សេដាក ៖ ការអភិរក្សកង្កែបក្នុងវាលស្រែនាំឲ្យកសិករទទួលបានផលស្រូវច្រើន
ទំព័រខាងមុខ » ពត៌មានខ្មែរ, សេដ្ឋកិច្ចនយោបាយទស្សនាវដ្តីសារព័ត៌មានសេរី

សត្វកង្កែប មានតួនាទីសំខាន់ណាស់ក្នុងការការពារកុំឲ្យដំណាំស្រូវទទួលរង ការបំផ្លាញពីសត្វល្អិត ជាពិសេសនៅ ដំណាក់កាលដំបូងនៃការធ្វើស្រែគឺដំណាក់កាលសំណាប និងពេលស្រូវទើបបែកគុម្ពដំបូង។ តែកន្លងមកកសិករយើងភាគ ច្រើនមិនសូវបានយកចិត្តទុកដាក់ក្នុងការអភិរក្សសត្វកង្កែប ដើម្បីឲ្យវាជួយការពារដំណាំស្រូវទេ។ នៅពេលដើមរដូវ គេគិតតែ នាំគ្នាចាប់កង្កែបធ្វើជាចំណីអាហារនិងលក់ទៅវិញ។ ការធ្វើរបៀបនេះប្រៀបដូចជាការទប់ស្កាត់មិនឲ្យកង្កែប មានឱកាស បង្កកំណើតឲ្យបានច្រើន ដើម្បីជួយការពារដំណាំស្រូវនិងផ្តល់ផលច្រើននៅពេលក្រោយ។ លើសពីនេះទៀត កសិករយើង ក៏បានធ្វើការប្រើប្រាស់សារធាតុគីមីដូចជា ជីគីមីនិងថ្នាំពុលគីមី ដែលនាំឲ្យកង្កែបពុលងាប់ជាពិសេសដោយសារស្បែកកង្កែប ងាយទទួលរងការបំផ្លាញពីសារធាតុគីមីណាស់។
ដើម្បីឲ្យកសិករទទួលផលស្រូវច្រើននិងមិនចាំបាច់ចំណាយច្រើនលើ សារធាតុគីមីនិងបានផលកង្កែបច្រើន សេដាក សូមអំពាវនាវឲ្យកសិករងាកមកគិតគូអភិរក្ស និងចិញ្ចឹមកង្កែបតាមវាលស្រែឲ្យបានគ្រប់គ្នា ដោយអនុវត្តតាមគំនិតសំខាន់ៗ ដូចខាងក្រោម៖
១. សូមនាំគ្នាឈប់ចាប់កង្កែបនៅពេលដើមរដូវ។ បើយើងចង់ចាប់អាចចាប់បានពីពាក់កណ្តាលរដូវទៅ ជាពិសេស នៅពេលស្រូវបែកគុម្ពបានច្រើន។ (កង្កែបវាអាចជួយការពារដំណាំស្រូវពីការបំផ្លាញបាន។ កង្កែបមួយវាអាចស៊ីសត្វល្អិត បានក្នុងបរិមាណស្មើនឹងទម្ងន់ខ្លួនរបស់វា)។
២. កុំប្រើជីគីមីនិងថ្នាំពុលលើស្រូវនិងស្រែឲ្យសោះ។
៣. ប្រើជីធម្មជាតិឲ្យបានច្រើនលើដីស្រែជាពិសេសប្រើកំទេចចំបើង អង្កាម និងស្លឹកឈើ ដើម្បីគ្របដីចន្លោះគុម្ពស្រូវ ព្រោះវាផ្តល់ជាជំរកនិងចំណីបន្ថែមដល់កង្កែប។
៤. រៀបចំឲ្យមានកូនចង្អូរ ថ្លុក ឬប្រឡាយ ស្រះក្នុងស្រែ ដើម្បីផ្តល់ជាជំរកដល់កង្កែប។
៥. ផ្តល់ចំណីបន្ថែមដល់កង្កែបដូចជាកន្ទក់ ចុងអង្ករ និងកាកសំណល់ផ្ទះបាយ។ល។
៦. សហការជាមួយអ្នកជិតខាងដើម្បីការពារកុំឲ្យមានការចូលមកចាប់កង្កែបក្នុងវាលស្រែ។
បណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាកមានប្រសាសន៍ថា “ការអនុវត្តន៍នូវគំនិតខាងលើបានជោគជ័យ មិនត្រឹមតែធ្វើឲ្យកសិករទទួលបានផលស្រូវច្រើនទេ គេអាចប្រមូលផលកង្កែបសំរាប់បរិភោគនិងលក់បានថែមទៀតផង នៅចុងរដូវ ឬក្រោយពេលច្រូតកាត់” ។
លោកបណ្ឌិតបន្តថា ដើម្បីទទួលបានផលកង្កែបពីស្រែគេត្រូវយកសំណាញ់ព័ទ្ធ លើដីស្រែនៅពេលចុងរដូវ ដើម្បីការពារកុំឲ្យកង្កែបរត់ចេញពីស្រែបាត់ក្រោយពេលច្រូតកាត់។
កសិករគួរចាប់ផ្តើមសាកល្បងអនុវត្តតាមគំនិតខាងលើនៅលើផ្ទៃដីដែល អាចធ្វើបាន (ឧទាហរណ៍ ៥ ទៅ ១០ អារ) ដើម្បីទទួលបាននូវលទ្ធផលនិងបទពិសោធន៍ជាក់លាក់។
សេដាក សូមធ្វើការអំពាវនាវឲ្យកសិករនិងអ្នកពាក់ព័ន្ធគ្រប់រូប ចូលរួមយ៉ាងសកម្មក្នុងការអភិរក្សសត្វកង្កែបក្នុងវាល ស្រែដើម្បីផលប្រយោជន៍វែងឆ្ងាយរបស់យើងទាំងអស់គ្នា៕
No comments:
Post a Comment