មន្ត្រីអង្គការសង្គមស៊ីវិល៖ គណៈកម្មការគ្រប់គ្រងដីរដ្ឋ ជួបការលំបាកច្រើន
ទំព័រខាងមុខ » ពត៌មានខ្មែរ, សេដ្ឋកិច្ចនយោបាយ2012-07-02
វិទ្យុអាស៊ីសេរី
គណៈកម្មការគ្រប់គ្រងដីរដ្ឋបានឲ្យដឹងថា ក្រុមការងារកំពុងដំណើរការចុះធ្វើវាស់វែងដី និងធ្វើជំរឿនគ្រួសារប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន ៦ ក្នុងខេត្តបាត់ដំបង។
ដីនៅតាមស្រុកទាំងនេះ មានចំនួន ៧ ទីតាំងស្មើនឹងទំហំជាង ៤ ម៉ឺនហិកតារ។ រហូតមកដល់ពេលនេះ គេនៅមិនទាន់រកឃើញចំនួនគ្រួសារប្រជាពលរដ្ឋពិតប្រាកដ ដែលកំពុងកាន់កាប់នៅលើដីធ្លីនោះជាក់ស្ដែងទេ។ មន្ត្រីអង្គការសង្គមស៊ីវិលមើលឃើញថា ក្រុមការងាររបស់គណៈកម្មការគ្រប់គ្រងដីរដ្ឋ នឹងជួបការលំបាកច្រើន ដែលត្រូវដោះស្រាយ។
ការធ្វើប្រទានកម្មដី ឬហៅថា ការផ្ដល់កម្មសិទ្ធិដីធ្លីទៅឲ្យប្រជាពលរដ្ឋ ដែលជាអ្នករស់នៅ និងកាន់កាប់លើដីជាក់ស្ដែង តាមបទបញ្ជារបស់រដ្ឋាភិបាល បានចាប់ផ្ដើមហើយ។ ប៉ុន្តែ នៅពុំទាន់មានលទ្ធផលជាដុំកំភួននៅឡើយទេ។
គណៈកម្មការគ្រប់គ្រងដីរដ្ឋ ខេត្តបាត់ដំបង នៅពុំទាន់រកឃើញចំនួនគ្រួសារប្រជាពលរដ្ឋជាក់ស្ដែងថា មានប៉ុន្មានគ្រួសារទេ ដែលកំពុងកាន់កាប់ដីធ្លី នៅក្នុងស្រុកជាគោលដៅទាំង ៦ ក្នុងខេត្តបាត់ដំបង។
ក្រុមការងារនេះ កំពុងដំណើរការចុះធ្វើវាស់វែងដី និងធ្វើជំរឿនគ្រួសារប្រជាពលរដ្ឋ នៅក្នុងស្រុក ចំនួន ៦។ ក្នុងនោះ មាននៅស្រុកគាស់ក្រឡ ស្រុកសំឡូត ស្រុកបាណន់ ស្រុកបវេល ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន។
លោក ងួន រតនៈ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង មានប្រសាសន៍ថា ដីនៅតាមស្រុកទាំងនេះ មានចំនួន ៧ ទីតាំង ស្មើនឹងជាង ៤ ម៉ឺនហិកតារ។
លោក ងួន រតនៈ បញ្ជាក់៖ «យើងបានបញ្ជូនកម្លាំងវាស់វែង ទៅដល់គោលដៅអស់ហើយ ជាមួយនិស្សិតស្ម័គ្រចិត្ត ដាក់តាមទីតាំង។ កំពុងផ្សព្វផ្សាយពីគោលដៅ ផែនការជូនប្រជាពលរដ្ឋហ្នឹង ហើយព្រឹកមិញ ជាមួយឯកឧត្ដមអភិបាលខេត្ត យើងប្រកាសតំបន់វិនិច្ឆ័យ សម្រាប់បីចំណុច ឆ្នាល់មាន់ និងអក្សរតេ (T)។ ទាំងពីរ យើងប្រកូកប្រកាសអ្នកដែលមានដីនៅតំបន់ហ្នឹង ដែលត្រូវវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិជូនឲ្យគាត់ចូលរួមដឹង ហើយផែនការបន្តថ្ងៃ ៤ យើងធ្វើនៅ ព្រៃព្រាល នៅភ្នំព្រឹក នៅសំពៅលូន ទៀត»។
លោក ជន ប៊ុន ចាន់ អភិបាលរងស្រុកបវេលមានប្រសាសន៍ថា ក្រុមការងារថ្នាក់ស្រុក មានភូមិបាលស្រុក និងមន្ទីរពាក់ព័ន្ធកំពុងប្រឹងប្រែងលើការងារនេះ។ ក្រោយពីធ្វើការវិនិច្ឆ័យថា ជាដីរបស់រដ្ឋ បន្ទាប់មកកាត់មកជាដីឯកជនរបស់រដ្ឋ និងបន្តធ្វើអនុបយោគ មកជាដីសម្បទានសង្គមកិច្ច ដោយបានបម្លែងទៅជាដីសម្បទានសេដ្ឋកិច្ចនោះ មានទំហំ ១.៣០០ ហិកតារ សម្រាប់ចែកជូនប្រជាពលរដ្ឋបង្កបង្កើនផល។ ទីតាំងដីនេះ ស្ថិតនៅចំណុចព្រៃព្រាលស្ថិតក្នុងឃុំឃ្លាំងមាសស្រុកបវេលខេត្ត បាត់ដំបង។
លោកបញ្ជាក់ថា ឃុំឃ្លាំងមាស ជាឃុំដែលរាជរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតថ្មី។ ឃុំនេះ មានប្រជាពលរដ្ឋមកពីបណ្ដាខេត្តផ្សេងៗ ចូលទៅរស់នៅជាអចិន្ត្រៃយ៍ និងខ្លះទៀត មិនអចិន្ត្រៃយ៍ទេ។
លោក ជន ប៊ុន ចាន់៖ «អ៊ីចឹងទេ ក្រុមការងារខ្ញុំចុះទៅ ទី១ ធ្វើអត្តសញ្ញាណ ប្រជាពលរដ្ឋ។ ទីពីរ ធ្វើអត្តសញ្ញាណដីហើយ ដូចជា តំបន់ព្រៃព្រាលនេះ យើងបានធ្វើអត្តសញ្ញាណប្រជាពលរដ្ឋម្ដងរួចហើយ ឯកសារអីមានរូប ថត មានជាង ៥០០ គ្រួសារ»។
ទោះជាយ៉ាងនេះក្ដី លោក ងួន រតនៈ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង បានបញ្ជាក់ថា ក្រុមការងារទើបចាប់ផ្ដើមយុទ្ធនាការ។ នៅពុំបានដឹងពីចំនួនគ្រួសារប្រជាពលរដ្ឋជាក់លាក់នោះទេ។
លោក ងួន រតនៈ បញ្ជាក់បន្ថែម៖ «អ៊ីចឹងគ្រួសារ យើងសម្រង់អត់ទាន់បានទេ។ ធ្វើបណ្ដើរបានស្រង់ចេញ។ បាទ! បានយូរដែរ ទាក់ទងក្បាលដីធំតូច ខែនេះ ខែភ្លៀង ជួនកាលអាចធ្វើបានមួយព្រឹក។ ប៉ុន្តែ បច្ចុប្បន្នអត់ភ្លៀងទេ។ ប៉ុន្តែអាចភ្លៀងហើយ យើងកំពុងជំរឿនរឿងហ្នឹង ទើបបានពីរថ្ងៃទេ។ ប៉ុន្តែ ភាគច្រើនប្រជាពលរដ្ឋគាត់នៅហ្នឹងរបស់គាត់»។
ប្រធានសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េង លី កត់សម្គាល់ឃើញថា មានប្រជាពលរដ្ឋចំនួនបីឃុំ ដែលក្នុងនោះមាន នៅឃុំបារាំងធ្លាក់ ឃុំអូររំដួល និងឃុំចក្រី ស្រុកភ្នំព្រឹកកំពុងជួបប្រទះបញ្ហាដីធ្លី។
នៅតំបន់នោះ មានភាពងាយស្រួលសម្រាប់ក្រុមការងារចុះវាស់វែង ដោយសារប្រជាជនពួកគាត់ចូលទៅកាន់កាប់ដី ដែលទាក់ទងដីបរិស្ថាន និងដីគម្របព្រៃឈើ។ កន្លងមកនេះ អាជ្ញាធរមិនបានទទួលស្គាល់មិនបានដេញ និងមិនបានប្ដឹងផ្ដល់គ្នា។ ក៏ប៉ុន្តែ នៅមានតំបន់មួយចំនួនទៀត ក្រុមការងារគ្រប់គ្រងដីរដ្ឋ និងប្រឈមបញ្ហាច្រើន។
លោកបានលើកជាឧទាហរណ៍ថា ដីនៅចំណុចអណ្ដូងកន្ទួត មានប្រជាពលរដ្ឋ ៤០០ ទៅ ៥០០ គ្រួសារ។ ប៉ុន្តែ ពួកគាត់បែកខ្ញែកអស់ ដោយសារតែមានការភ័យខ្លាច និងដីកាចាប់ខ្លួនរបស់តុលាការ រួមទាំងការគំរាមកំហែង ធ្វើឲ្យអ្នកភូមិ រត់គេចខ្លួនអស់។ ប៉ុន្តែ នៅពេលពួកគាត់ចូលទៅកាន់កាប់ដីនោះវិញ បញ្ហានេះធ្វើឲ្យមានភាពច្របូកច្របល់ ដែលអាចធ្វើឲ្យក្រុមការងារ ប្រឈមការលំបាកច្រើន៕
No comments:
Post a Comment