អ្នកបុរីកីឡាព្រមានធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីស្វែងរកដំណោះស្រាយដីធ្លី
ទំព័រខាងមុខ » ពត៌មានខ្មែរ, សេដ្ឋកិច្ចនយោបាយ2012-07-05
វិទ្យុអាស៊ីសេរី
ក្រុមអ្នកភូមិបុរីកីឡាព្រមានធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅសប្ដាហ៍ខាងមុខទៀត ដើម្បីជំរុញឲ្យសាលារាជធានីភ្នំពេញ និងរដ្ឋាភិបាលពន្លឿនស្វែងរកដំណោះស្រាយលំនៅឋានឲ្យបានឆាប់។

អ្នកស្រី
ឆាយ គឹមហ៊ន តំណាងពលរដ្ឋបុរីកីឡាផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត
ក្រោយពីជំនួបជាមួយ លោក ទីវ គឹមពិសិដ្ឋ នាសាលារាជធានីភ្នំពេញ
កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២។
RFA/Morm Moniroth
RFA/Morm Moniroth
ការព្រមានធ្វើបាតុកម្មរបស់អ្នកភូមិបុរីកីឡា នៅថ្ងៃទី៤ ខែកក្កដា ធ្វើឡើងបន្ទាប់ពីមន្ត្រីសាលារាជធានីភ្នំពេញបដិសេធជាថ្មីទៀត នូវសំណើរបស់ពួកគេ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២។ នៅក្នុងសំណើរបស់សហគមន៍បុរីកីឡាចំនួន ១១៧គ្រួសារ ដែលនៅសេសសល់នេះ គឺជាការឆ្លើយតបរបស់សាលារាជធានីភ្នំពេញ ដែលទាមទារឲ្យពលរដ្ឋបង្ហាញភស្តុតាងរឹង និងឯកសារផ្លូវច្បាប់ មុននឹងបន្តដោះស្រាយតាមសំណើរបស់ពួកគេ។
ក្រោយពីជំនួបពេញមួយព្រឹកនៅថ្ងៃពុធ រវាងតំណាងសហគមន៍បុរីកីឡាចំនួន ១០នាក់ ជាមួយនឹងលោក ទីវ គឹមពិសិដ្ឋ អគ្គនាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ អ្នកស្រី ឆាយ គឹមហ៊ន ដែលអះអាងថា ជាតំណាងរបស់សហគមន៍បុរីកីឡា មានប្រសាសន៍ថា សាលារាជធានីភ្នំពេញពុំមានសមត្ថភាពណាមួយ ក្នុងការស្វែងរកដំណោះស្រាយទេ ពោលគឺគ្រាន់តែជាស្ពានចម្លងទៅរដ្ឋាភិបាលប៉ុណ្ណោះ។
បើយ៉ាងនេះក្តី អ្នកស្រីគំរាមថា ក្រុមអ្នកភូមិបុរីកីឡានឹងធ្វើបាតុកម្មក្នុងទ្រង់ទ្រាយធំ នៅសប្ដាហ៍ក្រោយនេះ បើរដ្ឋាភិបាលនៅតែមិនដោះស្រាយនោះទេ។
អ្នកស្រី ឆាយ គឹមហ៊ន៖ «ខ្ញុំមកសួរចម្លើយពីសាលារាជធានីភ្នំពេញ ទៀត តែបើសិនអត់បានផលប្រយោជន៍អីទេ នាងខ្ញុំនឹងចាប់ផ្ដើមធ្វើកូដកម្មឲ្យធំ។ ពួកខ្ញុំលែងមានអារម្មណ៍ជឿជាក់លើពួកគាត់ទៀតហើយ ព្រោះគាត់ឲ្យពួកខ្ញុំជឿជាក់លើគាត់វាច្រើនមកហើយ ហើយអ្វីដែលគាត់បោកបញ្ឆោតពួកខ្ញុំ គឺរឹតតែធ្វើឲ្យពួកខ្ញុំកាន់តែរឹងមាំខ្លាំងទៅៗ។ ព្រោះពេលនេះ ពួកខ្ញុំមិនអាចរង់ចាំការដែលពួកគាត់ពន្យារពេលទៀតទេបង។ ខ្ញុំត្រូវតែប្រឹងប្រែងដើម្បីផ្ទះរបស់ពួកខ្ញុំទាំងអស់គ្នា ព្រោះពួកខ្ញុំរស់នៅរាល់ថ្ងៃនេះ ឈឺចាប់ណាស់។ ការប្រមាថមើលងាយរបស់គេក៏មាន គេបោះសំរាមលើក្បាលក៏មាន ហើយដល់ពេលអញ្ចឹង ពួកខ្ញុំនឹងប្រឹងប្រែង ព្រោះការដែលពួកគាត់បោកប្រាស់ពួកខ្ញុំម្តងថាថ្ងៃនេះ ម្តងថាថ្ងៃនោះ ម្តងថាទៅស្នងការគេនឹងដោះស្រាយ ម្តងទៅសាលាខណ្ឌគេនឹងដោះស្រាយ ម្តងអើទៅស្នងការទៀតទៅ បិទរូបថតរូបអីទៀតគេនឹងដោះស្រាយ តែតាមពិត គឺអត់មានប្រយោជន៍អីទាំងអស់»។
ការប្រមូលផ្តុំគ្នាជាថ្មីទៀត នៅខាងមុខសាលារាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកក្កដា របស់អ្នកភូមិបុរីកីឡាប្រមាណ ៣០នាក់។ ពួកគេបញ្ជាក់ជំហរថា នៅតែបន្តការតវ៉ាបន្តទៀត រហូតដល់មានដំណោះស្រាយ ដើម្បីលំនៅឋានសមរម្យដូចអ្នកឯទៀតៗ។
នៅក្នុងជម្លោះដីធ្លីរវាងក្រុមហ៊ុន ផានអ៊ីម៉ិច និងពលរដ្ឋសហគមន៍បុរីកីឡានេះ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១២។ យ៉ាងហោចណាស់ មានអ្នកភូមិបុរីកីឡាដែលមិនព្រមចាកចេញ ៣០នាក់ ក្នុងចំណោម ១១៧គ្រួសារ ត្រូវបានអាជ្ញាធរនៃសាលារាជធានីភ្នំពេញ ចាប់ឃុំខ្លួននៅមណ្ឌលកែប្រែព្រៃស្ពឺ។ ការចាប់ខ្លួននេះ ដោយសារអាជ្ញាធរចាត់ទុកថា ការតវ៉ារបស់ពលរដ្ឋបុរីកីឡា គឺប្រឆាំងទៅនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាល និងក្រុមហ៊ុន ផានអ៊ីម៉ីច របស់អ្នកស្រី ស៊ុយ សុផាន៕
No comments:
Post a Comment