៃ​ទេ។ ប៉ុន្តែ ភាគ​ច្រើន​ប្រជាពលរដ្ឋ​គាត់​​នៅ​ហ្នឹង​របស់​គាត់»។
ប្រធាន​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េង លី កត់​សម្គាល់​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ចំនួន​បី​ឃុំ ដែល​ក្នុង​នោះ​មាន នៅ​ឃុំ​បារាំង​ធ្លាក់ ឃុំ​អូរ​រំដួល និង​ឃុំ​ចក្រី ស្រុក​ភ្នំ​ព្រឹក​កំពុង​ជួប​ប្រទះ​បញ្ហា​ដីធ្លី។
នៅ​តំបន់​នោះ មាន​ភាព​ងាយ​ស្រួល​សម្រាប់​ក្រុម​ការងារ​ចុះ​វាស់វែង ដោយសារ​ប្រជាជន​ពួក​គាត់​ចូល​ទៅ​កាន់កាប់​ដី ដែល​ទាក់​ទង​ដី​បរិស្ថាន និង​ដី​គម្រប​ព្រៃ​ឈើ។ កន្លង​មក​នេះ អាជ្ញាធរ​មិន​បាន​ទទួល​ស្គាល់​មិន​បាន​ដេញ និង​មិន​បាន​ប្ដឹងផ្ដល់​គ្នា។ ក៏​ប៉ុន្តែ នៅ​មាន​តំបន់​មួយ​ចំនួន​ទៀត ក្រុម​ការងារ​គ្រប់គ្រង​ដី​រដ្ឋ និង​ប្រឈម​បញ្ហា​ច្រើន។
លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ដី​នៅ​ចំណុច​អណ្ដូង​កន្ទួត មាន​ប្រជាពលរដ្ឋ ៤០០ ទៅ ៥០០ គ្រួសារ។ ប៉ុន្តែ ពួក​គាត់​បែក​ខ្ញែក​អស់ ដោយសារ​តែ​មាន​ការ​ភ័យខ្លាច និង​ដីកា​ចាប់​ខ្លួន​របស់​តុលាការ រួម​ទាំង​ការ​គំរាមកំហែង ធ្វើ​ឲ្យ​អ្នក​ភូមិ រត់​គេច​ខ្លួន​អស់។ ប៉ុន្តែ នៅ​ពេល​ពួក​គាត់​ចូល​ទៅ​កាន់កាប់​ដី​នោះ​វិញ បញ្ហា​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ច្របូក​ច្របល់ ដែល​អាច​ធ្វើ​ឲ្យ​ក្រុម​ការងារ ប្រឈម​ការ​លំបាក​ច្រើន៕

Sunday, July 1, 2012

29 June 2012
ឃុត សុ​ភ​ច​រិ​យា
ភ្នំពេញ ប៉ុស្តិ៍

ពេញៈ ក្រុម​ស្ត្រី​អ្នក​ភូមិ​បឹងកក់ ដែល​ទើប​តែ​ត្រូវ​បាន​ដោះ​លែង ​ចេញ​ពី​ពន្ធនាគារ មិន​ត្រឹម​តែ​មិន​បាក់​ស្បាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គំរាម​ប្តឹង លោក កែប ជុតិមា អភិបាល​រាជធានី​ថែម​ទៀត ប្រសិន​នៅ​តែ​មិន​ព្រម​បែង​ចែក​ដី ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ផ្តល់​ឲ្យ​ពួក​គាត់​ជាង ១២ ហិកតា ឲ្យ​បាន​គ្រប់ៗ​គ្នា​ទេ​នោះ​។
ស្រ្តី​អ្នក​ភូមិ​បឹង​កក់ លើក​បង្ហាញ​​ដៃ​ជាប់​ខ្នោះ នៅ​ពេល​ដឹក​ចូល​សា​លា​ឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​។ រូបថត ហេង ជី​វ័ន
អ្នក​ស្រី​តុល ស្រីពៅ អតីត​អ្នក​ទោស​ក្នុង​ជម្លោះ ដី​ធ្លី ដែល​ទើប​តែ​ត្រូវ​បាន​ដោះ​លែង​ ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស កាល​ពី​យប់​ថ្ងៃ​ពុធ ជាមួយ​និង​ស្ត្រី​អ្នក​ភូមិ ១២ នាក់​ផ្សេង​ទៀត បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា អ្នក​ស្រី​នៅ​តែ​មិន​អស់​ចិត្ត ចំពោះ​ទង្វើរ​បស់​អាជ្ញាធរ ដែល​បាន​ចាប់​អ្នក​ស្រី និង​ស្រ្តី​អ្នក​ភូមិ​បឹង​កក់​ជាង​ ១០ នាក់​ទៀត យក​ទៅ​ដាក់​គុក​ទាំង «គ្មាន​កំហុស»​។ អ្នក​ស្រី​បាន​បន្ត​ថា ពល​រដ្ឋ​ក្នុង​សហគមន៍​បឹង​កក់​ទាំង​អស់ ត្រូវ​បាន​គេ​បំបិទ​សិទ្ធិ​សេរីភាព​ ដោយ​គ្រាន់​តែ​ទៅ​មើល អ្នក​ភូមិ​ក្នុង​សហគមន៍​ជាមួយ​គ្នា​សង់​ផ្ទះ​សោះ ត្រូវ​បាន​អាជ្ញាធរ​ចាប់​យក​ទៅ​ដាក់​គុក អស់​រយៈ​ពេល​មួយ​ខែ​បីថ្ងៃ​។ អ្នក​ស្រី​ថ្លែង​ថា​៖​«យើង​មិន​សុខ​ចិត្ត​ទេ យើង​នឹង​ប្ដឹង​ប្រឆាំង​នឹង​លោក​ កែប ជុតិមា ប្រសិន​បើ​គាត់​មិន​ដោះស្រាយ បោះ​បង្គោល​កំណត់​ព្រំ​ប្រទល់​ដី ១២,៤៤​ ហិកតា ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​យើង​ខ្ញុំ ជា​ប្រជា​ពលរដ្ឋ​តំបន់​បឹងកក់ ឲ្យ​បាន​ច្បាស់​លាស់​ទេ​នោះ ហើយ​បើ​សិន​ជា​គាត់​នៅ​តែ​កាត់​គ្រួសារ​ប្រជា​ពលរដ្ឋ​ណា​មួយ​ចេញ​ពី​គម្រោង ដែល​ត្រូវ​ទទួល​ប័ណ្ណ​កម្ម​សិទ្ធិ​ពី​ចំណែក​ដី​នេះ​»។
អ្នក​ស្រី​ទេព វន្នី​ ព​កូន​សម្លាញ់​ពេល​ដោះ​ចេញ​ពី​គុក​ព្រៃ​ស​។ រូបថត គីម​ឡុង​
ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣ ​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២២​ ខែ​ឧសភា ហើយ​ពីរ​ថ្ងៃ​ក្រោយ​មក​សាលា​ដំបូង​រាជធានី បាន​សម្រេច​ផ្ដន្ទាទោស​ពួក​គាត់​ឲ្យ​ជាប់​ពន្ធនាគារ រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះ ក្រោយ​ពី​បើក​សវនាការ​ទាំង​តក់​ក្រហល់ រយៈ​ ៣ ម៉ោង​ ពីបទ​ប្រឆាំង​មន្ត្រី​រាជ​ការ​សាធារណៈ និង​ទន្ទ្រាន​កាន់​កាប់​អចលនវត្ថុ​របស់​នីតិ​បុគ្គល​សាធារណៈ។ ការ​កាត់​ទោស​ស្ត្រី​ទាំង​នេះ បាន​ធ្វើ​ឲ្យ​កូន​ៗ​របស់​ពួក​គាត់ និង​អ្នក​ភូមិ​ដទៃ​ទៀត​ងើប​ឡើង​តវ៉ា​យ៉ាង​ខ្លាំង​ក្លា ស្ទើរ​រៀង​រាល់​ថ្ងៃ ទៅ​យំ​ស្រែក​នៅ​ខាង​មុខ​ស្ថាប័ន​ជាតិ​សំខាន់ៗ និង​តំណាង​ប្រទេស​ផ្តល់​ជំនួយ​មួយ​ចំនួន ទាមទារ​ឲ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​ស្ត្រី​ទាំង​ នេះ​វិញ ជា​អ្វី​ដែល​ត្រូវ​បាន​គេ​អធិប្បាយ​ថា«​ជា​ការ​ចាប់​ម្ចាស់​ដី​​ដាក់​គុក​ ចោរ​ប្លន់​ដី​រួច​ខ្លួន​»។ ការ​តវ៉ា​ដែល​មាន​ក្មេងៗ​ស្រែក​យំ​រក​ម្តាយ​ជា​រៀង​រាល់​ថ្ងៃ ដែល​ធ្វើ​ឲ្យ​មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​នេះ ក៏​បាន​ទាក់ទាញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ពី​សហគមន៍​អន្តរ​ជាតិ​ផង​ដែរ ជា​ពិសេស​សហរដ្ឋ​អាមេរិក​ ដោយ​បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​ស្ត្រី​ទាំង​នេះ​វិញ។
នៅ​ទីបំផុត​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ដោះ​លែង​ស្ត្រី​ទាំង​នេះ​វិញ កាល​ពី​ថ្ងៃ​ពុធ ប៉ុន្តែ​បាន​តម្រឹម​ទោស​ ឲ្យ​ស្ត្រី​ទាំង​នេះ​ ជាប់​ពន្ធនាគារ រយៈ​ពេល ១ ខែ​ ៣ ថ្ងៃ ដែល​ពួក​គេ​ បាន​ទទួល​ទោស​រួច​ហើយ​។
អ្នក​ស្រី ហេង មុំ អាយុ ៤២ ឆ្នាំ ដែល​ទើប​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ដែរ បាន​និយាយ​ថា សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ​មិន​បាន​ផ្ដល់​ភាព​ស្អាតស្អំ​ឲ្យ​ពួក​គាត់​វិញ​នោះ​ទេ​។ អ្នក​ស្រី​ថ្លែង​ថា៖«ថ្វី​ដ្បិត​តែ​សេចក្ដី​សម្រេច​នេះ បាន​កាត់​បន្ថយ​ទោស​ក្នុង​កម្រិត​អតិបរមា​ក្តី​ប៉ុន្តែ​មិន​បាន​ផ្ដល់​ភាព​ ស្អាត​ស្អំ​ឲ្យ​ពួក​យើង​ខ្ញុំ​វិញ​នោះ​ទេ»។
អ្នក​ស្រី​នៅ​តែ​បញ្ជាក់​ពី​ជំហរ​រឹង​មាំ ដូច​កាល​ពី​ពេល​មុន​ដែរ​ថា ពួក​គាត់​នឹង​មិន​ចុះញ៉ម ឬរាថយ ក្នុង​ការ​តវ៉ា​ទាមទារ​ដំណោះស្រាយ បោះ​បង្គោល​កំណត់​ព្រំប្រទល់​ដី​ ១២,៤៤​ ហិកតា និង​ប័ណ្ណកម្ម​សិទ្ធិ​ដី​ធ្លី ពី​អាជ្ញាធរ​នោះ​ទេ បើ​ទោះ​ជា​ពួក​គាត់​ ធ្លាប់​រង​នូវ​ការ​ចាប់​ខ្លួន និង​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​តុលាការ​ក្ដី។ អ្នក​ស្រី​បន្ថែម​ថា​៖ «រហូត​មក​ទល់​ពេល​នេះ គ្រួសារ​ខ្ញុំ និង​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត ​ក្នុង​ភូមិ ​២២ និង​ភូមិ ១ នៅ​មិន​ទាន់​ទទួល​បាន​ប័ណ្ណកម្ម​សិទ្ធិ​អចលនវត្ថុ ពី​សាលា​រាជធានី​នៅ​ឡើយ​។ យើង​ខ្ញុំ​នឹង​បន្ត​ការ​តវ៉ា ​រហូត​ដល់​មាន​ដំណោះស្រាយ​ប្រកប​ដោយ​តម្លាភាព»​។
អតីត​អ្នក​ទោស​ដី​ធ្លី​ ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ អ្នក​ស្រី ង៉ែត ឃុន អាយុ ៧២​ ឆ្នាំ ​បាន​ឲ្យ​ដឹង​ពី​ការ​រស់នៅ ក្នុង​ពន្ធនា​គារ​ព្រៃ​ស ជាទី​ដែល​អ្នក​ស្រី​ត្រូវ​បាន​គេ​ឃុំ​ខ្លួន រយៈពេល​មួយ​ខែ បី​ថ្ងៃ​ ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ថា គាត់​ត្រូវ​បាន​គេ​ឃុំ​ក្នុង​អគារ​តូច​មួយ ជា​មួយ​អ្នក​ទោស​ជាង ​៦០ ​ដែល​ខ្លះ​ត្រូវ​បាន​ចោទ​ពី​បទ​មនុស្ស​ឃាត ជួញ​ដូរ​គ្រឿង​ញៀន ជួញ​ដូរ​មនុស្ស និង​បទ​ប្លន់។ អ្នក​ស្រី​បន្ត​ថា​៖«ទីធ្លា ១,២ ម៉ែត្រ​ការ៉េ ត្រូវ​បាន​គេ​កំណត់ សម្រាប់​មនុស្ស​៤នាក់​ដេក ហើយ​ខ្ញុំ​មិន​ទម្លាប់​ដេក​បែប​នេះ​ទេ​»។
អ្នក​ស្រី​ឲ្យ​ដឹង​ទៀត​ថា ​គាត់​មិន​ត្រូវ​បាន​ផ្ដល់​នូវ​ទឹក​ស្អាត​សម្រាប់​ងូត​នោះ​ទេ ដោយ​ឲ្យ​មុជ​ទឹក​ដែល​បូម​ចេញ​ពី​ស្រះ​។ ដោយ​ទ្រាំ​មិន​បាន​គាត់​បាន​ចំណាយ​ថវិការ​ក្នុង​មួយ​ថ្ងៃ ១៥០​០ ​​រៀល សម្រាប់​ទិញ​ទឹក​ស្អាត​ងូត​ ក្នុង​មួយ​ធុង ​៥០០​ រៀល​។
ចំណែក​ឯ​អ្នក​ស្រី ទេព វន្នី វិញ ក៏​មិន​ខុស​ពី​ស្ត្រី​ ១២ នាក់​ផ្សេង​ទៀត​ដែរ។ គាត់​ក៏បាន​សម្ដែង​ក្ដី​មិន​ពេញ​ចិត្ត ចំពោះ​ការ​សម្រេច​សេចក្ដី របស់​តុលាការ​សាលា​ឧទ្ធរណ៍ ដែល​បាន​កាត់​ឲ្យ​ពួក​គាត់​មាន​ទោស។ អ្នក​ស្រី​បន្ត​ថា​៖«ថ្វី​ដ្បិត​តែ​ពេល​នេះ យើង​មាន​សេរីភាព ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​ថា​ជា​អ្នក​ទោស​ មិន​ត្រូវ​បាន​លុប​លាង​នោះ​ទេ​»។ អ្នក​ស្រី​បន្ថែម​ថា ពួក​គាត់​ដឹង​ច្បាស់​ណាស់​ថា​គេ​ចាប់​ហើយ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ពួក​គាត់​ទាំង​«បំពាន» បែប​នេះ គឺ​ក្នុង​គោល​បំណង​បំបាក់​ស្មារតី កុំ​ឲ្យ​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ទាមទារ​ដំណោះស្រាយ​ដី​ធ្លី​ តទៅ​ទៀត​។ អ្នក​ស្រី​បាន​ថ្លែង​ថា​៖ «យើង​ខ្ញុំ​មិន​ខ្លាច និង​មិន​ចុះ​ញ៉ម​នោះ​ទេ។ យើង​នឹង​នៅ​តែ​បន្ត​ការ​ទាមទារ​រហូត​ដល់​មាន​ដំណោះស្រាយ​» ។
អ្នក​ស្រី​បាន​រៀប​រាប់​ឲ្យ​ដឹង​ទៀត​ពី​មូលហេតុ ដែល​គាត់​និង​មិត្ត​ភក្ដិ​រួម​សហគមន៍​ជាមួយ​គ្នា​បាន​ធ្វើ​កូដកម្ម​បង្អត់ ​អាហារ​ជាច្រើន​ថ្ងៃ​ ខណៈ​ពួក​គាត់​ ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ ក្នុង​ពន្ធនាគារ​ព្រៃស​ថា ពួក​គាត់​ឈឺ​ចាប់​នឹង​ខ្លោច​ផ្សា​ចិត្ត ខ្លាំង​ពេក ហើយ​មាន​បំណង​ចង់​ធ្វើ​អត្តឃាត​ខ្លួន ដើម្បី​ឲ្យ​ពិភព​លោក បាន​ដឹងពី​ភាព​អយុត្តិធម៌ ក្នុង​សង្គម​នៅ​កម្ពុជា។ អ្នក​ស្រី​បន្ត​ថា​៖​«គ្មាន​ស្ត្រី​ណា​ម្នាក់ ​ចង់​ដើរ​តវ៉ា​ហាល​ខ្យល់​ហាល​ថ្ងៃ និង​ភ្លៀង​ដែល​នាំ​ឲ្យ​ខូច​សម្រស់​នោះ​ទេ​ បើ​សិន​ជា​អាជ្ញាធរ ផ្ដល់​ដំណោះស្រាយ​ប្រកប​ដោយ​តម្លាភាព និង​សម​រម្យ​នោះ»។
ដី ១២,៤៤​ ហិកតា ​គឺជា​ការ​ផ្ដល់​ប្រទាន​កម្ម របស់​ប្រមុខ​រាជ​រដ្ឋាភិបាល សម្រាប់​ពលរដ្ឋ ក្នុង​តំបន់​បឹងកក់​ដែល​នៅ​សេស​សល់​ និង​ទាមទារ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ដែល​មាន​ចំនួន​ប្រមាណ​ជិត ៧០០ គ្រួសារ និង​សម្រាប់​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ ជូន​ប្រជាជន​ក្នុង​តំបន់​នេះ​។ ការ​ផ្ដល់​ជា​ប្រទានកម្ម​នេះ ត្រូវ​បាន​អ្នក​ភូមិ​និយាយ​ថា​ ជា​ឆន្ទៈ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ក្នុង​ការ​បញ្ចប់​បញ្ហា​វិវាទ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ ដើម្បី​ការ​អភិវឌ្ឍ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​នេះ​។
ជាមួយ​គ្នា​នេះ ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​ឈ្មោះ​បូវ ស្រី​ស្រស់ ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ចម្រុះ​ វាយ​បង្រ្កាប​ដោយ​ហិង្សា​រហូត​ដល់​រលូត​កូន​ពីរ​ខែ​ក្នុង​ផ្ទៃ​នាង​នោះ គ្រោង​ដាក់​ពាក្យ​បណ្ដឹង ​ទៅ​តុលាការ​រាជ​ធានី​ ដើម្បី​ទាមទារ​ឲ្យ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដូនពេញ ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ​ផង​ដែរ។​
លោក​អភិបាល​រាជធានី​ភ្នំពេញ​ កែប​ ជុតិមា និង​លោកទូច ណារ៉ុថ ស្នង​ការ​ ព្រម​ទាំង​លោក ហ៊ុន សុធី អធិការ​នគរបាល​ខណ្ឌ​ដូន​ពេញ មិន​អាច​ទំនាក់​ទំនង​សុំ​ការ​ផ្ដល់​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិល​មិញ៕

នាយករដ្ឋមន្ត្រី​សន្យា​ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​ដោយ​ផ្ទាល់ដៃ

ទំព័រខាងមុខ » ពត៌មានខ្មែរ, សារដ៏ក្ដៅ, សេដ្ឋកិច្ចនយោបាយ
ដោយ ប៉ែន បូណា
ថ្ងៃ អាទិត្យ 01 កក្កដា 2012
RFI
ក្រោយពី​បញ្ជូន​ក្រុមយុវជន​ស្ម័គ្រចិត្ត​ជិត ៨០០ នាក់​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​នៅថ្ងៃនេះ​ថា នឹង​ចុះទៅ​ចែក​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ដីធ្លី​ដោយ​ផ្ទាល់ដៃ​ក្រោយ​ពេលដែល​ ប្រតិបត្តិ​ការវាស់វែង​ដីធ្លី​នេះ​ចប់​រួចរាល់។ នៅក្នុង​ទំនាស់​ដីធ្លី​នេះដែរ ជនជាប់ចោទ​ក្នុង​សំណុំរឿង​បង្កើត​តំបន់អបគមន៍​នៅ​ឃុំ​កំពង់​ដំរី​ ខេត្តក្រចេះ​បាន​ចូល​សារភាព​ជាមួយ​សមត្ថកិច្ចបណ្តើៗហើយ​ក្រោយ​ការអំពាវនាវ​ របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបថតឯកសារ)
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបថតឯកសារ)
©channa/rfi
សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីភ្នំពេញ
(02:25)
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​នៅថ្ងៃនេះ​ថា នឹង​ចុះ​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដោយផ្ទាល់​ដៃដល់​ប្រជាពលរដ្ឋនៅក្នុង​ ភូមិ​ណា​ដែល​ត្រូវបាន​វាស់វែង​ចប់​មុនគេ​ ដើម្បី​ជា​និមិត្តរូប​ក្នុង​ការធានា​សុវត្ថិភាព​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។ ថ្លែង​ពី​ខេត្តកំពង់ចាម​នាឱកាស​ទិវា​មច្ឆជាតិ ប្រមុខ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត​នានា​និង​ប្រជាពលរដ្ឋ​ជួយ​ សម្រួល​ដល់​ការចុះវាស់វែង​ដីធ្លី​ ដើម្បី​ដំណើរការ​ឲ្យ​បាន​ឆាប់រហ័ស។ ការប្រកាស​បែបនេះ​បានធ្វើ​ឡើង​បន្ទាប់ពី​យុវជន​ស្ម័គ្រចិត្ត​ចំនួន​ជិត ៨០០ នាក់​បានចេញ​ដំណើរ​ពី​ភ្នំពេញ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឆ្ពោះទៅកាន់​បណ្តា​ខេត្ត​នានា ​ដើម្បី​វាស់វែង​ដី​ជូន​ពលរដ្ឋ​ដែល​មិនទាន់មាន​កម្មសិទ្ធិ​ដីធ្លី​នៅឡើយ។ ក្រុមយុវជន​ស្ម័គ្រចិត្ត​ប្រមាណ​ជា​ជិត ៤០០នាក់​ផ្សេងទៀត​នឹង​ចេញដំណើរ​ទៅកាន់​គោលដៅ​ដែរ​នៅ​ថ្ងៃទី២ ខែកក្កដា​ស្អែក​នេះ។
ក្រុមយុវជន​ស្ម​គ្រ័​ចិត្ត​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ានិត កូនប្រុស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី និង​ធ្វើការ​ជាមួយ​អ្នកជំនាញ​ ដើម្បី​វាស់​ព្រំដី​ចែកជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើដីរ​បស់​រដ្ឋ​ ឬ​លើដី​សម្បទាន។ យ៉ាងណាក៏ដោយ បេសកកម្ម​នេះ​មិនអាច​វាស់វែង​ដី​ដែល​កំពុងមាន​ទំនាស់​បាន​ទេ។ បើ​យោងតាម​លោកនាយក​រដ្ឋមន្ត្រី ដី​ណា​ដែលមាន​ជម្លោះ​ដណ្តើមគ្នា​រវាង​ប្រជាពលរដ្ឋ ត្រូវ​ទុក​ឲ្យ​តុលាការ​កាត់សេចក្តី​ជាមុនសិន។ ប៉ុន្តែ សម្រាប់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើដីរ​បស់រ​ដ្ឋ និង​របស់​ក្រុមហ៊ុន​សម្បទាន ក្រុមការងារ​នឹង​វាស់​ព្រំដី​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ដល់​ពួកគេ។

នៅក្នុង​ទំនាស់​ដី​នេះដែរ ជនជាប់ចោទ៣នាក់​ក្នុងចំណោម៥នាក់​ ដែល​ក្រសួងមហាផ្ទៃ​ប្រកាស​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការបង្កើត​តំបន់អបគមន៍​ ក្នុង​ឃុំ​កំពង់​ដំរី ខេត្តក្រចេះ​នោះបាន​ចេញមក​សារភាព​ចំពោះមុខ​អាជ្ញាធរ​ហើយ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​អ្នក​ទាំងនោះ​ចេញមក​សារភាព​ កាលពី​ថ្ងៃទី២៦មិថុនា។ នេះ​បើ​យោងតាម​ប្រភពពី​ក្រសួងមហាផ្ទៃ។ ពួកគេ​នឹងត្រូវ​អាជ្ញាធរ​លើកលែងទោស​ និង​ប្រែក្លាយ​ទៅជា​សាក្សី​ដើម្បី​ដាក់បន្ទុក​លើ​មេខ្លោង។ មេខ្លោង​ដែល​អាជ្ញាធរ​សង្ស័​យ​ថា​ជា​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ។

ដំណើរ​ការផ្តល់​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​នៅពេលនេះ​គឺជា​ជំហាន​មួយ​ក្នុងការ ​ឈានទៅ​កាត់បន្ថយ​បញ្ហាដីធ្លី​នៅ​កម្ពុជា ប៉ុន្តែ គេ​មិនដឹងថា ការវាស់វែង​ដីធ្លី​របស់​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដឹកនាំ​ដោយ​កូនប្រុស​ លោកនាយក​រដ្ឋមន្ត្រី​នៅពេលនេះ​អាច​បញ្ចប់​បញ្ហាដីធ្លី​ដ៏​ស្មុគស្មាញ​បានដែរ ​ឬ​យ៉ាងណា​នោះទេ៕